(ភ្នំពេញ)៖ លោក ឌួង អេលីត ប្រធានពិធីការសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងក្រុមគ្រួសារ កំពុងមានទុក្ខយ៉ាងក្រៀមក្រំ ដោយសារមហាឧបាសិកា ឌួង គីមលីន ដែលជាម្តាយបង្កើត បានទទួលមរណភាពនៅវេលាម៉ោង ១៣៖៥៩នាទីថ្ងៃសៅរ៍ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ក្នុងជន្មាយុ ៨២ឆ្នាំដោយជរាពាធ។

មរណភាពមហាឧបាសិកា ឌួង គីមលីន គឺជាការបាត់បង់ម្តាយបង្កើត ម្តាយក្មេក និងជីដូនមួយរូប ដែលប្រកបដោយព្រហ្មវិហារធម៌យ៉ាងជ្រាលជ្រៅចំពោះកូនៗ និងចៅៗ។ ពេញមួយជន្មាយុមហាឧបាសិកា ឌួង គីមលីន បានប្រឹងប្រែងអស់កម្លាំងកាយចិត្ត ក្នុងការចិញ្ចឹមបីបាច់ ទំនុកបម្រុងកូនៗ ឱ្យទទួលបានការសិក្សារៀនសូត្រខ្ពង់ខ្ពស់ ក្លាយជាធនធានដ៏ល្អនៅក្នុងសង្គម។

បច្ចុប្បន្នសពមហាឧបាសិកា ឌួង គីមលីន ត្រូវបានតម្កល់រៀបចំពិធីបុណ្យទក្ខិណានុប្បទានឧទ្ទិសកុសលផលបុណ្យ ជូនវិញ្ញាណក្ខន្ធសពនៅផ្ទះតាមផ្លូវជាតិលេខ៦២ កំពង់ធំ _ព្រៈវិហារ ភូមិឥន្ទកុមារ ឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

ដំណឹងមរណភាពនេះ ជាការជូនព័ត៌មានដល់សាច់ញាតិជិតឆ្ងាយ ក៏ដូចជារាប់អានក្រុមគ្រួសារសព បានជ្រាបជាព័ត៌មាន និងអញ្ជើញចូលរួមបុណ្យសពដោយក្តីអនុគ្រោះ៕