(កណ្តាល)៖ ដោយមើលឃើញពីតួនាទីយ៉ាងសំខាន់របស់ប្រជាការពារនៅតាមបណ្តាលឃុំនៅទូទាំងស្រុកពញាឮ ដែលបានចូលរួមចំណែកយ៉ាងច្រើនលើកកិច្ចរក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ជាមួយអាជ្ញាធរ ក៏ដូចជាមន្ត្រីនគរបាលនោះ, លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកពញាឮ ខេត្តកណ្តាល បានចាត់ឱ្យក្រុមការងារបាននាំយកអង្ករ និងថវិកាចែកជូនដល់ក្រុមប្រជាការពារទាំងនោះដោយក្នុងម្នាក់ៗ ទទួលបានអង្ករ៥០គីឡូក្រាម និងថវិកា ៥០,០០០រៀល។

នៅស្រុកពញាឮ ខេត្តកណ្តាល មានឃុំចំនួន១១ និងមានកម្លាំងប្រជាការពារចំនួន ២,០៩២នាក់ ហើយគិតត្រឹមថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២នេះ អំណោយ និងថវិការបស់លោក លឹម គានហោ ត្រូវបាននាំទៅប្រគល់ជូនដល់ប្រជាការពារបានចំនួន ៥ឃុំ​ហេីយ​ នៅ​សល់​៦​ឃុំ​ទៀត​ ក្រុមការងារនឹងនាំទៅប្រគល់ជូនជាបន្ត​បន្ទាប់​។

ជាក់ស្តែងកាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២ ក្រុមការងារចុះមូលដ្ឋានទទួលបន្ទុកប្រជាការពារស្រុកពញាឮ រួមជាមួយគណៈកម្មាធិការគណបក្សស្រុកពញាឮ ក្រុមការងារគណបក្សចុះមូលដ្ឋានឃុំវិហារហ្លួង និងឃុំកំពង់អុស បានធ្វើការជួបសំណេះសំណាល ជាមួយបងប្អូនប្រជាការពារក្នុងឃុំវិហារហ្លួង មានចំនួន ១១៤នាក់ និងឃុំកំពង់អុស មានចំនួន ១៤០នាក់។

នាឱកាសនេះដែរ ប្រធានក្រុមការងារ បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ឯកឧត្តម លឹម គានហោ ប្រធានក្រុមការងារចុះមូលដ្ឋានស្រុកពញាឮ ជូនចំពោះបងប្អូនប្រជាការពារទាំងអស់ និងបានជម្រាបជូនអំពីតួនាទី និងភារកិច្ចរបស់ប្រជាការពារតាមភូមិ ឃុំ ដើម្បីភូមិ ឃុំយើងមានសុវត្ថិភាព សន្តិសុខ និងបរិស្ថានល្អ ក្នុងមូលដ្ឋាននីមួយៗ។

ទន្ទឹមនឹងនោះដែរ ក្រុមការងារបានផ្តល់នូវអង្ករ និងថវិកា ដែលជាអំណោយដ៏ថ្លៃថ្លារបស់លោកតា ហោ ប្រធានក្រុមការងារចុះមូលដ្ឋានស្រុកពញាឮ ខេត្តកណ្តាល ដោយប្រជាការពារម្នាក់ៗទទួលបានអង្ករ ៥០គីឡូក្រាម និងថវិកាចំនួន ៥០,០០០រៀល៕