(ភ្នំពេញ)៖ លោក រស់ វណ្ណា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងបញ្ជាក់ថា ការតម្លើង ការកសាង និងអភិវឌ្ឍសញ្ញាជំនួយនាវាចរណ៍ ក្នុងបណ្តាញផ្លូវទឹក និងផ្លូវសមុទ្ររបស់កម្ពុជា ដើម្បីធានាសុវត្ថិភាពការធ្វើនាវាចរណ៍ ការដឹកជញ្ជូនទំនិញ និងជាពិសេសធានាបាននូវសុវត្ថិភាពសម្រាប់អ្នកធ្វើដំណើរ តាមបណ្តារផ្លូវទឹក និងផ្លូវសមុទ្ររបស់កម្ពុជា និងធ្វើឱ្យមានកំណើនសេដ្ឋកិច្ចជាតិ។

លោក រស់ វណ្ណា បានថ្លែងដូចនេះ នាព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ក្នុងឱកាសតំណាងលោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តី ក្រសួងសាធារណការ និងដឹកជញ្ជូន អញ្ជើញជាអធិបតីភាពក្នុងពិធីប្រគល់ទទួលឧបករណ៍​ និងសម្ភារៈបច្ចេកទេស ដែលជាសញ្ញាជំនួយនាវាចរណ៍ សម្រាប់គាំទ្រដល់ការធ្វើនាវាចរណ៍ តាមបណ្តាញផ្លូវទឹកក្នុងប្រទេសកម្ពុជា ដែលជាជំនួយឥតសំណងរបស់រដ្ឋាភិបាលកូរ៉េ តាមរយៈក្រសួងជលផល និងមហាសាគររបស់ប្រទេសកូរ៉េ។

ពិធីនេះក៏មានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំ ក្រសួងសាធារណការ​ និងដឹកជញ្ជូន និងមន្រ្តីបច្ចេកទេសគ្រប់គ្រងគម្រោងដែលពាក់ព័ន្ធ ថ្នាក់ដឹកនាំនិងមន្រ្តីនៃកំពង់ផែស្វយ័តភ្នំពេញ,​ លោកនាយកវិទ្យាស្ថានសញ្ញាជំនួយនាវាចរណ៍កូរ៉េ និងមន្រ្តីបច្ចេកទេស រួមទាំងមានការអញ្ជើញចូលរួមពីសំណាក់ តំណាងស្ថានទូតសាធារណរដ្ឋកូរ៉េនៅកម្ពុជា តំណាង KOICA និងលោកស្រីនាយកធនាគារអភិវឌ្ឍរបស់កូរ៉េ EXIM Bank និងមន្រ្តីបច្ចេកទេសរបស់ក្រុមហ៊ុន Sainy Light របស់ប្រទេសជប៉ុនដែលជាក្រុមហ៊ុនផលិតពោងសញ្ញាជំនួននាវាចរណ៍នេះផងដែរ ។

លោក រស់ វណ្ណា បានបញ្ជាក់ទៀតថា ការកសាង និងអភិវឌ្ឍសញ្ញាជំនួយនាវាចរណ៍​ នឹងជួយឲ្យល្បឿននៃការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាកើនឡើងមួយកម្រិតទៀត តាមរយៈការធានាសុវត្ថិភាព និងគុណភាពនៃការដឹកជញ្ជូនទំនិញ និងអ្នកដំណើរតាមផ្លូវទឹកទាំងពេលថ្ងៃ និងពេលយប់ ធ្វើឲ្យល្បឿននៃការដឹកជញ្ជូនបានឆាប់រហ័សជាងមុន តាមរយៈការកាត់បន្ថយរយៈពេលរង់ចាំរបស់នាវា និងធ្វើឲ្យតម្លៃនៃការដឹកជញ្ជូនតាមផ្លូវទឹកថយចុះ និងជាពិសេសអាចជៀសវាងគ្រោះថ្នាក់ និងឧបសគ្គនានា តាមផ្លូវទឹកបានផងដែរ។

បន្ថែមពីនេះលោករដ្ឋលេខាធិការ ក៏បានបង្ហាញក្តីសង្ឃឹមយ៉ាងមុតមាំថា សាធារណរដ្ឋកូរ៉េ និងដៃគូរអភិវឌ្ឍផ្សេងៗទៀតនឹងបន្តជួយគាំទ្រជាថវិកា និងជំនួយបច្ចេកទេស ដល់ក្រសួងសាធារណការ និងដឹកជញ្ជូនបន្ថែមទៀត ដើម្បីឲ្យក្រសួងមានលទ្ធភាពក្នុងការធានាគុណភាព និងប្រសិទ្ធភាពនៃការងារតម្លើង និងប្រតិបត្តិការណ៍សញ្ញាជំនួយនាវាចរណ៍ និងប្រព័ន្ធគ្រប់គ្រងសញ្ញាជំនួយនាវាចរណ៍នានា នៅកម្ពុជាឲ្យកាន់តែប្រសើរឡើងថែមមួយកម្រិតទៀតផងដែរ។

សូមបញ្ជាក់ដែរថា​ ពិធីចុះហត្ថលេខាប្រគល់-ទទួលសម្ភារបរិក្ខារនេះចែកចេញជាពីរវគ្គផ្សេងគ្នារួមមាន៖

វគ្គទី១៖​ ជាការរៀបចំពិធីប្រគល់ទទួលឧបករណ៍និងសម្ភារៈបច្ចេកទេសដោយផ្ទាល់នៅកំពង់ផែថ្មនៃកំពង់ផែស្វ័យតក្រុងភ្នំពេញ ដែលមានការចូលរួមពិនិត្យឧបករណ៍និងសម្ភារៈបច្ចេកទេសដែលបានផ្តល់ជូនរួមមាន៖​ ពោងសញ្ញាជំនួយនាវាចរណ៍ប្រភេទបណ្តែតទឹកចំនួន ៥ពោង,​ រថយន្តចំនួន ២គ្រឿង,​ ឧបករណ៍វាស់ជម្រៅទឹកសម្រាប់សិក្សាជលធារសាស្រ្តទំនើបចំនួន ១គ្រឿង​ និងឧបករណ៍សម្រាប់សិក្សានិងផលិតផែនទីពីលើអាកាស(drone for​ mapping)ចំនួន ២គ្រឿង។

វគ្គទី២៖ ក្រោយពីចុះត្រួតពិនិត្យ ឧបករណ៍និងសម្ភារៈបច្ចេកទេស ដែលបានផ្តល់ជូនរួចមក គណប្រតិភូទាំងអស់ បានចូលរួមកិច្ចពិភាក្សាគ្នា ដើម្បីពិនិត្យលើវឌ្ឍនភាពនៃការអនុវត្តគម្រោង ផែនការមេសញ្ញាជំនួយនាវាចរណ៍របស់ប្រទេសកម្ពុជា​ និងបានចូលរួមក្នុងពិធីចុះហត្ថលេខា ដើម្បីទទួលយកឧបករណ៍ និងសម្ភារៈបច្ចេកទេស ដែលបានផ្តល់ជូនដោយមិត្តកូរ៉េផងដែរ៕