(ភ្នំពេញ)៖ ប្រជាពលរដ្ឋស្ម័គ្រចិត្តរើលំនៅឋានចេញពីតំបន់រមណីយដ្ឋានអង្គរ និងតំបន់គ្រប់គ្រងដោយអាជ្ញាធរជាតិអប្សរានោះ ចាប់ផ្តើមចូលសាងសង់លំនៅឋាន នៅតំបន់អភិវឌ្ឍន៍រុនតាឯកហើយ បន្ទាប់ពីអាជ្ញាធរបានរៀបចំឈូសឆាយព្រៃ និងចាក់ដីតាមដីឡូតិ៍របស់ពួកគាត់រួចរាល់នោះ។

ប្រជាពលរដ្ឋស្ម័គ្រចិត្តរើលំនៅឋានចេញពីតំបន់រមណីយដ្ឋានអង្គរ និងតំបន់គ្រប់គ្រងដោយអាជ្ញាធរជាតិអប្សរា ត្រូវបានរាជរដ្ឋាភិបាលប្រគល់ដីមួយឡូតិ៍ទំហំ ២០ម៉ែត្រ គុណនឹង ៣០ម៉ែត្រ នៅតំបន់អភិវឌ្ឍន៍រុនតាឯក ស្ថិតក្នុងឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប ចម្ងាយជាង ២០គីឡូម៉ែត្រពីក្រុងសៀមរាប។

បន្ទាប់ពីការសម្រុកឈូសឆាយព្រៃ រៀបចំដីលំនៅឋាន និងហេដ្ឋារចនាសម្ព័ន្ធនានា ពីសំណាក់កងវិស្វកម្មសម្តេចតេជោខេត្តសៀមរាប ដឹកនាំដោយនាយឧត្តមសេនីយ៍ ខេង សុមេធ នោះ ដីឡូតិ៍ជាច្រើនទីតាំងត្រូវបានឈូសឆាយ និងចាកដីបំពេញជូនរួចរាល់ហើយ។

ទន្ទឹមនឹងការរៀបចំដីលំនៅឋានរួចរាល់នេះ ក្រុមការងារក៏បានបើកឱ្យប្រជាពលរដ្ឋចូលសង់លំនៅផងដែរ។ ប្រជាពលរដ្ឋជាច្រើនគ្រួសារកំពុងរូតរះសង់លំនៅឋានរបស់ពួកគេនៅតំបន់អភិវឌ្ឍន៍រុនតាឯក។ ផ្ទះត្រូវបានសាងសង់ឡើងទៅតាមលទ្ធភាពនៃគ្រួសារនីមួយៗ។ គ្រួសារខ្លះមានលទ្ធភាពក៏សង់ផ្ទះថ្ម គ្រួសារមិនសូវមានលទ្ធភាពក៏សង់ជាផ្ទះឈើ ជាមួយស័ង្កសីដែលរាជរដ្ឋាភិបាលផ្តល់ជូន។

អ្នកស្រី សូរ ពៅ ប្រជាពលរដ្ឋស្ម័គ្រចិត្តចេញពីរមណីយដ្ឋានអង្គរ បានឱ្យដឹងថា គ្រួសាររបស់អ្នកស្រីចាប់ផ្តើមសង់បង្គន់ និងធ្វើរបងផ្ទះ ហើយនឹងចាប់ផ្តើមរុះរើផ្ទះចេញរមណីយដ្ឋានអង្គរនៅខែធ្នូខាងមុខនេះ។

អ្នកស្រី សូរ ពៅ បានបង្ហាញការកត់សម្គាល់ថា អាជ្ញាធរពាក់ព័ន្ធបានប្រឹងប្រែងរៀបចំដីលំនៅឋាន និងកសាងហេដ្ឋារចនាសម្ព័ន្ធនានាជូនប្រជាពលរដ្ឋ ដើម្បីឱ្យការរស់នៅបានល្អប្រសើរ។ អ្នកស្រី សូរ ពៅ បានគូសបញ្ជាក់ដូច្នេះ «គេធ្វើពិតប្រាកដមែន មិនមែនយកប្រជាពលរដ្ឋមកទុកចោលនោះទេ»

ប្រជាពលរដ្ឋមួយរូបទៀត ដែលកំពុងចូលមកសង់លំនៅឋានក្នុងតំបន់អភិវឌ្ឍន៍រុនតាឯកដែរនោះ ក៏បានបង្ហាញការពេញចិត្តចំពោះការរៀបចំហេដ្ឋារចនាសម្ព័ន្ធនានា ដើម្បីគាំទ្រដល់ការរស់នៅរបស់ប្រជាពលរដ្ឋផងដែរ។

លោកយាយ ខៃ ឃួន បានគូសបញ្ជាក់ថា អាជ្ញាធរបានធ្វើពិតប្រាកដលើការរៀបចំដីលំនៅឋាន និងហេដ្ឋារចនាសម្ព័ន្ធនានា។

ទាំងអ្នកស្រី សូរ ពៅ និងលោកយាយ ខៃ ឃួន សុទ្ធតែបានបង្ហាញការពេញចិត្តក្នុងការមករស់នៅតំបន់រុនតាឯក។ ជាពិសេសមានដីជាកម្មសិទ្ធិរបស់ខ្លួន ហើយអាចធ្វើអ្វីតាមខ្លួនចង់ធ្វើនៅលើដីនោះ មិនដូចនៅរមណីយដ្ឋានអង្គរមិនអាចធ្វើអ្វីបាននោះឡើយ។

«ខ្ញុំសប្បាយ ព្រោះថាមកទីនេះជាកម្មសិទ្ធិរបស់យើង។ យើងស្រឡះមុខស្រឡះមាត់ នៅណុះ [រមណីយដ្ឋានអង្គរ] វាងចង្អៀត ហើយយើងធ្វើអ្វីអត់បានទេ។ យើងចង់ធ្វើអ្វីមួយ គឺអត់បាន។ អប្សរា គេអត់ឱ្យយើងធ្វើព្រោះច្បាប់គេហាមឃាត់»។ នេះជាការបញ្ជាក់របស់លោកយាយ ខៃ ឃួន។

សូមបញ្ជាក់ថា ប្រជាពលរដ្ឋដែលត្រូវរៀបចំមកឱ្យរស់នៅតំបន់អភិវឌ្ឍន៍រុនតាឯកនេះ មានចំនួនជាង ៥ពាន់គ្រួសារ។ សម្តេចតេជោ ហ៊ុន សែន បានណែនាំឱ្យឈូសឆាយព្រៃ រៀបចំដី និងមានកងកម្លាំងជួយដឹកជញ្ជូន នៅពេលរុះរើផ្ទះចេញពីរមណីយដ្ឋានអង្គរថែមទៀត។

បន្ថែមពីលើនោះ សម្តេចតេជោ បានចាត់ចែងរៀបចំសាងសង់ហេដ្ឋានរចនាសម្ព័ន្ធផ្លូវថ្នល់ តបណ្តាញអគ្គិសនី តបណ្តាញទឹកស្អាត ដំឡើងអង់តែនទូរស័ព្ទ សាងសង់ផ្សារ សាលារៀន មណ្ឌលសុខភាព និងវត្តផងដែរ ដើម្បីគាំទ្រដល់ការរស់នៅរបស់ប្រជាពលរដ្ឋនៅតំបន់រុនតាឯកនេះ។

សម្តេចតេជោ ហ៊ុន សែន ក៏បានផ្តល់បណ្ណសមធម៌ក្រីក្រកម្រិត១ និងផ្តល់ប្រាក់អត្រាទីប្រជុំជនរយៈពេល១០ឆ្នាំ ជូនពលរដ្ឋដែលរស់នៅតំបន់នេះផងដែរ។ ការធ្វើបែបនេះ ដើម្បីជួយសម្រាលការលំបាកប្រចាំខែរបស់ពួកគេ៕