(ភ្នំពេញ)៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានផ្ញើសារលិខិតចូលរួមរំលែកទុក្ខ ជូនឯកឧត្តម ឌួង អេលីត ប្រធានពិធីការសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចំពោះមរណភាពមហាឧបាសិកា ឌួង គីមលីន ត្រូវជាម្ដាយបង្កើតឯកឧត្តម ឌួង អេលីត។

តាមរយៈសាររំលែកមរណទុក្ខ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានថ្លែងយ៉ាងដូច្នេះថា៖ «ក្នុងនាមកាកបាទក្រហមកម្ពុជា និងក្នុងនាមខ្ញុំផ្ទាល់ ខ្ញុំសូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំជាទីបំផុត ប្រកបដោយក្តីអាឡោះអាល័យ ចំពោះមរណភាព មហាឧបាសិកា ឌួង គីមលីន ត្រូវជាមាតាបង្កើត ឯកឧត្តម កាលពីថ្ងៃសៅរ៍ ៣កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស.២៤៦៦ ត្រូវនឹងថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២វេលាម៉ោង ១៣៖៥៩នាទី ក្នុងជន្មាយុ ៨២ឆ្នាំ ដោយជរាពាធ»

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ហ៊ុន រ៉ានី ហ៊ុនសែន បានចាត់ទុក្ខ មរណភាពមហាឧបាសិកា ឌួង គីមលីន គឺជាការបាត់បង់មាតា ជីដូន ជីដូនទួត ប្រកបដោយព្រហ្មវិហារធម៌ ដែលក្នុងមួយជីវិត របស់មហាឧបាសិកា តែងតែប្រកាន់ខ្ជាប់នូវសីលធម៌ ចរិយាធម៌ និងគុណធម៌ល្អប្រពៃតស៊ូប្រឹងប្រែងចិញ្ចឹមបីបាច់ថែរក្សា អប់រំ ផ្ដល់ដំបូន្មានល្អៗដល់កូន ចៅ និងក្រុមគ្រួសារ រហូតក្លាយជាបញ្ញវន្តជាឥស្សរជនជាន់ខ្ពស់ ដែលជាធនធានមនុស្សដ៏មានតម្លៃសម្រាប់សង្គមជាតិ។ លើសពីនេះទៅទៀត មហាឧបាសិកា តែងតែបានរួមចំណែកកសាងសមិទ្ធផលយ៉ាងច្រើនក្នុងវិស័យព្រះពុទ្ធសាសនានៅកម្ពុជា។

«ខ្ញុំ សូមឧទ្ទិសបួងសួងសុំដួងវិញ្ញាណក្ខន្ធ មហាឧបាសិកា ឌួង គីមលីន បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។ សូម ឯកឧត្តម និងលោកជំទាវ ព្រមទាំង ក្រុមគ្រួសារ ទទួលនូវការចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំនេះ ដោយក្តីស្រឡាញ់រាប់អានអំពីខ្ញុំ»៕