(ភ្នំពេញ)៖ នៅព្រឹកថ្ងៃអាទិត្យ ទី២៧ ខែវិច្ឆិកា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បន្តបង្ហាញឈុតសម្តែងថ្មីមួយទៀត ក្នុងភាពយន្តកូនប្រុសក្រោមពន្លឺឺព្រះចន្ទពេញបូណ៌មី។ ឃ្លីបទី៩ ដែលសម្តេចតេជោ បានបង្ហាញនេះ មេបញ្ជាការ «សំរេច» បានចាប់មេមាន់កំពុងក្រាបពងស្ងោជូន មេបញ្ជាការ។

ក្នុងឈុតនេះ បានបង្ហាញពីទិដ្ឋភាពនៃការអង្គុយរៀបផែនការនានាសម្រាប់សមរភូមិសង្គ្រាម រវាងមេបញ្ជាការ «សំរេច» និងបញ្ជាការរបស់ខ្លួន ក៏ដូចជាយុទ្ធមិត្តដទៃទៀត។

ដោយការងារយប់ជ្រៅអស់កម្លាំង លោកមេបញ្ជាការ «ណុង» ក៏ឱ្យកូនទាហាទៅរកទិញមាន់អ្នកស្រុកយកស្ងោធ្វើម្ហូប។ តែយប់ជ្រៅកូនទាហានរកទិញមាន់មិនបាននោះឡើយ។ គាប់ជួនលោកមេបញ្ជាការ «សំរេច» បានឃើញមេមាន់របស់លោកមេបញ្ជាការ «ណុង» កំពុងក្រាបពង ក៏សម្រេចចិត្តចាប់មេមាន់នោះស្ងោតែម្តងទៅ។

មេបញ្ជាការ «ណុង» ពេលឃើញកូនទាហានកំពុងបោចមាន់កើតការសង្ស័យថាមេមាន់របស់ខ្លួន ក៏ដើរទៅមើល និងបានដឹងការពិត។ បើទោះបីមេបញ្ជាការ «សំរេច» យកមេមាន់កំពុងក្រាបពងរបស់ខ្លួនមកធ្វើម្ហូប មេបញ្ជាការ «ណុង» មិនបានខឹងសម្បានោះទេ ហើយក៏យកពងមកស្ងោបង្ហើយទាំងមេ និងពងទាំងម្តង។

សូមបញ្ជាក់ថា ឈុតសម្តែងនៅក្នុងភាពយន្តកូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី ចំនួន៩ឃ្លីបហើយត្រូវបានសម្តេចតេជោ បង្ហាញជាសាធារណៈ។ ឈុតសម្តែងដែលសម្តេចតេជោទម្លាយ ទទួលបានការចាប់អារម្មណ៍ជាខ្លាំងពីសាធារណជន។

ភាពយន្តភាគរឿងកូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី ជាភាពយន្តទាក់ទិនទៅ​និងដំណើរជីវិតពិត​របស់សម្តេច និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងសម័យសង្គ្រាម លន់ នល់ រដ្ឋប្រហារទម្លាក់សម្តេចព្រះនរោត្តមសីហនុ ព្រះបរមរតនកោដ្ឋ ការរត់ចូលព្រៃម៉ាកគី សម័យកាលនៃរបបប្រល័យពូជសាសន៍ ប៉ុល ពត ការឆ្លងដែនចូលទៅកាន់ប្រទេសវៀតណាម ដើម្បីស្វែងរកកម្លាំងអ្នក​ស្នេហាជាតិ មករំដោះប្រទេសចេញ ពីរបបប៉ុលពត ការជួបជុំភរិយាសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្រោយថ្ងៃរំដោះ៧មករា ឆ្នាំ១៩៧៩។ ជាពិសេសទាក់ទិនទៅ​និងជីវិតពិតរបស់សម្តេចផ្ទាល់ ចាកចេញពីមាតាបិតាបងប្អូនបង្កើតរបស់សម្តេចពីភូមិកំណើត មកស្វែងរកការសិក្សារៀនសូត្រ នៅរាជធានីភ្នំពេញ ការស្នាក់នៅ​អាស្រ័យជាមួយ​ព្រះសង្ឃក្នុងវត្តនាគវ័ន្ត។

ភាពយន្តមានប្រមាណ ៥២ភាគ។ ក្រុមការងារផលិតភាពយន្តនេះ បានជ្រើសរើសតួសំដែងសំខាន់ៗចំនួន ១០៣នាក់ តួប្រជាជនយ៉ាងតិច ៥០០នាក់ ព្រមទាំងកងកម្លាំង ៥០០នាក់ផ្សេងទៀត ដើម្បីចូលរួមសំដែងក្នុងឈុតឆាកធំៗ។ ភាពយន្តនេះគ្រោងប្រើពេលថតប្រមាណ ១២ខែកន្លះយ៉ាងតិច ហើយការកាត់តដំឡើងរូបភាព និងត្រូវបញ្ចប់មុនពាក់កណ្តាលឆ្នាំ២០២៣ខាងមុខ។

សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានបញ្ជាក់ថា ភាពយន្តដែលទាក់ទងទៅនឹងព្រឹត្តិការណ៍ប្រវត្តិសាស្ត្រជាតិនេះ គ្រោងចំណាយថវិកាសម្រាប់ផលិតប្រមាណជា ៦លានដុល្លារអាមេរិក។ បច្ចុប្បន្នថតបានប្រមាណជា ៣០ភាគរយហើយ។ ថវិកាដែលចំណាយថតភាពយន្តនេះ មិនមែនជាថវិកាជាតិនោះឡើយ៕