(ភ្នំពេញ)៖ លោក ហ៊ុន ម៉ានី ប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍ រដ្ឋសភាកម្ពុជា និងជាប្រធានគណៈកម្មាធិការសមាជិកសភាវ័យក្មេងអាយប៉ា បានបង្ហាញសុទិដ្ឋិនិយមថា ការជួបជជែកគ្នាជាមួយសមាជិកសភាវ័យក្មេងមកពីក្នុងតំបន់ និងក្រៅតំបន់ នឹងក្លាយជាវេទិកាមួយដើម្បីស្វែងយល់ពីគ្នាទៅវិញទៅមក នឹងក្លាយជាហេតុផលជឿទុកចិត្តគ្នានឹងប្រែក្លាយទៅជាមូលដ្ឋានគ្រឹះនៃការធ្វើការងារផ្អែកទៅលើមូលដ្ឋាន នៃសហប្រតិបត្តិការ។

ការបង្ហាញសុទិដ្ឋិនិយមបែបនេះ របស់លោក ហ៊ុន ម៉ានី ក្នុងសន្និសីទសារព័ត៌មាន នៅថ្ងៃទី២៤ ខែវិច្ឆិកា ក្រោយបិទបញ្ចប់មហាសន្និបាតអន្តរសភាអាស៊ាន-អាយប៉ា (AIPA) លើកទី៤៣​ ដែលសភាកម្ពុជា ធ្វើជាម្ចាស់ផ្ទះចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២ ក្រោមមូលបទ «បោះជំហានជាមួយគ្នា ដើម្បីចីរភាព បរិយាប័ន្ន និងភាពធន់»។

ឆ្លើយតបនឹងសំណួរបស់ Fresh News លោក ហ៊ុន ម៉ានី បានឱ្យដឹងថា៖ «ខ្ញុំគិតថា វានឹងផ្តល់ភាពចំណេញជាច្រើន ក្រោយពីមហាសន្និបាតអន្តរសភាអាស៊ាន លើកទី៤៣ នៅកម្ពុជា ក្រុមការងារបានបង្កើតជាយន្តការផ្លូវការនៃសភាវ័យក្មេង របស់អាយប៉ា ដែលយើងទាំងអស់គ្នាជាភាពតំណាងប្រទេសរៀងៗខ្លួននៅក្នុងអាស៊ានរបស់ប្រជាជនវ័យក្មេងរបស់យើង»

លោក ហ៊ុន ម៉ានី បានបន្ថែមថា សភាវ័យក្មេងកម្ពុជា នឹងធ្វើការជាមួយយន្តការប្រហាក់ប្រហែលគ្នា នៃស្ថាប័នអង្គនីតិបញ្ញត្តិ (រដ្ឋសភា) របស់តំបន់ផ្សេងៗ។

លោក ហ៊ុន ម៉ានី បានលើកឡើងយ៉ាងដូច្នេះថា៖ «ចំណុចដែលខ្ញុំមានសុទិដ្ឋិនិយម ហើយខ្ញុំស្រមើលស្រម៉ៃថា យន្តការផ្លូវការ ប្រាកដណាស់រៀនសូត្រពីគ្នាទៅវិញទៅមក ពីអ្វីដែលជាបទពិសោធន៍ នៃការអនុវត្តការងារនៅក្នុងនាមជាអង្គនីតិបញ្ញត្តិរៀងៗខ្លួន តែលើសពីនេះថែមទៀតក៏ជាវេទិកាស្វែងយល់ពីគ្នាទៅវិញទៅមក អ្វីដែលមានលក្ខណៈដូចគ្នា ជាលក្ខណៈនយោបាយ វប្បធម៌ សង្គម-សេដ្ឋកិច្ច»

លោក បានបន្តថា ភាពមិនយល់គ្នាច្បាស់អាចនឹងនាំឱ្យមានការសង្ស័យ ឬអាចហៅថាការគិតគូរណាមួយដែលអាចបង្កើនឱ្យមានភាពតាន់តឹង ដោយសារតែចំណុចខ្វះខាតនៃការយល់ពីគ្នាទៅវិញទៅមក។

បន្ថែមពីនេះ លោក ហ៊ុន ម៉ានី បានគូសបញ្ជាក់ថា៖ «អ៊ឹចឹងវេទិការបស់យើងនេះ ក្រៅពីការចែករំលែកបទពិសោធន៍ និងបង្កើនសមត្ថភាពនៃការតាក់តែងច្បាប់ ក្នុងការជជែកគ្នាជាមួយសភាវ័យក្មេង ប្រទេសជាច្រើនបានចែករំលែកបទពិសោធន៍របស់គាត់»