(ពោធិ៍សាត់)៖ ប្រជាពលរដ្ឋរាប់រយគ្រួសាររស់នៅឃុំចំនួន៦ របស់ស្រុកបាកាន ខេត្តពោធិ៍សាត់ បានស្វែងរកអន្តរាគមន៍ទៅអភិបាលខេត្តពោធិ៍សាត់ និងមន្រ្តីពាក់ព័ន្ធ នៅក្នុងខេត្តក្រោយពីពួកគេ ជាច្រើនរយគ្រួសារ បាននិងកំពុងខ្វះខាតទឹកប្រើប្រាស់ ទាំងការហូបចុក ប្រើប្រាស់ប្រចាំថ្ងៃ ព្រមទាំងការស្រោចស្រពផ្ទៃដី​ដាំដុះរាប់ពាន់ហិកតាផងដែរ ដោយសារតែក្រុមហ៊ុនធ្វើផ្លូវ បានបិទទ្វារទំនប់ដំណាក់អំពិល។

លោក សេង ម៉ាប់ តំណាងប្រជាពលរដ្ឋនៅរស់តំបន់នោះ បានប្រាប់អង្គភាព Fresh News នៅព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៦នេះថា ក្រោយក្រុមហ៊ុនចិនធ្វើផ្លូវជាតិមួយខ្សែ បានបិទទ្វារទឹកទំនប់ដំណាក់អំពិលរយៈពេល២ទៅ៣ខែមកនេះ បានធ្វើឲ្យពួកគាត់ជាច្រើនគ្រួសារ ជួបគ្រោះអត់ទឹកប្រើប្រាស់ប្រចាំថ្ងៃ និងសម្រាប់ស្រោចស្រពលើផ្ទៃដីដាំដុះផងដែរ។

តំណាងប្រជាពលរដ្ឋរូបនេះ បានបញ្ជាក់ទៀតថា ពួកគាត់កំពុងជួបគ្រោះមួយនេះ យ៉ាងខ្លាំងពីព្រោះ កន្លងទៅ គឺអាស្រ័យលើការប្រើប្រាស់ទឹក ពីទំនប់ដំណាក់អំពិល តែក្រោយក្រុមហ៊ុនចិនបិទទ្វារទឹក ដើម្បីធ្វើផ្លូវនោះស្រាប់តែ មានការខ្វះខាតតែម្តង ដូច្នេះ មានតែអភិបាលខេត្តពោធិ៍សាត់ លោក ម៉ៅ ធនិន និងមន្ទីរធនធានទឹកទេ ដែលអាចជួយពួកគាត់បាន។

បើតាមប្រជាពលរដ្ឋខាងលើ ដោយសារតែមានបញ្ហានេះកើតឡើងនោះ រដ្ឋាករផ្គត់ផ្គង់ទឹកនៅតំបន់នោះ ក៏នឹងជួបការអត់ទឹក សម្រាប់ធ្វើការចែកចាយផងដែរ៕