(ពោធិ៍សាត់)៖ លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត បានប្រកាសពីយន្តការដឹកនាំរដ្ឋបាលខេត្ត លោកនឹងបន្តខិតខំប្រឹងប្រែង សំដៅធ្វើយ៉ាងណាឲ្យខេត្តពោធិ៍សាត់ប្រែមុខ ប្រែមាត់ជាបណ្តើរៗ ហើយក៏មិនទុកឲ្យជនល្មើស ឡើងគីឡូនោះដែរ ជាពិសេសសកម្មជនដីធ្លី នៅស្រុកវាលវែង ស្រុកភ្នំក្រវាញ ត្រូវតែបង្ក្រាបទប់ស្កាត់ និងអនុវត្តទៅតាមវិធានការច្បាប់ឲ្យបានម៉ឹងម៉ាត់ ដើម្បីថែរក្សាការពារធនធានធម្មជាតិទាំងនោះ ឲ្យនៅគង់វង្ស សម្រាប់មនុស្សជំនាន់ក្រោយៗ។

ការលើកឡើងរបស់លោក ខូយ រីដា ធ្វើឡើងក្នុងឱកាសដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពខេត្ត ប្រចាំខែវិច្ឆិកា និងលើកទិសដៅប្រចាំខែធ្នូ ឆ្នាំ២០២២ នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២ ដោយមានការចូលរួមពីលោក លោកស្រីអភិបាលរងខេត្ត តំណាងអយ្យការអមសាលាដំបូងខេត្ត នាយក នាយករងរដ្ឋបាលសាលាខេត្ត ប្រធាន អនុប្រធានមន្ទីរនានាជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ និងអង្គភាពដែលមានការពាក់ព័ន្ធមួយចំនួនទៀត។

ក្នុងកិច្ចប្រជុំនោះ លោកឧត្តមសេនីយ៍ត្រី ហៀង ស៊ីថា ស្នងការរងនគរបាលខេត្ត បានលើកឡើងអំពីការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក បញ្ហាគ្រឿងញៀន ការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព និងសភាពការណ៍សន្តិសុខតាមបន្ទាត់ព្រំដែន កម្ពុជា-ថៃ។ ក្នុងនោះក៏មានការលើកឡើងពីលោកអភិបាលស្រុក និងលោកអភិបាលរងខេត្ត ពាក់ព័ន្ធការងារបង្កបង្កើនផល ការប្រមូលផលស្រូវ និងបញ្ហាសំណង់រឹង ដែលសាងសង់យ៉ាងអណាធិបតេយ្យ ជាហេតុធ្វើឲ្យបាត់សណ្តាប់ធ្នាប់ និងសោភណ្ឌភាពនៅក្នុងទីប្រជុំជន ក្រុង-ស្រុក។

លោក ខូយ រីដា បានអះអាងថា ដើម្បីឲ្យស្របទៅតាមយន្តការដឹកនាំ និងបម្រើប្រជាពលរដ្ឋនោះ លោកបន្តការខិតខំប្រឹងប្រែង ដោយសហការជាមួយគ្រប់ភាគីពាក់ព័ន្ធ ធ្វើការអភិវឌ្ឍន៍ខេត្តពោធិ៍សាត់ ឲ្យកាន់តែប្រែមុខ ប្រែមាត់ជាបណ្តើរៗ ហើយក្នុងនោះក៏មិនទុកឲ្យជនល្មើសប្រែមុខមាត់ ឬឡើងគីឡូនោះដែរ។ ជនល្មើសត្រូវតែត្រៀមខ្លួនឲ្យហើយទៅ ជាពិសេសសកម្មជនដីធ្លី នៅស្រុកវាលវែង ស្រុកភ្នំក្រវាញ។

លោកបានសង្កត់ធ្ងន់ថា រដ្ឋបាលខេត្តត្រូវប្រើប្រាស់កម្លាំងសរុប វិធានការសរុប និងមធ្យោបាយសរុប ទៅតាមផ្លូវច្បាប់ ក្នុងការបង្ការបង្ក្រាបទប់ស្កាត់ នូវរាល់បទល្មើសគ្រប់ប្រភេទ សំដៅថែរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់ និងធនធានធម្មជាតិឲ្យបានគង់វង្ស សម្រាប់មនុស្សជំនាន់ក្រោយៗ។

លោកអភិបាលខេត្ត បានលើកឡើងទៀតថា គោលដៅចម្បង និងមានសារៈសំខាន់ចំពោះមុខនោះ ក្នុងនាមរដ្ឋបាលខេត្ត កែលំអរសោភណ្ឌភាពនៅក្នុងទីប្រជុំជនក្រុង ដែលជាបេះដូងខេត្ត ដូចជារៀបចំដាក់ឧបករណ៍ ហាត់ប្រាណនៅលើកោះសំពៅមាស សួនច្បារ ដាក់ភ្លើងបំភ្លឺនៅតាមដងផ្លូវ និងទីសាធារណៈបានស្អាតល្អ។ គ្រប់មន្ទីរ អង្គភាព លំនៅដ្ឋាន និងតាមដងផ្លូវមិនឲ្យមានសំរាម បើមានត្រូវវិចខ្ចប់ និងដឹកជញ្ជូនឲ្យបានទាន់ពេលវេលា។ ចំពោះសំណង់អណាធិបតេយ្យនៅតាមដងស្ទឹង សូមឲ្យរដ្ឋបាលស្រុក ក្រុង ជាអ្នកអនុវត្ត។

លោក ខូយ រីដា ក៏បានផ្តល់នូវអនុសាសន៍មួយចំនួន សម្រាប់យកទៅអនុវត្តនោះ គឺមិនឲ្យមានបទល្មើសដូចជាចោរកម្ម គ្រឿងញៀន ល្បែងស៊ីសង ក្មេងទំនើង បន្តអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព គោរពច្បាប់ចរាចរណ៍ ចូលរួមថែរក្សាហេដ្ឋារចនាស័ម្ពន្ធ និងសមិទ្ធផលនានានៅក្នុងមូលដ្ឋាន ពង្រឹងការផ្តល់អត្រានុកូលដ្ឋាន អត្តសញ្ញាណប័ណ្ណ ពិនិត្យ និងចុះឈ្មោះបោះឆ្នោត សម្របសម្រួលដោះស្រាយក្រៅប្រព័ន្ធតុលាការ ជំរុញការចាក់វ៉ាក់សាំងបង្កាជំងឺកូវីដ១៩ជាដើម៕