(ភ្នំពេញ)៖ លោកបណ្ឌិត ហ៊ុន ម៉ាណែត បេក្ខភាពនាយករដ្ឋមន្ត្រីបន្តវេនមកពី គណបក្សប្រជាជនកម្ពុជា បានចែករំលែកទស្សនទានរបស់លោកថា ការរៀបចំរចនាសម្ព័ន្ធ និងកំណត់នូវរបៀបរបការងារឱ្យបានច្បាស់លាស់ គឺជាកត្តាដ៏សំខាន់ សម្រាប់ធានាបាននូវចីរភាព និងនិរន្តរភាពគ្រប់កិច្ចការ។

តាមរយៈវីដេអូប្រមាណជា២នាទី ដែលជាការថ្លែងក្នុងកិច្ចប្រជុំការងារយុវជនរបស់បក្សលោក ហ៊ុន ម៉ាណែត បានគូសរំលេចពីការងារចាំបាច់នៃការរៀបចំរចនាសម្ព័ន្ធយុវជន។ សម្រាប់លោករចនាសម្ព័ន្ធគ្រប់គ្រង និងដឹកនាំយុវជនបក្ស គឺបានដើរមកជាង៤៣ឆ្នាំហើយ ហើយត្រូវបន្តរក្សាឱ្យបានទៅជំនាន់ក្រោយៗទៀត។

ដើម្បីរក្សាបាននូវរចនាសម្ព័ន្ធគ្រប់គ្រង និងដឹកនាំមួយដែលរឹងមាំ និងយូរអង្វែង លោកបណ្ឌិត ហ៊ុន ម៉ាណែត មើលឃើញថា ការរៀបចំរចនាសម្ព័ន្ធ និងកំណត់នូវរបៀបរបការងារឱ្យបានច្បាស់លាស់ គឺជាកត្តាដ៏សំខាន់។

សូមបញ្ជាក់ថា លោកបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងប្រធានយុវជនថ្នាក់កណ្តាលរបស់បក្ស ត្រូវបានគេមើលឃើញថា កំពុងប្រឹងប្រែងកសាង និងរៀបចំនូវរចនាសម្ព័ន្ធយុវជនបក្ស ដើម្បីកសាងនូវភាពរឹងមាំរបស់បក្ស ដែលជាបុព្វហេតុដ៏ចម្បងសម្រាប់ការដឹកនាំសង្គមជាតិផងដែរ៕