(ភ្នំពេញ)៖ យើងខ្ញុំទាំងអស់គ្នា ជាមន្រ្តី អ្នកស្ម័គ្រចិត្ត និងយុវជននៃកាកបាទក្រហមកម្ពុជា សូមចូលរួមអបអរសាទរប្រកបដោយសេចក្តីសោមនស្សរីករាយ និងមោទនភាពបំផុត ចំពោះ លោកជំទាវ កិត្តិសង្គហបណ្ឌិត ឃួន​ សុដារី​ អនុប្រធានកាកបាទក្រហមកម្ពុជា ជាអនុប្រធានទី២ នៃរដ្ឋសភា និងជាប្រធានកិច្ចប្រជុំគណៈកម្មាធិការស្ត្រី នៃមហាសន្និបាតអន្តរសភាអាស៊ាន ទទួលបាន ប័ណ្ណសរសើរ និងពានរង្វាន់កិត្តិយសសម្រាប់ឥស្សរជនឆ្នើមរបស់អន្តរសភាអាស៊ាន (អាយប៉ា-AIPA)/AIPA Distingished Service Awards។

ប័ណ្ណសរសើរ និងពានរង្វាន់កិត្តិយសសម្រាប់ឥស្សរជនឆ្នើមរបស់អន្តរសភាអាស៊ាន (អាយប៉ា-AIPA)/AIPA Distingished Service Awards ពិតជាការគូសបញ្ជាក់ពីការទទួលស្គាល់នូវស្នាដៃការងារដ៏វិសេសវិសាល និងការលះបង់កម្លាំង ប្រាជ្ញា ស្មារតីដ៏ធំធេង របស់ លោកជំទាវ កិត្តិសង្គហបណ្ឌិត ដែលបានរួមចំណែកក្នុងការធ្វើឲ្យកិច្ចប្រជុំនានា នៃមហាសន្និបាតអន្តរសភាអាស៊ាន ប្រព្រឹត្តទៅបានយ៉ាងរលូន និងជោគជ័យ។ ជាសក្ខីកម្មនៃសមត្ថភាព លោកជំទាវ កិត្តិសង្គហបណ្ឌិត គឺពិតជាស្ត្រីថ្នាក់ដឹកនាំដ៏ឆ្នើមមួយរូប ដែលតែងតែមានស្មារតីទទួលខុសត្រូវខ្ពស់នៅក្នុងគ្រប់ភារកិច្ច និងជានិច្ចកាលខិតខំប្រឹងប្រែងលើកកម្ពស់តួនាទីស្ត្រីកម្ពុជា កិត្យានុភាពនៃព្រះរាជាណាចក្រកម្ពុជា ជាពិសេសឲ្យគ្រប់មជ្ឈដ្ឋានជាតិ អន្តរជាតិ ទទួលស្គាល់។

ក្នុងឱកាសដ៏ប្រសើរថ្លៃថ្លានេះ យើងខ្ញុំទាំងអស់គ្នា សូមបួងសួងដល់តេជះបារមីនៃវត្ថុស័ក្ដិសិទ្ធិទាំងអស់ក្នុងលោក ទេវតាថែរក្សាទឹកដី នៃព្រះរាជាណាចក្រកម្ពុជា សូមអភិបាលប្រោះព្រំប្រសិទ្ធពរជ័យគ្រប់ប្រការ ជូន លោកជំទាវ កិត្តិសង្គហបណ្ឌិត ព្រមទាំង ក្រុមគ្រួសារ សូមបានសមប្រកបដោយព្រះពុទ្ធពរទាំង៤ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕