(កែប)៖ លោក ប៉ាវ ហមផាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានណែនាំប្រធាន អនុប្រធាន និងមន្ត្រីពន្ធនាគារខេត្តកែប ដែលទើបតែងតាំងថ្មី ត្រូវមានសាមគ្គីភាព ត្រូវគោរពតួនាទីខ្លួនឯង មិនត្រូវយកតួនាទីរបស់ខ្លួន ទៅគាបសង្កត់អ្នកទោសឡើយ ហើយគ្មានជនណាម្នាក់ យកអ្នកជាប់ពន្ធនាគារចេញជាដាច់ខាត បើគ្មានការអនុញ្ញាត លិខិតស្នាមត្រឹមត្រូវ និងមិនត្រូវយកអ្នកណាម្នាក់ ចូលពន្ធនាគារ ដោយគ្មានលិខិតស្នាមចេញដោយស្ថាប័ន យុត្តាធិការ (តុលាការ)ឡើយ។

ការលើកឡើងដូច្នេះ ខណៈលោករដ្ឋលេខាធិការក្រសួងមហាផ្ទៃ ប៉ាវ ហមផាន ចូលរួមជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែង ប្រធាន អនុប្រធាន ប្រធានការិយាល័យ អនុប្រធានការិយាល័យ នៃពន្ធនាគារខេត្តកែប ចំនួន១០រូប នាថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២ នៅសាលាខេត្តកែប។

ពិធីនេះក៏មានការចូលរួមពីសំណាក់លោក សំ សារីន ប្រធានក្រុមប្រឹក្សាខេត្ត និងលោកបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប ព្រមទាំងប្រតិភូ អមដំណើរ លោកតំណាង សាលាដំបូងខេត្តកែប លោកឧត្ដមសេនីយ៍ វរសេនីយ៍ កងកម្លាំងទាំងបី អភិបាល ក្រុង ស្រុក ថ្នាក់ដឹកនាំមន្ទីរ និងមន្ត្រីពាក់ព័ន្ធ សរុបជាង២០០នាក់។

លោករដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានណែនាំដល់មន្ត្រីដែលប្រកាសចូលកាន់តំណែងថ្មី ត្រូវគិតពីនិរន្តរភាព និងប្រសិទ្ធភាព ក្នុងការដឹកនាំជាចំបង ត្រូវជំរុញការងារកំណែទម្រង់ ដោយផ្តោតលើចំណុចសំខាន់២ រួមមាន៖
*ទី១៖ ការងារធនធានមនុស្ស ការងារសុខភាពក្នុងពន្ធនាគារ-ត្រូវយកចិត្តទុកដាក់កសាងស្ថាប័ន។
*ទី២៖ អភិវឌ្ឍធនធានមនុស្ស ត្រូវរក្សាទំនាក់ទំនងជាមួយស្ថាប័នពាក់ព័ន្ធឱ្យបានប្រសើរបន្ថែមទៀត។

លោកបណ្ឌិត សោម ពិសិដ្ឋ លើកឡើងថា កន្លងមកខេត្តកែប ពុំមានរចនាសម្ព័ន្ធអង្គភាពរដ្ឋគ្រប់ដូចទៅនឹងបណ្តាខេត្តរាជធានីផ្សេងៗនោះទេ។ ដោយមើលឃើញពីការលំបាកក្នុងការគ្រប់គ្រងប្រតិបត្តិការងារជំនាញ ត្រូវពឹងផ្អែកលើកិច្ចសហការរបស់ខេត្តកំពត និងដើម្បីបំពេញសម្បទាខេត្តកែប ឱ្យបានសក្តិសមនឹងគ្រប់រចនាសម្ព័ន្ធរដ្ឋបាល ទើបរាជរដ្ឋាភិបាលបានបង្កើតឱ្យមានអង្គភាពរតនាគារខេត្តនៅឆ្នាំ២០១៤ បន្ទាប់មកសាលាដំបូងខេត្តកែបនៅឆ្នាំ២០២១។

គិតត្រឹមថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ ជនជាប់ឃុំរបស់ខេត្តកែប ដែលបាននិងកំពុងឃុំឃាំងនៅពន្ធនាគារខេត្តកំពត មានចំនួន៧៥នាក់ ស្រី៣នាក់ និងជនជាតិបរទេស ១នាក់ និងអនីតិជន ២នាក់។

លោកអភិបាលខេត្ត បន្តថា រាជរដ្ឋាភិបាល ក៏ដូចជា ក្រសួងមហាផ្ទៃសម្រេចបង្កើតឱ្យមានអង្គភាពពន្ធនាគារខេត្ត ដែលបានឆ្លើយតបចំគោលដៅនៃតម្រូវការរបស់ខេត្តចង់បានជាយូរមកហើយ។ ទន្ទឹមនេះលោកអភិបាលខេត្តកែប នឹងសង្ឃឹមថា លោក ព្រាប ឌន ប្រធានពន្ធនាគារ ដែលទើបតែងតាំងថ្មី ព្រមទាំងមន្ត្រីនៃរចនាសម្ព័ន្ធ ពន្ធនាគារខេត្ត ដែលបានទទួលមុខតំណែងថ្មីនៅថ្ងៃនេះ នឹងខិតខំដឹកនាំបំពេញតួនាទីភារកិច្ច និងផ្តល់កិច្ចសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធឱ្យបានល្អប្រសើរ៕