(បន្ទាយមានជ័យ)៖ លោក ឈូ ប៊ុនរឿង ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡងថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២នេះ នៅខេត្តបន្ទាយមានជ័យ មានមណ្ឌលប្រឡងចំនួន៧ និងបេក្ខជនចូលរួមប្រឡង ចំនួន៥,៨០២នាក់។

លោកបានបញ្ជាក់ថា ក្នុងនោះ ទី១៖ មណ្ឌលវិទ្យាល័យសម្តេចឪ, ទី២៖ មណ្ឌលបឋមសិក្សា ហ៊ុន សែន សូភី, ទី៣៖ មណ្ឌលវិទ្យាល័យ ហ៊ុន សែន ខ្លាកូន, ទី៤៖ មណ្ឌលវិទ្យាល័យសិរីសោភ័ណ, ទី៥៖ មណ្ឌលវិទ្យាល័យ ស.ក ព ន អូអំបិល, ទី៦៖ មណ្ឌលសាកលវិទ្យាល័យជាតិមានជ័យ និងទី៧៖ មណ្ឌលសាកលវិទ្យាល័យគ្រប់គ្រង សេដ្ឋកិច្ច UME។

បេក្ខជនចូលរួមប្រឡងសរុបមានចំនួន ៥,៨០២នាក់ ស្រីមានចំនួន២,៧០៩ ក្នុងនោះ បេក្ខជនចំណេះទូទៅ មានចំនួន៤,៧៥៥នាក់ ស្រីមានចំនួន២,៧០៩នាក់, បេក្ខជនស្វៃរិនចំណេះទូទៅ មានចំនួន៧៥៧នាក់ ស្រី៣៩៣នាក់ និងបេក្ខជនបំពេញវិជ្ជា មានចំនួន២៩០នាក់ ស្រីមានចំនួន៧០នាក់។

ប្រធានមន្ទីរអប់រំរូបនេះ បានបញ្ជាក់ថា បេក្ខជនប្រឡងទាំងអស់ត្រូវគោរពតាមគោលការណ៍ប្រឡងបាក់ឌុប ព្រោះឆ្នាំនេះក៏មិនខុសពីឆ្នាំកន្លងទៅដែរ គឺមានវិន័យដ៏តឹងរឹងដើម្បីធានាថា ការប្រឡងនេះមានស្តង់ដារ គុណភាពខ្ពស់ ដូច្នេះបេក្ខជន បេក្ខនារីប្រឡង ត្រូវគោរពម៉ោងពេល វិន័យប្រឡង ហាមយកសំណៅឯកសារ ចម្លើយ ឧបករណ៍ អេឡិចត្រូនិច។ ក្នុងករណីរកឃើញថា បេក្ខជន និងបេក្ខនារី បានប្រព្រឹត្តសកម្មភាពផ្ទុយបទបញ្ញត្តិ និងកម្រិតវិន័យបេក្ខជន និងបេក្ខនារីនោះ ត្រូវបានកំណត់ឲ្យធ្លាក់ជាស្វ័យប្រវត្តិ។

លោកបានបន្ថែមថា នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២ បេក្ខជន បេក្ខនារីទាំងអស់ត្រូវមកពិនិត្យឈ្មោះនៅតាមមណ្ឌលប្រឡងរៀងៗខ្លួន លើកទី១ និងលើកទី២ នៅថ្ងៃទី០៤ ខែធ្នូឆ្នាំ២០២២ បេក្ខជនបេក្ខនារីទាំងអស់ត្រូវមកពិនិត្យឈ្មោះ បន្ទប់ និងលេខ តុ នៅតាមមណ្ឌលឲ្យបានត្រឹមត្រូវ។ ក្នុងនោះបេក្ខជនទាំងអស់ ត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការសុខភាព និងសុវត្ថិភាព សម្រាប់ការប្រឡងបាក់ឌុបនេះ ត្រូវរក្សាគម្លាត សុវត្ថិភាព និងពាក់ម៉ាស់ឲ្យបានត្រឹមត្រូវ ជាប្រចាំនៅក្នុងមណ្ឌលប្រឡងរហូតដល់បញ្ចប់ការប្រឡង។

សូមជម្រាបថា ខេត្តបន្ទាយមានជ័យ ការផ្ញើយានជំនិះរបស់បេក្ខជនប្រឡងទាំងអស់ មិនត្រូវបានគិតថ្លៃនោះទេ៕