(ភ្នំពេញ)៖ លោក សៃស៊ុមផន ភូមវិហាន ប្រធានរដ្ឋសភានៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បានអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលនានា និងការអភិវឌ្ឍសេដ្ឋកិច្ចយ៉ាងឆាប់រហ័សរបស់ប្រទេសកម្ពុជា ជាពិសេសការទប់ស្កាត់ជំងឺកូវីដ-១៩ និងជោគជ័យនៃការរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥។

ការលើកឡើងរបស់ លោក សៃស៊ុមផន ភូមវិហាន បានធ្វើឡើងក្នុងជំនួបសវនាការជា​មួយ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភាកម្ពុជា នាព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២ នៅវិមានព្រឹទ្ធសភា។

លោក សៃស៊ុមផន ភូមវិហាន បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អ រវាងរដ្ឋាភិបាល និងសភានៃប្រទេសទាំងពីរ។ ទំនាក់ទំនងទ្វេភាគី ឡាវ-កម្ពុជា ត្រូវបានលើកកម្ពស់ជា «ដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ និងយូរអង្វែង» និងមានការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់ទៅវិញទៅមក ព្រមទាំងមានការរីកចម្រើនជាលំដាប់ ក្នុងការផ្លាស់ប្តូរវិស័យសេដ្ឋកិច្ច នយោយបាយ ការបរទេស ការពារជាតិ ពាណិជ្ជកម្ម ដឹកជញ្ជូន អប់រំ និងទេសចរណ៍។

បន្ថែមពីនេះ លោកប្រធានរដ្ឋសភាឡាវ បានស្នើដល់សភានៃប្រទេសទាំងពីរពិចារណាចំនួន ០៤ចំណុចរួមមាន៖

*១៖ បន្តផ្លាស់ប្តូរដំណើរទស្សនកិច្ចថ្នាក់ដឹកនាំជាន់ខ្ពស់ និងមន្រ្តីជំនាញ។
*២៖ ជំរុញរដ្ឋាភិបាលនៃប្រទេសទាំងពីរបន្តចាត់តាំងអនុវត្តកិច្ចព្រមព្រៀង និងគម្រោងនានា ឲ្យបានជោគជ័យ ដើម្បីជាប្រយោជន៍សម្រាប់ប្រទេសទាំងពីរ។
*៣៖ បន្តកិច្ចសហប្រតិបត្តិការ និងគាំទ្រគ្នាទៅវិញទៅមកក្នុងក្របខណ្ឌតំបន់ និងអន្តរជាតិ។
*៤៖ សូមគោរពអញ្ជើញសម្តេចប្រធានព្រឹទ្ធសភាទៅបំពេញទស្សនកិច្ចនៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នាពេល វេលាសមស្របណាមួយ។

ជាមួយគ្នានេះដែរ សម្តេចប្រធានព្រឹទ្ធសភា បានគូសបញ្ជាក់ថា «ប្រទេសទាំងពីរមានប្រពៃណីមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការតាំងពីរយូលង់ណាស់មកហើយ។ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរគ្រប់ជំនាន់បានពូនជ្រុំនូវ ចំណងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការនេះឱ្យកាន់តែរឹងមាំ និងស្រស់បំព្រង ដែលមិនអាចមានអ្នកណាមក ជ្រៀតជ្រែក និងកម្លាំងអមិត្តណាមកបំបែកបំបាក់សាមគ្គីភាព រវាងប្រទេសទាំងពីរបានឡើយ»។

ឆ្លៀតក្នុងឱកាសនេះ សម្តេចប្រធានព្រឹទ្ធសភា បានសម្តែងនូវការគាំទ្រ និងលើកទឹកចិត្តឱ្យដល់រដ្ឋភិបាល នៃប្រទេសទាំងពីរ ដើម្បីអនុវត្តន៍នូវរាល់កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យឱ្យមានប្រសិទ្ធភាព និងទទួលបានលទ្ធផលជាក់ស្តែង។ ជាមួយគ្នានេះ សម្តេចបានអបអរសាទរចំពោះសភានៃប្រទេសទាំងបី កម្ពុជា-ឡាវ-វៀតណាម ដែលបានសម្រេចដំឡើងកម្រិតនៃកិច្ចប្រជុំតំបន់ត្រីកោណអភិវឌ្ឍន៍ (CLV-DTA) ពីកម្រិតប្រធានគណៈកម្មការកិច្ចការបរទេស ទៅកម្រិតប្រធានសភា ដែលកិច្ចប្រជុំប្រព្រឹត្តទៅពីរឆ្នាំម្តង ហើយប្រទេសឡាវនឹងធ្វើជាប្រធានកិច្ចប្រជុំនៅឆ្នាំ២០២៣ខាងមុខ៕