(កំពង់ឆ្នាំង)៖ ក្រុមការងារក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត រួមជាមួយអាជ្ញាធរខេត្តកំពង់ឆ្នាំ បានចុះពិនិត្យផ្ទៃដីដំណាំស្រូវស្តារឡើង បន្ទាប់ពីរងការខូចខាតដោយសារទឹកជំនន់​ នៅស្រុកចំនួន៥ ដោយប្រើប្រាស់ពូជស្រូវដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចំនួន២,៦១០ហិកតា ស្នើនឹង១០០% នៃផ្ទៃដីខូចខាតសរុប។

ក្រុមការងារក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដឹកនាំដោយលោក ឱម គឹមស៊ា រដ្ឋលេខាធិការ និងមានការចូលរួមផ្ទាល់ពីលោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត រួមទាំងអាជ្ញាធរមូលដ្ឋាន កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២។

ដំណាំស្រូវ​ដែលត្រូវស្តារឡើងវិញនុរួមមាន៖ ស្រុកបរិបូណ៌ បានអនុវត្តការស្តារឡើងវិញ បានចំនួន ៣៨៩ហិកតា, ស្រុកជលគីរី បានចំនួន៧,៨៧ហិកតា ស្រុកកំពង់លែង បានចំនួន ៧០៩ហិកតា, ស្រុកកំពង់ត្រឡាច បានចំនួន ២៣៦ហិកតា និងស្រុករលាប្អៀរ បានចំនួន ៤៨៩ហិកតា ហើយចំពោះស្ថានភាពដំណាំស្រូវមានការដុះលូតលាស់ល្អ គ្មានការបំផ្លាញពីសត្វល្អិត និងជំងឺឡើយ។

ក្នុងនោះដែរ ប្រជាកសិករ ដែលទទួលរងនូវផលប៉ះពាល់ខូចខាតដំណាំស្រូវ និងផលដំណាំកសិកម្មផ្សេងៗ ពីទឹកជំនន់ទន្លេកន្លងទៅនេះ បានថ្លែងអំណរគុណដល់ក្រុមការងារ និងថ្នាក់ដឹកនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងមន្ទីរកសិកម្មខេត្ត ជាសេនាធិការរបស់ក្រសួង ដែលបានអញ្ជើញមកពិនិត្យ និងស្រង់ស្ថិតិផលដំណាំស្រូវរបស់ប្រជាពលរដ្ឋ ដែលរងការខូចខាតដោយទឹកជំនន់ទន្លេ និងបានផ្ដល់ពូជស្រូវ ពូជដំណាំកសិកម្មផ្សេងៗ ដើម្បីបង្កបង្កើនផលស្ដារឡើងវិញបានទាន់ពេលវេលា។

ប្រជាកសិករក៏បានថ្លែងអំណរគុណដល់សម្ដេចតេជោ ហ៊ុន សែន ដែលសម្ដេចបានយកចិត្តទុកដាក់គិតគូដល់ប្រជាកសិករជួបការលំបាករងផលប៉ះពាល់ដោយទឹកជំនន់បណ្ដាលឱ្យខូចខាតដំណាំស្រូវ និងដំណាំកសិកម្មផ្សេងៗ ដោយសម្ដេចបានចំណាយនូវពេលវេលាដ៏មានតម្លៃរបស់សម្ដេច បានចុះសួរសុខទុក្ខ និងចែកពូជស្រូវដល់ប្រជាកសិករដោយផ្ទាល់នៅតាមបណ្ដាខេត្តជាច្រើន ក្នុងប្រទេសកម្ពុជា ដែលជាការផ្ដល់កម្លាំងចិត្ត និងលើកទឹកចិត្តដល់ប្រជាកសិករផងដែរ៕