(ត្បូងឃ្មុំ)៖ លោកបណ្ឌិត ប៉ា ម៉េងហុក ទីប្រឹក្សាសម្ដេចអគ្គពញាចក្រក្រី ហេង សំរិន ប្រធានរដ្ឋសភា និងជាប្រធានក្រុមការងារចុះជួយឃុំវាលម្លូរ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានអញ្ជើញជួបសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ មាតា បិតា និងសិស្សានុសិស្ស ដែលត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ក្នុងឆ្នាំសិក្សា២០២២នេះ នៅឃុំវាលម្លូរ ស្រុកពញាក្រែក។

ក្នុងឱកាសជួបសំណេះសំណាលនេះក៏មានអញ្ជើញចូលរួមពីក្រុមការងារចុះជួយឃុំ លោកគ្រូ អ្នកគ្រូ មាតា បិតាសិស្ស និងសិស្សានុសិស្សយ៉ាងច្រើនកុះករ។

លោកបណ្ឌិត ប៉ា ម៉េងហុក បានផ្ដាំផ្ញើដល់សិស្សានុសិស្សទាំងអស់ត្រូវយកចិត្តទុកដាក់ខិតខំសិក្សារៀនសូត្រ ដើម្បីត្រៀមលក្ខណៈក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៥-០៦ ខែធ្នូ ឆ្នាំ២០២២ ខាងមុខនេះ ឲ្យទទួលបានលទ្ធផលជោគជ័យទាំងអស់គ្នា។

លោកបណ្ឌិត ប៉ា ម៉េងហុក បានបញ្ជាក់ថា អ្វីដែលសំខាន់បំផុត គឺសិស្សានុសិស្សត្រូវតែខិតខំបន្ថែមទៀត ដើម្បីក្រេបយកចំណេះដឹងពីលោកគ្រូ អ្នកគ្រូ មានចម្ងល់ត្រូវសាកសួរ ត្រូវសិក្សាស្រាវជ្រាវ ជំរុញការរៀនសូត្រឱ្យបានច្រើន ព្រោះជាឆ្នាំត្រូប្រឡង។

ជាមួយគ្នានោះ លោកបណ្ឌិត ប៉ា ម៉េងហុក បានបង្ហាញការជឿជាក់ថា លោកគ្រូ អ្នកគ្រូ ដែលជាឪពុកម្តាយទី២ ពិតជាខិតខំបង្ហាត់បង្ហាញសិស្សានុសិស្សនូវចំណេះដឹងទាំងអស់ ដើម្បីឱ្យប្អូនៗទទួលបានលទ្ធផលល្អ ជាកិត្តិយសរបស់លោកគ្រូ អ្នកគ្រូ សាលារៀន គ្រួសារនៅឃុំវាលម្លូររបស់យើងផងដែរ។ នៅប៉ុន្មានថ្ងៃខាងមុខនេះ ការប្រឡងនឹងមកដល់ហើយក្មួយៗ និងបញ្ចប់ការសិក្សា នៅមធ្យមសិក្សាទុតិយភូមិ ក្មួយៗជាមនុស្សពេញវ័យហើយ ជីវិតរស់នៅការសិក្សាការងាវានឹងខុសគ្នាដូចនេះក្មួយៗត្រូវខិតខំរៀនសូត្រនូវថ្នាក់ឧត្តមបន្ត ដើម្បីមានចំណេះដឹង និងជំនាញឆ្លើយតបទៅនឹងទីផ្សាការងារនាសម័យសកលភាវូនីយ៍កម្ម ទីផ្សាការងារនៅកម្ពុជាក្នុងតំបន់ និងសកលលោក ដែលកំពុងមានការរីកចម្រើនយ៉ាងលឿន ហើយក្មួយៗត្រូវខិតខំកសាងខ្លួនឯងឱ្យបានល្អឱ្យសមជាប្រជាពលរដ្ឋល្អ សិស្សល្អ មិត្តល្អ បន្តទៀតនាពេលអនាគត់។

លោកបណ្ឌិត ប៉ា ម៉េងហុក បានថ្លែងថា ក្មួយៗជំនាន់នេះ មានសំណាងណាស់ដែលមានឱកាសអង្គុយរៀន ក្រោមម្លប់សន្តិភាព គ្រូបង្រៀនល្អៗ មានបន្ទប់រៀន មានសាលារៀនល្អៗ មានសៀវភៅសិក្សារៀនសូត្រសមរម្យ មានប្រព័ន្ធអីនធឺរណែត សម្រាប់សិក្សាស្រាវជ្រាវ និងមានអ្នកអ្នកជួយគាំទ្រសព្វបែបយ៉ាងដូចនេះក្មួយៗ ត្រូវក្តាប់ឱកាសឱ្យជាប់ហើយប្រែក្លាយសម្រាប់ខ្លួនឯង និងសង្គមជាតិ។

ប្រធានក្រុមការងារក៏បានឧបត្ថម្ភជាថវិកាជូនដល់សិស្សានុសិស្សថ្នាក់ទី១២ ដែលត្រៀមប្រឡងបាក់ឌុបរស់នៅក្នុងឃុំវាលម្លូរ ក្នុងម្នាក់ៗទទួលបានប៊ិច បន្ទាត់ និងថវិកាចំនួន៥ម៉ឺនរៀល និងសិស្សដែលជួបការលំបាកចំនួន២គ្រួសារទៀត ក្នុងមួយគ្រួសារៗទទួលបានថវិកា ៨០០,០០០រៀលផងដែរ៕