(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ បានសព្វព្រះរាជហឫទ័យត្រាស់បង្គាប់ដំឡើងឋានន្តរស័ក្តិ និងថ្នាក់ជូនដល់ព្រះរាជអាជ្ញាចំនួន ១១១រូប។

យោងតាមព្រះរាជក្រឹត្យត្រាស់បង្គាប់ដែល Fresh News ទទួលបាននៅថ្ងៃសៅរ៍ ទី២៦ ខែវិច្ឆិកានេះ បានបង្ហាញថា ព្រះរាជអាជ្ញា ដែលបានដំឡើងឋានន្តរស័ក្តិ និងថ្នាក់នេះមាន៤កម្រិតរួមមាន៖ ព្រះរាជអាជ្ញា ៤០រូប ត្រូវបានដំឡើងថ្នាក់ក្នុងឋានន្តរស័ក្តិឧត្តមព្រះរាជអាជ្ញា, ព្រះរាជអាជ្ញា ១០រូប ត្រូវបានដំឡើងថ្នាក់ពីឋានន្តរស័ក្តិវរៈព្រះរាជអាជ្ញា មកជាឋានន្តរស័ក្តិឧត្តមព្រះរាជអាជ្ញា, ព្រះរាជអាជ្ញា ៥៤រូប ត្រូវបានដំឡើងថ្នាក់ ក្នុងឋានន្តរស័ក្តិវរៈព្រះរាជអាជ្ញា និងព្រះរាជអាជ្ញា ៧រូប ត្រូវបានដំឡើងឋានន្តរស័ក្តិ និងថ្នាក់ ពីឋានន្តរស័ក្តិអនុព្រះរាជអាជ្ញា មកជាឋានន្តរស័ក្តិវរៈព្រះរាជអាជ្ញា៕