(កំពង់ឆ្នាំង)៖ ប្រជាពលរដ្ឋរស់នៅស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង បានសំណូមពរដល់ថ្នាក់ដឹកនាំពិសេសមន្ត្រីពាក់ព័ន្ធ សុំមេត្តាបន្តជួយថែរក្សាការពារព្រៃឈើរបស់រដ្ឋក្នុងតំបន់បរិស្ថាន ប្រើប្រាស់ច្រើនយ៉ាងភ្នំនាងកង្រី និងភ្នំទូកមាស ឱ្យបានគង់វង់ដោយសារតែព្រៃឈើក្នុងតំបន់នេះ ស្ថិតនៅជើងភ្នំនាងកង្រី ជាភ្នំប្រវត្តិសាស្ត្រ បានបន្សល់ទុកពីសម័យដូនតាមកបច្ចុប្បន្នដី និងព្រៃឈើជើងភ្នំនាងកង្រីមួយចំនួន ត្រូវបានក្លាយជាកម្មសិទ្ធិរបស់បុគ្គលអស់ខ្លះទៅហើយ។ ហេតុនេះដីព្រៃតំបន់នេះនៅសេសសល់បន្តិចបន្តួចប៉ុណោះ សូមជួយថែរក្សាឱ្យបានគង់វង្សទុកជាកេរ្តិ៍ដំណែលដែលបានបន្សល់ពីដូនតាផង។

ជុំវិញករណីនេះដែរ គណៈបញ្ជាការឯកភាពស្រុកកំពង់លែង កាលពីពេលថ្មីៗនេះ បានកោះប្រជុំគណៈបញ្ជាការឯក ភាព ព្រមទាំងបានអញ្ជើញប្រជាពលរដ្ឋចំនួន២០នាក់ ចូលរួមប្រជុំផ្សព្វផ្សាយស្ដីពីច្បាប់ព្រៃឈើ ដើម្បីទប់ស្កាត់និងរួមគ្នាថែរក្សាព្រៃ ឈើរបស់រដ្ឋដោយសារតែក្នុងរយៈពេលថ្មីៗនេះ មានប្រជាពលរដ្ឋមួយចំនួនបាននាំគ្នាចូលទៅកាប់ទន្ទ្រានព្រៃឈើរបស់រដ្ឋក្នុងដែនគ្រប់គ្រងតំបន់ប្រើប្រាស់ច្រើនយ៉ាងភ្នំនាងកង្រី និងភ្នំទូកមាសដីព្រៃមួយចំនួនទៀតជាដែនគ្រប់គ្រងដោយរដ្ឋបាលព្រៃឈើ។

លោក យូ សុគម នាយកគ្រប់គ្រងដែនបរិស្ថាន តំបន់ប្រើប្រាស់ច្រើនយ៉ាងភ្នំនាងកង្រី និងភ្នំទូកមាស បានបញ្ជាក់ប្រាប់ភ្នាក់ងារព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២ ឱ្យដឹងថា រយៈពេលថ្មីៗនេះ មានប្រជាពលរដ្ឋជាច្រើនគ្រួសារបាននាំគ្នាចូលទៅកាប់ឆ្ការដីព្រៃក្នុងដែនបរិស្ថានតំបន់ប្រើប្រាស់ច្រើនយ៉ាងភ្នំនាងកង្រី និងភ្នំទូកមាស ស្ថិតនៅចំណុចខាងលិចភ្នំត្រុម ក្នុងភូមិត្រងិល ឃុំត្រងិល ស្រុកកំពង់លែង ជាប់ព្រំប្រទល់ឃុំពោធិ៍ អស់ប្រមាណជា ៥ហិកតា ក្នុងនោះជាដីគ្រប់គ្រងដោយបរិស្ថានខ្លះ និងដីព្រៃខ្លះស្ថិតនៅក្រៅដែនគ្រប់គ្រងដោយបរិស្ថាន ដែលពួកគាត់បាននាំគ្នាកាប់ទន្ទ្រានដោយដៃដើម្បីកយកធ្វើជាកម្មសិទ្ធិ។

លោកបានបន្តថា នៅពេលដែលកម្លាំងរបស់លោកបានចូលទៅហាមឃាត់ ពួកគាត់មួយចំនួនហាក់ដូចជាមិនស្ដាប់ការណែនាំរបស់មន្ត្រីជំនាញសោះឡើយ ដោយមិនឃើញហេតុការណ៍ដូចនេះ លោកក៏បានរាយការណ៍ទៅលោកប្រធានមន្ទីរបរិស្ថានខេត្តកំពង់ឆ្នាំង ដើម្បីសុំគោលការណ៍ និងសុំការសហការជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីបើកអង្គប្រជុំ ដោយមានការអញ្ជើញចូលរួមពីប្រជាពលរដ្ឋដែលពាក់ព័ន្ធផងដែរ ដើម្បីធ្វើការអប់រំណែនាំ និងផ្សព្វផ្សាយអំពីវិធានការច្បាប់ផ្សេងៗដល់ពួកគាត់ឱ្យបានយល់ដើម្បីកុំ+jyពួកគាត់ចូលទៅធ្វើសកម្មភាពកាប់បំផ្លាញដីព្រៃរបស់រដ្ឋជាបន្តទៀត។និងដោយមានការឯកភាពពីលោកអភិបាលស្រុកក៏បានកោះប្រជុំគណៈបញ្ជាការឯកភាពស្រុក កាលពីព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២ ម្សិលមិញនេះផងដែរ។

លោក ពារ គឹមហេង នាយខណ្ឌរដ្ឋបាលព្រៃឈើកំពង់ឆ្នាំង ក៏បានបញ្ជាក់ប្រាប់ភ្នាក់ងារព័ត៌មាន Fresh News តាមទូរស័ព្ទនៅព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២ ឱ្យដឹងដែរថា ករណីដីព្រៃនៅចំណុចខាងលើនេះ កន្លងមកគឺដីក្នុងដែនគ្រប់គ្រងរបស់រដ្ឋបាលព្រៃឈើ តែក្រោយមកបានប្រគល់ទៅឱ្យក្រសួងបរិស្ថានគ្រប់គ្រងវិញតាមអនុ ក្រឹត្យលេខ២០០ ដែលមានផ្ទៃដីសរុបទំហំ ៥,០៦០ហិកតា តាំងពីឆ្នាំ២០១៧មកម៉្លេះ។ កាលណោះបើទោះជាបានប្រគល់ទៅឱ្យបរិស្ថានគ្រប់គ្រងវិញក៏ដោយ ក៏កន្លងមកខាងរដ្ឋបាលព្រៃឈើ និងបរិស្ថានបានរួមគ្នាថែរក្សារហូតមកដល់ឆ្នាំ២០២០ ទើបរដ្ឋបាលព្រៃឈើប្រគល់ទៅឱ្យបរិស្ថានគ្រប់គ្រងផ្តាច់ តែវាក៏អាចនៅមានជាប់ក្នុងដែនរបស់រដ្ឋបាលព្រៃឈើបន្តិចបន្តួចនៅជាយៗដែនរបស់បរិស្ថាន។

ដោយឡែកថ្មីៗនេះ លោកបានទទួលព័ត៌មានថា មានប្រជាពលរដ្ឋបាននាំគ្នាចូលទៅកាប់ទន្ទ្រានដីព្រៃនៅតំបន់នោះ ដែលគឺជាដីព្រៃគ្រប់គ្រងដោយបរិស្ថានខ្លះ និងក្នុងដែនគ្រប់គ្រងដោយរដ្ឋបាលព្រៃឈើខ្លះ។ ករណីនេះលោកនឹងចាត់មន្ត្រីជំនាញឱ្យទៅពិនិត្យទីតាំងខាងលើនេះជាក់ស្តែង តើដីដែលពលរដ្ឋបានចូលកាប់ទន្ទ្រាននោះវាចូលក្នុងដីដែនរបស់សហគមន៍ដែលគ្រប់គ្រងដោយរដ្ឋបាលព្រៃ ឈើមែនដែរ ឬទេ ហើយតើចូលទំហំប៉ុន្មាន ពិសេសលោកក៏ចង់ដឹងថាតើ ដីដែលសល់ពីប្រគល់ជូនក្រសួងបរិស្ថាននៅសល់ទំហំប៉ុណ្ណាទៀត នៅចំណុចណាជាដីក្នុងដែនគ្រប់គ្រងរបស់រដ្ឋបាលព្រៃឈើ។

ជុំវិញករណីខាងលើនេះ លោក យ៉ែម លក្ខិណា អភិបាលស្រុកកំពង់លែង និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក ក៏បានបញ្ជាក់ប្រាប់ភ្នាក់ងារព័ត៌មាន Fresh News តាមទូរស័ព្ទនៅព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២ ថា កាលពីព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២ លោកបានដឹកនាំគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក និងមានការអញ្ជើញចូលរួមពីប្រជាពលរដ្ឋ ដើម្បីប្រជុំធ្វើការអប់រំ ណែនាំ និងផ្សព្វផ្សាយអំពីផ្លូវច្បាប់ពាក់ព័ន្ធ និងការដែលពួកគាត់នាំគ្នាចូលទៅកាប់ទន្ទ្រានដីព្រៃរបស់រដ្ឋនៅចំណុចព្រំប្រទល់ឃុំត្រងិល និងឃុំពោធិ៍ ក្នុងស្រុកកំពង់លែង យកមកធ្វើជាកម្មសិទ្ធិដោយខុសច្បាប់រួចហើយ។ បន្ទាប់ពីធ្វើការអប់រំណែនាំ និងផ្សព្វផ្សាយពួកគាត់អំពីផ្លូវច្បាប់មួយចំនួនពួកគាត់ក៏បានយល់ដឹង និងបានធ្វើកិច្ចសន្យាដោយបញ្ឈប់ការចូលទៅកាប់ទន្ទ្រានដីព្រៃរបស់រដ្ឋនៅតំបន់ខាងលើនេះជាបន្តទៀត។

លោកអភិបាលស្រុកបានបញ្ជាក់ថា តាមពិតដីនៅចំណុចខាងលើនេះអាជ្ញាធរខេត្ត បាននិងកំពុងតែធ្វើសំណើរ ស្នើសុំទៅរាជរដ្ឋាភិបាលដើម្បីសុំការកាត់ឆ្វៀលជូនប្រជាពលរដ្ឋហើយ។ តែសំណើនោះមិនទាន់មានការអនុញ្ញាតពីរាជរដ្ឋា ភិបាលនៅឡើយនោះទេ ហេតុនេះលោកស្នើសុំឱ្យប្រជាពលរដ្ឋកុំទាន់ប៉ះពាល់ និងធ្វើអ្វីដែលខុសច្បាប់ឱ្យសោះដោយរង់ចាំមានការសម្រេចពីរាជរដ្ឋាភិបាលសិន។ ករណីនៅតែប្រព្រឹត្តក្នុងនាមលោកជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក និងចាត់វិធានការចំពោះផ្លូវច្បាប់ដោយមិនមានការលើកលែងឡើយ។

សម្រាប់ប្រជាពលរដ្ឋភាគច្រើនរស់នៅស្រុកកំពង់លែង បានបញ្ជាក់ទៀតថា នៅក្នុងទឹកដីនៃស្រុកកំពង់លែងនេះកន្លងមកសម្បូរដីព្រៃគ្រប់គ្រងដោយសហគមន៍មានពណ៌បៃតងស្រស់បំព្រង ដែលគួរជាទីគយគន់ តែបច្ចុប្បន្នត្រូវបានគេកាប់ និងយកគ្រឿងចក្រឈូសឆាយជាបន្តបន្ទាប់ ហើយត្រូវបានអាជ្ញាធរខ្លះអះអាងថា ការឈូសឆាយទៅបានដោយសារគេមានច្បាប់ទម្លាប់ត្រឹមត្រូវអស់ហើយ៕