(ភ្នំពេញ)៖ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (កយកា-KOICA) រួមជាមួយមន្ទីរពេទ្យព្រះអង្គឌួង និងសមាគមអតីតកម្មសិក្សាការី កម្ពុជា-កូរ៉េ (កាំកា-CAMKAA) បានរៀបចំសកម្មភាពសង្គម នៅសហគមន៍ហ្រ្គីនបឺអែល ក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ។

សកម្មភាពសង្គមដែលធ្វើឡើងនៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២នេះ មានការអញ្ជើញចូលរួមដោយ លោក នោ ហ្យន់ជូន ប្រធានតំណាងទីភ្នាក់ងារ KOICA ប្រចាំកម្ពុជា, លោក អ៉ឹម សួរ ប្រធានសមាគម CAMKAA, លោក នង ម៉ានិត អនុប្រធានមន្ទីរពេទ្យព្រះអង្គឌួង, លោក មូន ក្យុងមីន ប្រធានក្រុមសុខសប្បាយរបស់អ្នកស្ម័គ្រចិត្ត KOICA និង លោក ហ្វាង គ្យូឆុល ប្រធានសហគមន៍ហ្គ្រីន បឺអែល, ក្រុមអ្នកស្ម័គ្រចិត្ត KOICA ចំនួន ២៥នាក់, វេជ្ជបណ្ឌិត និងគិលានុបដ្ឋាកយិកា មកពីមន្ទីរពេទ្យព្រះអង្គឌួងចំនួន ១៦នាក់ សហគមន៍ហ្គ្រីនបឺអែល សិស្សានុសិស្ស និងប្រជាពលរដ្ឋក្នុងភូមិ ដែលមានអ្នកចូលរួមសរុបប្រមាណ ៣០០នាក់ ក្នុងសកម្មភាពសង្គមនេះ។

សកម្មភាពសង្គមនេះត្រូវបានធ្វើឡើងក្រោមកិច្ចសហការរវាងរដ្ឋបាលមូលដ្ឋាន សាលារាជធានីភ្នំពេញ (PPCH) និងអង្គការក្រៅរដ្ឋាភិបាលកូរ៉េ និងសហគមន៍ហ្គ្រីនបឺអែល ។

នៅក្នុងកម្មវិធីនោះ ក្រុមអ្នកស្ម័គ្រចិត្ត KOICA ក្រុមសុខសប្បាយ (Soksabay) និងសមាជិក CAMKAA បានធ្វើសកម្មភាពរួមគ្នាដូចជា ផ្តល់អំណោយមួយចំនួន ការគូរគំនូរលើមុខសម្រាប់កុមារ ថតរូបបានភ្លាមៗ លេងជាមួយពពុះសាប៊ូ ជួសជុលអណ្តូងស្នប់ និងគូរគំនូរលើជញ្ជាំង ការប្រកួតកីឡា ការលេងហ្គេមពេញនិយម ការផ្តល់សម្ភារៈសិក្សា ថង់អេកូ និងអាហារសម្រន់ និងការផ្តល់ការអប់រំអំពីអនាម័យបរិស្ថាន និងការផ្តល់ប្រអប់អាហារថ្ងៃត្រង់ដល់សិស្ស។

លើសពីនេះ វេជ្ជបណ្ឌិត និងគិលានុបដ្ឋាកយិកា មកពីមន្ទីរពេទ្យព្រះអង្គឌួង បានផ្តល់ផ្តល់ជូនការពិនិត្យ ពិគ្រោះ និងព្យាបាលនូវជំងឺភ្នែក ជំងឺត្រចៀកច្រមុះបំពង់ក និងជំងឺទូទៅ ដល់អ្នកជំងឺប្រមាណជាង ១០០នាក់ដែលមានជំងឺ ភ្នែក ត្រចៀក ច្រមុះ និងបំពង់ក (ENT) និងជំងឺទូទៅ នៅក្នុងសហគមន៍ហ្គ្រីនបឺអេលផងដែរ។

ថ្លែងក្នុងឱកាសនោះ លោក នង ម៉ានិត បានលើកឡើងថា នេះជាលើកទីមួយហើយ ដែលមន្ទីរពេទ្យព្រះអង្គឌួង ធ្វើការជាមួយ KOICA លើសកម្មភាពសង្គម។ គាត់សង្ឃឹមរង់ចាំថា នឹងមានការសហការជាមួយ KOICA ជាលើកទី២ និងទី៣ ទៀតក្នុងការធ្វើ «សកម្មភាពសង្គម» បែបនេះ។

លោក នោ ហ្យន់ជូន បានលើកឡើងថា គំនិតផ្តួចផ្តើមនេះ គឺជាភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការដ៏រឹងមាំរវាងការិយាល័យកយកា មន្ទីរពេទ្យព្រះអង្គឌួង កាំកា-CAMKAA និងសហគមន៍ហ្រ្គីនបឺអែល។

លោកបានបន្ថែមថា KOICA នឹងបន្តគាំទ្ររដ្ឋាភិបាល និងប្រជាជនកម្ពុជា ដើម្បីធ្វើឱ្យប្រទេសនេះកាន់តែមានសោភ័ណភាព និងកន្លែងរស់នៅកាន់តែប្រសើរឡើង៕