(ភ្នំពេញ)៖ ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២នេះ លោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា អញ្ជើញជាអធិបតី និងដឹកនាំវគ្គបំប៉នសមត្ថភាពដល់ក្រុមប្រតិបត្តិសាខា ស្ដីពី «ការចូលរួមលើកកម្ពស់សុវត្ថិភាពចរាចរណ៍ផ្លូវគោក» ដែលមានការសហការពីអគ្គស្នងការនគរបាលចរាចរណ៍ និងគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ ដែលបានធ្វើបទបង្ហាញអំពី បទបញ្ញាតិ និងការពិន័យ ការដកពិន្ទុចំពោះអំពើល្មើសនឹងច្បាប់ចរាចរណ៍ផ្លូវគោក ដល់មន្រ្តី និងក្រុមប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជាទាំង ២៥រាជធានី-ខេត្ត សរុប៧៥នាក់ នៅទីស្នាក់ការកណ្ដាលកាកបាទក្រហមកម្ពុជា។

លោកស្រីអគ្គលេខាធិការថ្លែងថា វគ្គនេះ មានសារៈសំខាន់ណាស់សម្រាប់មន្រ្តីក្រុមប្រតិបត្តិសាខា យកទៅអប់រំផ្សព្វផ្សាយដល់យុវជន និងអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា និងប្រជាពលរដ្ឋនៅក្នុងសហគមន៍របស់ខ្លួន ឱ្យយល់ដឹងកាន់តែច្បាស់ពីការអនុវត្ត និងគោរពច្បាប់ចរាចរណ៍ ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលកាត់បន្ថយអត្រាស្លាប់ របួស និងពិការដោយសារគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជា។

លោកស្រីបន្ដថា «កាកបាទក្រហមកម្ពុជា ក្នុងនាមជាជំនួយការឱ្យអជ្ញាធរសាធារណៈលើវិស័យមនុស្សធម៌ ដូចនេះការងារលើកកម្ពស់សុវត្ថិភាពចរាចរណ៍ ជាបញ្ហារួមដែលយើងត្រូវតែរួមគ្នាធ្វើរួមគ្នាគោរពចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួន ធ្វើជាគំរូដល់ជនគ្រប់រូប និងធ្វើផែនការការងារសុវត្ថិភាពចរាចរណ៍តាមសាខានីមួយៗ យកទៅផ្សព្វផ្សាយនៅតាមគ្រឹះស្ថានសិក្សា និងសហគមន៍ឱ្យបានទូលាយ ពិសេសការងារគោរពច្បាប់ ចរាចរណ៍ ការពិន័យ និងដកពិន្ទុលើបណ្ណបើកបរយានយន្តចំពោះអំពីល្មើសនឹងច្បាប់ចរាចរណ៍ ដើម្បីក្លាយខ្លួនជាអ្នកប្រើប្រាស់ផ្លូវប្រកដោយសុវត្ថិភាព និងបរិយាបន្ន។

ជាមួយគ្នានេះដែរក្នុងបំប៉ននេះ មន្ដ្រីក្រុមប្រតិបត្តិសាខា ទាំង២៥សាខា រាជធានី-ខេត្ត បានពិភាក្សាគ្នាលើកផែនការជាក់លាក់ ស្ដីពីការលើកកម្ពស់សុវត្ថិភាពចរាចរណ៍ តាមសាខានីមួយៗ ដោយកំណត់កញ្ចប់ថវិកាបញ្ចូលក្នុងផែនការអភិវឌ្ឍ ៥ឆ្នាំ ឱ្យមានប្រសិទ្ធភាពខ្ពស់ជាងនេះទៀត។

ជាទីបញ្ចប់នេះ លោកស្រីអគ្គលេខាធិការ បានថ្លែងអំណរគុណចំពោះអគ្គស្នងការនគរបាលចរាចរណ៍ និងគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ បានចាត់មន្ត្រីមកធ្វើបទបង្ហាញជូនមន្ដ្រីក្រុមប្រតិបត្តិសាខា ទាំង២៥សាខា រាជធានី-ខេត្ត ដើម្បីបង្កើនចំណេះដឹងថ្មីៗបន្ថែមទៀត សម្រាប់ផ្សព្វផ្សាយដល់សហគមន៍រៀងៗខ្លួន និងសូមជូនពរដល់សិក្ខាកាមទាំងអស់មានសុខភាពល្អ និងធ្វើដំណើរប្រកបដោយសុវត្ថិភាព៕