(ភ្នំពេញ)៖ បុគ្គលិកក្រុមហ៊ុនឯកជន, មន្ត្រីរាជការមកពីក្រសួងមួយចំនួន, សិស្សានុសិស្ស និងបុគ្គលិកអង្គការមួយចំនួន សរុបប្រមាណជិត៧០០នាក់ នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានរួមគ្នា ធ្វើយុទ្ធនាការ «មួយជំហានគ្មានផ្លាស្ទិក» ( ONESTEPNOPLASTIC) នៅរាជធានីភ្នំពេញ។

ក្នុងយុទ្ធនាការនេះ ដោយរើសបានសំរាមជិត១០តោន ក្នុងនោះ មានសំរាមដែលអាចយកទៅកែច្នៃប្រើប្រាស់បាន និងសំរាមខ្លះទៀត យកទៅចាក់នៅគំនរសំរាម។

យុទ្ធនាការ «មួយជំហានគ្មានផ្លាស្ទិក» នេះ បានធ្វើឡើងអស់រយៈពេលជិតកន្លះឆ្នាំមកហើយ ដោយបានរើសសំរាម នៅតាមបណ្ដាខេត្ត នៃតំបន់ទេសចរណ៍សំខាន់ៗរួមមាន៖ ខេត្តកែប ខេត្តសៀមរាប និងបណ្ដាខេត្តដែលជាគោលដៅទេសចរណ៍ជាច្រើនទៀត។

បើតាមសេចក្ដីប្រកាសព័ត៌មាន យុទ្ធនាការនេះ បានធ្វើឡើងតាំងពីអំឡុងខែកក្កដា ឆ្នាំ២០២២ ដោយក្រុមហ៊ុនភ្នាក់ងារទេសចរណ៍ All Dreams Cambodia និងក្រុមតោះយើង ក្នុងគោលបំណងលុបបំបាត់ការបំពុលប្លាស្ទីកនៅក្នុងប្រទេសកម្ពុជា និងផ្សព្វផ្សាយពីកម្ពុជា ក៏ដូចជាទាក់ទាញភ្ញៀវទេសចរ ទៅកាន់តំបន់ទេសចរណ៍សំខាន់ៗ។

សេចក្ដីប្រកាសព័ត៌មាន បានឲ្យដឹងទៀតថា យុទ្ធនាការនេះ ត្រូវបានធ្វើឡើងក្រោយជំនួបរវាងលោក Jacques Guichandut អ្នកគ្រប់គ្រង នៃក្រុមហ៊ុនAll Dreams Cambodia និងក្រុមការងារតោះយើង ដែលមានកញ្ញា វីរៈ ម៉ូនីកា និងកញ្ញា ថោង ហុងអ៊ីង។

លោក Jacques Guichandut បានឲ្យដឹងថា យុទ្ធនាការ «មួយជំហានគ្មានផ្លាស្ទិក» គឺជាយុទ្ធនាការមួយ ដែលរៀបចំឡើងដើម្បីបរិស្ថានក្នុងប្រទេសកម្ពុជា ជាពិសេសការបំពុលដោយថង់ផ្លាស្ទិក ដែលផ្លាស្ទិកទាំងនោះ អាចយកទៅកែច្នៃយកមកប្រើប្រាស់វិញបាន។

លោក Jacques Guichandut បានបន្ថែមទៀតថា យុទ្ធនាការនេះ បានទទួលការគាំទ្រ និងមានការចូលរួមពីពលរដ្ឋកម្ពុជា ក្នុងនោះមានទាំងបុគ្គលិកឯកជន អង្គការ និងមន្ត្រីរាជការតាមបណ្ដាក្រសួងមួយចំនួនផងដែរ។

បើតាមអ្នករៀបចំយុទ្ធនាការនេះ ត្រឹមតែមួយព្រឹកប៉ុណ្ណោះ អ្នកចូលរួមយុទ្ធនាការរើសសំរាមបានជិត១តោន ក្នុងនោះសំរាមផ្លាស្ទិក ដែលអាចយកទៅកែច្នៃ បានមានចំនួន៣៦៨គីឡូក្រាម និងសំរាមទូទៅ មានប្រមាណ៨៩៥០គីឡូក្រាម ។ សំរាមដែលអាចកែច្នៃបាន ត្រូវបានប្រគល់ជូនក្រុមហ៊ុន ជីបម៉ុង យកទៅកែច្នៃ និងសំរាមទូទៅត្រូវរថយន្តប្រមូលសំរាម មកទទួលយកទៅទុកដាក់ឲ្យបានត្រឹមត្រូវ៕