(ភ្នំពេញ)៖ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ លោក អួង វុទ្ធា កាលពីពេលថ្មីៗនេះ បានចេញដីកាសម្រេចរឹបអូសជាបណ្តោះអាសន្នលើអចលនវត្ថុចំនួន ០២កន្លែង ជាទ្រព្យសម្បត្តិរបស់លោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀន ប​ន្ទាប់ពីមានការអះអាងតាមបណ្តាញសារព័ត៌មានថា លោកនឹងមិនសងតាមការសម្រេចរបស់តុលការ ចំពោះបទបរិហាកេរ្តិ៍ជាសាធារណៈ នោះឡើយ។

ការសម្រេចរឹបអូសជាបណ្តោះអាសន្ននេះ ធ្វើឡើងបន្ទាប់ពីមានពាក្យបណ្តឹងរបស់លោកគី តិច មេធាវីដើមបណ្តឹងរដ្ឋប្បវេណី តំណាងគណបក្សប្រជាជនកម្ពុជា ដែលស្នើឱ្យមានការចេញដីការក្សាការពារលើទ្រព្យសម្បត្តិ លោក សុន ឆ័យ ។

យោងតាមដីកាសម្រេចរឹបអូសជាបណ្តោះអាសន្ន ដែលបណ្តាញព័ត៌មាន Fresh News ទទួលនៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ចៅក្រមសាលាដំបូងបានសម្រេច៣ចំណុចដូចខាងក្រោម៖

១៖ រឹបអូសជាបណ្តោះអាសន្នលើអចលនវត្ថុចំនួន ០២កន្លែង ជាទ្រព្យសម្បត្តិរបស់កូនបំណុលឈ្មោះ សុន ឆ័យ មាន

ក. អចលនវត្ថុ (ថ្មី អគារ) មានលេខក្បាល ១៦០ មានផ្ទៃដីទំហំ ៣៥៩ ម៉ែត្រការ៉េ ស្ថិតនៅភូមិ សង្កាត់ បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដែលមានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុលេខ ១២០៤០៧០៩-០១៦០) ចុះថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១១ ចេញដោយប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី រាជធានីភ្នំពេញ ។

ខ. អចលនវត្ថុ (ដី អគារ) មានលេខក្បាល ៦១១ មានផ្ទៃដីទំហំ ៧៥ ម៉ែត្រការ៉េ ស្ថិតនៅ មណ្ឌល១ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ដែលមានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុលេខ ១៧១០០២១២-០២១១ ចុះថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៦ ចេញដោយប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តសៀមរាប ។

២៖ ដើម្បីទទួលបាននូវការលុបចោលការអនុវត្តការរឹបអូសជាបណ្ដោះអាសន្ន នេះ លោកសុន ឆ័យ ត្រូវដាក់ប្រាក់តម្កល់ទៅតុលាការចំនួន ៣.០០០.០០០.០០០ រៀល (បីពាន់លានរៀល) ជាប្រាក់រំដោះ។

៣៖ រឹបអូសប្រាក់ប្រដាប់ក្តីដែលម្ចាស់បំណុលបានបង់រួច។

ក្នុងដីកានេះ ក៏បានបញ្ជាក់ដែរថា ភាគីដែលមិនសុខចិត្តនឹងដីកាសម្រេចនេះ អាចដាក់ពាក្យសុំតវា (សុំលុបចោលដីកាសម្រេចរក្សាការពារ) តាមបញ្ញត្តិមាត្រា ៥៥០ និងមាត្រា ៥៥៧ នៃក្រមនីតិវិធីរដ្ឋប្បវេណី។

សាលាដំបូងរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២២ បានប្រកាសសាលក្រមលើសំណុំរឿងបរិហារកេរ្តិ៍ជាសាធារណៈទាំង២របស់ លោក សុន ឆ័យ ដែលត្រូវបានប្តឹងដោយ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងគណបក្សប្រជាជនកម្ពុជា។

សំណុំរឿងប្តឹងដោយគ.ជ.ប ចៅក្រមបាន ផ្ដន្ទាទោស លោក សុន ឆ័យ ពិន័យជាប្រាក់ចំនួន៩លានរៀល។ ចំណែកក្នុងសំណុំរឿងប្តឹងដោយ គណបក្សប្រជាជនកម្ពុជា ចៅក្រមបានសម្រេច​ផ្ដន្ទាទោស លោក សុន ឆ័យ ពិន័យជាប្រាក់ចំនួន៨លានរៀល ព្រមទាំងបង្គាប់ឲ្យសងសំណងជម្ងឺចិត្តឲ្យដើមបណ្តឹងរដ្ឋប្បវេណីចំនួន ៣០០០លានរៀលផងដែរ។

ការដាក់ពាក្យបណ្តឹងរបស់គ.ជ.ប និងគណបក្សប្រជាជនកម្ពុជា ធ្វើឡើងបន្ទាប់ពី លោក សុន ឆ័យ បានចោទប្រកាន់ថា ការបោះឆ្នោតបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ កន្លងទៅ មានការទិញ និងលួចបន្លំសន្លឹកឆ្នោត៕