(ភ្នំពេញ)៖ លោក សៃស៊ុមផន ភូមវិហាន ប្រធានរដ្ឋសភាឡាវ បានថ្លែងអំណរគុណ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានជួយដល់ប្រទេសឡាវ ទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ បានយ៉ាងជោគជ័យ។

ការថ្លែងអំណរគុណនេះ ធ្វើឡើងក្នុងឱកាសដែលោកចូលជួប សម្តែងការគួរសម និងពិភាក្សាការងារជាមួយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានអាស៊ាន នៅល្ងាចថ្ងៃសុក្រ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បន្ទាប់ពីលោកបានចូលរួមមហាសន្និបាតអន្តរសភាអាស៊ាន លើកទី៤៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

បើតាម លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោ ហ៊ុន សែន, ក្នុងជំនួបនេះ លោក សៃស៊ុមផន ភូមវិហាន បានគោរពសម្តែងនូវការអបអរសាទរចំពោះការរីកចម្រើនរបស់កម្ពុជា ការទប់ស្កាត់ជំងឺកូវីដ១៩ ទទួលបានជោគជ័យ ជាពិសេសកម្ពុជាបានរៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ និងកិច្ចប្រជុំអាយប៉ា ទទួលបានជោគជ័យយ៉ាងធំធេង។

លោកបានសម្តែងនូវក្តីរីករាយចំពោះលទ្ធផលនៃកិច្ចប្រជុំអាយប៉ាលើកទី៤៣ ដែលបានសម្រេចជំរុញឱ្យមានសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយចីរភាព។

«ជាមួយគ្នានោះ ឯកឧត្តម ក៏បានសម្តែងនូវការពេញចិត្តចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាង​ប្រទេសទាំងពីរ ដែលមានការរីកចម្រើនជាលំដាប់ ហើយក៏បានគោរពថ្លែងអំណរគុណក្នុងនាមបក្ស និងក្នុងនាមរដ្ឋ ជូនសម្តេចតេជោ រាជរដ្ឋាភិបាលកម្ពុជា ដែលបានផ្តល់ថវិកា វ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ១៩ និងរថយន្តដឹកវ៉ាក់សាំង ជួយឡាវទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ បានយ៉ាងជោគជ័យ»។ នេះបើតាម លោក អ៊ាង សុផល្លែត។

ជាការឆ្លើយតប សម្តេចតេជោ ក៏បានថ្លែងអំណរគុណដល់ លោក សៃស៊ុមផន ភូមវិហាន ដែលបានមកចូលរួមកិច្ចប្រជុំអាយប៉ា ដោយផ្ទាល់ នៅកម្ពុជា ដែលការចូលរួមនេះឆ្លុះបញ្ចាំងពីការគាំទ្រ ធ្វើឱ្យកិច្ចប្រជុំអាយប៉ា ទទួលបានជោគជ័យ។

ឆ្លៀតក្នុងឱកាសនោះដែរ សម្តេចតេជោ ក៏បានជម្រាបដល់ប្រធានរដ្ឋសភាឡាវ អំពីយុទ្ធសាស្ត្រផ្ការីក ដែលកម្ពុជាបានដាក់ចេញ អនុវត្តក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ផងដែរ៕