(ភ្នំពេញ)៖ លោកសាស្ដ្រចារ្យ ឡាំ អេងហួរ អនុប្រធានក្រុមប្រឹក្សាគណៈគ្រូពេទ្យជាតិ ​នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានអំពាវនាវដល់គ្រូពេទ្យទាំងអស់ ទៅចុះបញ្ជីនៅគណៈគ្រូពេទ្យកម្ពុជា ដើម្បីប្រកបវិជ្ជាជីវៈវេជ្ជសាស្ដ្រ នៅក្នុងប្រទេសកម្ពុជា។

ការអំពាវនាវបែបនេះ ធ្វើឡើងក្នុងឱកាសដែល លោកសាស្ដ្រចារ្យ ឡាំ អេងហួរ តំណាងលោកសាស្ដ្រាចារ្យ ធា គ្រុយ ប្រធានក្រុមប្រឹក្សាគណៈគ្រូពេទ្យជាតិ អញ្ជើញចូលរួមក្នុងវេទិកាវេជ្ជសាស្ដ្រឆ្នាំ២០២២ នៅសាកលវិទ្យាល័យ អន្ដរជាតិ នាថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២។

លោកសាស្ដ្រចារ្យ ឡាំ អេងហួរ បានបញ្ជាក់យ៉ាងដូច្នេះថា «ក្នុងនាមគណៈគ្រូពេទ្យជាតិ និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ សូមអញ្ជើញគ្រូពេទ្យទាំងអស់ សូមទៅចុះបញ្ជីនៅគណៈគ្រូពេទ្យកម្ពុជា សម្រាប់បំពេញលក្ខខណ្ឌ ដើម្បីប្រកបវិជ្ជាជីវៈវេជ្ជសាស្ដ្រ នៅក្នុងប្រទេសកម្ពុជា»។

បើតាមអនុប្រធានក្រុមប្រឹក្សាគណៈគ្រូពេទ្យជាតិ បានធ្វើការបញ្ជាក់ផងដែរ ការផ្ដល់សេវាសុខាភិបាល គឺជាការបំពេញតួនាទី ដែលជាករណីកិច្ច ប្រកកដោយវិជ្ជាជីវៈខ្ពស់ ក្រមសីលធម៌ ជាគ្រូពេទ្យជូនដល់អ្នកជំងឺ។

លោកសាស្ដ្រចារ្យ ឡាំ អេងហួរ បានបញ្ជាក់ថា គ្រូពេទ្យទាំងអស់ ដែលមិនទាន់បានចុះបញ្ជីគណៈគ្រូពេទ្យ ហាមដាចខាតមិនឲ្យធ្វើការពិនិត្យ និងព្យាបាលជំងឺឡើយ។ ហើយចំពោះគ្រូពេទ្យ ត្រូវតែមកចុះបញ្ជីគណៈគ្រូពេទ្យ និងបន្ដអាជ្ញាបណ្ណ នៃការអភិវឌ្ឍន៍វិជ្ជាជីវៈវេជ្ជសាស្ដ្រ ទើបអាចធានាបានថា ជាគ្រូពេទ្យពេញលេញ និងមានសមត្ថភាពគ្រប់គ្រាន់។

លោកសាស្ដ្រចារ្យ ឡាំ អេងហួរ បន្ដថា គ្រូពេទ្យពេញលេញ មានន័យថា គ្រូពេទ្យដែលមានវិជ្ជាមាំទាំ ថ្លៃថ្នូវ និងទាន់សម័យកាល ជឿនលឿនសុច្ចរិតភាពត្រឹមត្រូវ មានក្រមសីលធម៌ខ្ពស់ខ្ពស់ ដោយមិនធ្វើអ្វីដែលមិនគួរធ្វើ មិនត្រូវធ្វើ បំពេញការងារម៉ត់ចត់ ម៉ឺងម៉ាត់ ប្រយ័ត្នប្រយែងខ្ពស់ មិនត្រូវប្រហែលជាដាច់ខាត និងប្រកបដោយស្មារតី ទទួលខុសត្រូវខ្ពស់បំផុត។

ជាមួយគ្នានេះ លោកសាស្ដ្រចារ្យ ឡាំ អេងហួរ បានលើកឡើងថា ការប្រកបវិជ្ជាជីវៈសុខាភិបាល នៅក្នុងប្រទេសកម្ពុជា មានចំណុចវិជ្ជមានយ៉ាងច្រើន ទន្ទឹមនឹងនោះ ក៏ពិនិត្យឃើញថា មានចំណុចខ្វះខាត និងខុសឆ្គងមួយចំនួន ដែលតម្រូវឲ្យចាំបាច់ត្រូវតែលើកកម្ពស់ និងកែតម្រូវឲ្យស្របតាមបច្ចេកវិទ្យា ក៏ដូចជាការវិវត្តិរបស់សកលលោកផងដែរ៕