(កណ្តាល)៖ ​មន្ត្រី​នគរ​បាល​ខេត្ដកណ្តាលចំនួន២៨៣នាក់ ត្រូវបានប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋាន្តរស័ក្តិជូន ក្រោយបានបំពេញការងារបានល្អ។ ពិធី​ប្រកាស​នេះ ត្រូវបានធ្វើឡើងនៅថ្ងៃ​ទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០២២នេះ ក្រោមវត្តមានលោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល និងនាយឧត្តមសេនីយ៍ ប៉ែន វិបុល អគ្គស្នងការរងនគរបាលជាតិ និងជាប្រធាននាយកដ្ឋានបុគ្គលិក នៃក្រសួងមហាផ្ទៃ។

លោក គង់ សោភ័ណ្ឌ បានការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំបំពេញការងារ​នាពេល​កន្លងមករបស់មន្រ្តីនគរបាល ដែលទទួលបានការតែងតាំង និងបំពាក់ឋានន្តរស័ក្តិ​នាឱកាសនេះ ក៏ដូចជាមន្រ្តីនគរបាលគ្រប់ថ្នាក់ ដែលបានអនុវត្តយ៉ាងយកចិត្តទុកដាក់លើការងារសន្តិសុខ សណ្តាប់ធ្នា​ប់​របៀបរៀបរយសាធារណៈ ការអនុវត្តច្បាប់ លិខិតបទដ្ឋានគតិយុត្តនានា ការរួមសាមគ្គី​សហការគ្នា ខិតខំ​ប្រឹងប្រែង​​​យ៉ាងសកម្មក្នុងការថែរក្សាសន្តិសុខ សុវត្ថិភាពមូលដ្ឋាន​ ​​​ការផ្តល់​សេវា​សាធារណៈ ការជួយសង្គ្រោះប្រជាពលរដ្ឋពីគ្រោះធម្មជាតិនានា ជាពិសេស​បានយកចិត្តទុកដាក់ចូលរួមយ៉ាង​សកម្ម និងប្រកបដោយភាពម្ចាស់កា​រ ក្នុងការអនុវត្តវិធានការនានា របស់រាជរដ្ឋាភិបាល និងក្រសួង​សុខាភិបាល​​​ក្នុងការបង្ការ និង​ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩។

លោកអភិបាលខេត្ត បានស្នើដល់កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត គណៈស្នងការ មន្រ្តីនគរបាល​គ្រប់ផ្នែក គ្រប់ថ្នាក់ សូមបន្តផ្តល់ការគាំទ្រ និងចូលរួមជាមួយមន្រ្តីដែលទទួលបានការតែងតាំង និងបំពាក់ឋានន្តរស័ក្តិ នាឱកាសនេះ ដើម្បីរួមគ្នាបន្តថែរក្សា ពង្រឹងសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សាធរណៈដើម្បីផ្តល់ឱកាសដល់រដ្ឋបាលខេត្ត មានលទ្ធភាពក្នុងការអភិវឌ្ឍខេត្តឱ្យកាន់តែរីកចម្រើនជាបន្តទៀត។

ថ្លែងក្នុងពិធីនេះដែរ នាយ​ឧត្តមសេនីយ៍ ប៉ែន វិបុល បាន​ចូលរួម​សំណេះសំណាល និង​ផ្តាំផ្ញើ​សួរសុខទុក្ខ​របស់​សម្តេច​ក្រឡាហោម ស ខេ​ង ឧ​ប​នាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ព្រមទាំង​ចូលរួម​អបអរសាទរ​ចំពោះ​កម្លាំង​នគរបាល ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល ដែល​ទទួល​បានការ​យក ចិត្ត​ទុកដាក់​ពី​រាជរដ្ឋាភិបាល និង​ក្រសួងមហាផ្ទៃ ហើយ​ត្រូវ​បាន​ទទួល​ការ​លើកទឹកចិត្ត តែងតាំង​មុខ​តំណែង និង​បំពាក់​ឋានន្តរស័ក្តិ ចំពោះ​ការ​ខិតខំ​ប្រឹងប្រែង ក្នុង​ការ​ការពារ​សន្តិ សុខ​ជូន​ជាតិ​មាតុភូមិ និង​ប្រជាពលរដ្ឋ​កន្លង​មក​។

លោកក៏​បាន​ផ្តល់​អនុសាសន៍ និង​ផ្តាំផ្ញើ​ដល់នាយ​នគរបាល និង​ពល​នគរបាល​ទាំងអស់ ត្រូវ​រួបរួម​គ្នា​ធ្វើ​ការងារ សាមគ្គីភាព ឯកភាព​ផ្ទៃក្នុង ខិតខំ​ទប់ស្កាត់ឱ្យបាន​នូវ​បទល្មើស​នានា ដូច​ជា ការ​ជួញដូរ​គ្រឿងញៀន បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍ បន្តចុះបង្ក្រាប​បបទល្មើសល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ និង​ខិតខំ​បំពេញ​តួនាទី​ភារកិច្ច​របស់​ខ្លួន ដែល​រាជរដ្ឋាភិបាល​បាន​ប្រគល់​ជូន និង​អនុវត្ត​ឱ្យបាន​ខ្ជាប់ខ្ជួន​នូវ​អភិក្រម​ទាំង​៥​ របស់​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី។

ស្ថិតក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានបញ្ជាក់ថា ក្នុងពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរស័ក្តិ ជូនមន្រ្តីនរគបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាលនាពេលនេះ រួមមាន៖ ស្នងការរងចំនួន៩នាក់ នាយការិយាល័យ៩នាក់ នាយរងការិយាល័យ៣៣នាក់ និងថ្នាក់អធិការរងចំនួន៤៩នាក់ និងបំពាក់ឋានន្តរស័ក្តិ ថ្នាក់ឧត្តមសេនីយ៍ត្រី៤នាក់ វរសេនីយ៍ឯក ១១នាក់ វរសេនីយ៍ទោ ៦៣នាក់ វរសេនីយ៍ត្រី១៣៤នាក់ អនុសេនីយ៍ឯក២នាក់ និងអនុសេនីយ៍ទោ២នាក់៕