(សៀមរាប)៖ អង្គការទំពាំងស្នងឫស្សី សហការជាមួយ អាជ្ញាធរខេត្តសៀមរាប នាថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២ ម្សិលមិញ បានបើកយុទ្ធនាការប្រមូលសំរាមប្លាស្ទិករដូវទឹកស្រកបឹងទន្លេសាប នៅតំបន់ចុងឃ្នៀស ស្ថិតក្នុងសង្កាត់ចុងឃ្នៀស ក្រុងសៀមរាប ខេត្តសៀមរាប។

លោក ស៊ា សុផល ប្រធានអង្គការមូលនិធីទំពាំងស្នងឫស្សី មានលើកឡើងថា បន្ទាប់ពីយុទ្ធនាការនៅថ្ងៃទី២៣ វិច្ឆិកាហើយនោះ អង្គការមូលនិធិទំពាំងស្នងឫស្សី និងអង្គការដៃគូឈ្មោះថា Ocean Recovery Alliance នឹងចាប់ផ្តើមគាំទ្រសហគមន៍សង្កាត់ចុងឃ្នៀស ឱ្យអនុវត្តន៍កម្មវិធីគ្រប់គ្រងកាកសំណល់ និងប្រមូលយកប្លាស្ទិក (Waste Management and Harvest Plastice Program)។

យុទ្ធនាការនេះ ធ្វើឡើងនៅតាមផ្ទះបណ្ដែតទឹកជិត៧០០គ្រួសារ ដោយប្រើទូក និងឧបករណ៍ដូសសំរាម។ សកម្មភាពនេះ​បែងចែកជាពីរក្រុម ដោយមួយក្រុម​សម្រាប់ស្រង់សំរាមចេញពីទឹក និងមួយក្រុមទៀតជាយុវជន​ស្ម័គ្រចិត្តចុះអប់រំតាម​ខ្នងផ្ទះ​ឱ្យពួកគាត់ដូរទម្លាប់ថ្មីឈប់បោះចោលសំរាមទៅក្នុងទឹក ដោយប្រកាសអនុវត្តន៍សាកល្បង​គម្រោង​ប្រមូលយកសំរាម និងការគ្រប់គ្រងកាកសំណល់បរិស្ថាន ដោយមានកម្មវិធីប្រចាំឆ្នាំនៅទីនោះផងដែរ។ យុទ្ធនាការនេះមានរយៈពេល៣ឆ្នាំ។ ក្រៅពីសហគមន៍ចុងឃ្នៀស អង្គការខាងលើក៏ជំរុញលើកទឹកចិត្តសហគមន៍បឹងទន្លេសាប ដទៃទៀតធ្វើការសម្អាតសំរាមប្លាស្ទិកប្រចាំឆ្នាំតាមសហគមន៍រៀងៗខ្លួនផងដែរ។

លោក ស៊ា សុផល បានបន្តថា ជារៀងរាល់ឆ្នាំអង្គការមូលនិធិទំពាំងស្នងឫស្សី តែងសហការជាមួយមន្ទីរបរិស្ថានខេត្តសៀមរាប​ចុះសម្អាតអនាម័យបរិស្ថាននៅតាមបណ្តាក្រុង ស្រុកជាប់បឹងទន្លេសាប ដើម្បីរៀបចំព្រឹត្តិការណ៍ ទិវាអនាម័យបរិស្ថានជាតិ ២៣ វិច្ឆិកា ក្រោមប្រធានបទស្របតាមសេចក្តីណែនាំរបស់​ក្រសួងបរិស្ថាន ដើម្បីបំផុសចលនាលើកកម្ពស់អនាម័យបរិស្ថាន គ្រប់គ្រងកិច្ចគាំពារបរិស្ថាន ការអភិរក្សជីវៈចម្រុះ ការប្រើប្រាស់ធនធានធម្មជាតិឱ្យបានសមស្រប និងមាននិរន្តរភាព និងការរស់នៅប្រកបដោយចីរភាព សម្រាប់ជាឧត្តមប្រយោជន៍យូរអង្វែងរបស់ប្រជាជនគ្រប់រូបគ្រប់ជំនាន់។

យុទ្ធនាការនេះដែរ ដើម្បីឱ្យស្របនឹងទិវាអនាម័យបរិស្ថានជាតិ នឹងប្រារព្វឡើងនាថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ ក្រោមប្រធានបទ «មាតុភូមិយើង កាតព្វកិច្ចយើង ស្អាត និងបៃតង»។ គោលបំណងសំខាន់នៃប្រធានបទនេះ គឺចង់បង្ហាញនូវសារៈសំខាន់នៃការចូលរួមពីយើងទាំងអស់គ្នា ដើម្បីខេត្តសៀមរាបយើងស្អាត និងបៃតង។ ការប្រារព្វទិវានេះនឹងក្លាយជាចរន្ត ចលករដែលជំរុញឱ្យមាន​ការផ្តើម​ធ្វើសកម្មភាព​មេត្រីបរិស្ថានចេញពីបុគ្គលម្នាក់ៗ ក្នុងការចេះទទួលខុសត្រូវ លើការទុកដាក់សំណល់ដោយ​មិនបោះពាសវាលពាសកាលនៅតាមទីសាធារណៈ ជាហេតុធ្វើឱ្យប៉ះពាល់ដល់​សោភ័ណភាពទីក្រុងបេតិកភណ្ឌវប្បធម៌របស់យើង។

ទន្ទឹមនឹងនេះដែរ លោក ពិន ប្រាកដ អភិបាលរងខេត្តសៀមរាប លើកឡើងថា បឹងទន្លេសាបមានទំហំធំល្វឹងល្វើយ មានសារៈសំខាន់ខ្លាំងណាស់សម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃរបស់មនុស្ស សត្វ និងជីវៈចម្រុះនានា។

លោកបន្តថាខេត្តសៀមរាប ក្រៅពីការចូលមកទស្សនាកម្សាន្តប្រាសាទអង្គរវត្ត និងប្រាសាទបុរាណជាច្រើនហើយនោះ ភ្ញៀវទេសចរមិនភ្លេចឡើយ ចូលមកទស្សនាបឹងទន្លេសាបដែលទីតាំងដ៏ទាក់ទាញមួយ។

លោក ពិន ប្រាកដ ក៏បានរំលឹកដែរថា ដើម្បីទាក់ទាញភ្ញៀវទេសចរមកកម្សាន្ត មិនចេះដាច់នោះទេ សូមប្រជាសហគមន៍ត្រូវរួមគ្នា ថែរក្សាអនាម័យបរិស្ថាន ទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ជាពិសេសសំរាមប្លាស្ទិក ដើម្បីរក្សាសហគមន៍មួយនេះឱ្យស្រស់ស្អាត គ្មានការបំពុលដោយប្លាស្ទិក នោះជីវភាពប្រជាសហគមន៍នឹងកាន់តែល្អប្រសើ និងទទួលបានចំណូលពីវិស័យទេសចរទៀតផង៕