(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ​និងជាប្រធានអនុគណៈកម្មការសន្តិសុខ សណ្តាប់ធ្នាប់ និងសង្គ្រោះបឋម បានផ្ញើសារថ្លែងអំណរគុណឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងមន្ត្រីនគរបាលទូទាំងរាជធានីភ្នំពេញ ដែលបានពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម រួមចំណែកធ្វើឱ្យដំណើរការរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០-៤១ និងកិច្ចប្រជុំពាក់ព័ន្ធឆ្នាំ២០២២ ប្រព្រឹត្តទៅប្រកប​ដោយសុវត្ថិភាព និងជោគជ័យ។

តាមរយៈសារថ្លែងអំណរគុណរបស់នាយឧត្តមសេនីយ៍ នេត សាវឿន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានគូសបញ្ជាក់យ៉ាងដូច្នេះថា៖ «ក្នុងនាមអនុគណៈកម្មការសន្តិសុខ សណ្តាប់ធ្នាប់ និងសង្គ្រោះបឋម និងក្នុងនាមអគ្គស្នងការ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ខ្ញុំសូមសម្ដែងនូវសេចក្តីសោមនស្សរីករាយ និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម និងមន្ត្រីនគរបាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលបានបំពេញភារកិច្ចយ៉ាងខ្ជាប់ខ្ជួនក្នុងការពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម រួមចំណែកធ្វើឱ្យដំណើរការរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០-៤១ និងកិច្ចប្រជុំពាក់ព័ន្ធឆ្នាំ២០២២ ប្រព្រឹត្តទៅប្រកប​ដោយសុវត្ថិភាព និងជោគជ័យ»

«កិច្ចខិតខំប្រឹងប្រែងយកចិត្តទុកដាក់ប្រកបដោយស្មារតីទទួលខុសត្រូវរបស់ ឯកឧត្តម និងមន្ត្រីនគរបាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ គឺជាសក្ខីកម្មឆ្លុះបញ្ចាំងឱ្យឃើញអំពីសុឆន្ទៈ និងមនសិការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលធ្វើឱ្យបេសកកម្មជាប្រវត្តិសាស្ត្រប្រកបដោយមោទនភាពជាតិនេះ សម្រេចបានជោគជ័យយ៉ាងត្រចះត្រចង់ ដែលសកម្មភាពដ៏ឧត្តុង្គឧត្តមនេះបានចូលរួមលើកស្ទួយកិត្តិយស និងកិត្យានុភាពជាតិ នៅលើឆាកអន្តរជាតិ»

នាយឧត្តមសេនីយ៍ នេត សាវឿន បានបន្ថែមថា «ក្នុងនាមអនុគណៈកម្មការសន្តិសុខ សណ្តាប់ធ្នាប់ និងសង្គ្រោះបឋម និងក្នុងនាមអគ្គស្នងការ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ខ្ញុំសូមថ្លែងនូវការកោតសរសើរដោយស្មោះ និងសូមជូនពរ ឯកឧត្តម និងមន្ត្រីនគរបាលនៃស្នងការដា្ឋននគរបាលរាជធានីភ្នំពេញ សូមមានសុខភាពល្អបរិបូរណ៍ កម្លាំងពលំមាំមួន សម្រេចបានជោគជ័យគ្រប់បេសកកម្មដែលរាជរដ្ឋាភិបាល និងក្រសួងមហាផ្ទៃប្រគល់ជូន ព្រមទាំងទទួលបាននូវពុទ្ធពរដ៏ប្រពៃថ្លៃថ្លា ៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ»