(ភ្នំពេញ)៖ លោកឧកញ៉ា សំ សុខនឿន ប្រធានសមាគមអចលនទ្រព្យសកល និងជាអគ្គនាយកក្រុមហ៊ុន SAM SN REALTY រួមជាមួយសប្បុរសជនកម្ពុជា និងជប៉ុន បានផ្ដល់អំណោយរថយន្តគិលានសង្គ្រោះចំនួន ៥គ្រឿង ដល់បញ្ជាការដ្ឋានជាតិកម្លាំងពិសេសប្រឆាំងភេរវកម្ម សម្រាប់ប្រើប្រាស់ក្នុងប្រតិបត្តិការសង្គ្រោះនានា ។

ពិធីប្រគល់ និងទទួលអំណោយរបស់សប្បុរសជននេះ បានធ្វើឡើងក្រោមវត្តមានឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងជាមេបញ្ជាការ បញ្ជាការដ្ឋានជាតិកម្លាំងពិសេសប្រឆាំងភេរវកម្ម កាលពីថ្ងៃទី២៣ ខែវិច្ឆិកាម្សិលមិញ នៅបញ្ជាការដ្ឋានជាតិកម្លាំងពិសេសប្រឆាំងភេរវកម្ម ។

ឆ្លៀតឱកាសលោកបណ្ឌិត ហ៊ុន ម៉ាណែត បានជួបសំណេះសំណាល និងថ្លែងអំណរគុណ ចំពោះទឹកចិត្តដ៏សប្បុរស និងការចែករំលែកដ៏មានសារៈសំខាន់នេះ ដើម្បីជាការគាំទ្រមួយដល់កងទ័ព ក៏ដូចជាការបញ្ជាក់នូវភាពស្និទ្ធស្នាល រវាងវិស័យឯកជន ជាមួយរាជរដ្ឋាភិបាលផងដែរ ។

លើសពីនេះ លោកក៏បានថ្លែងកោតសរសើរ ចំពោះសកម្មភាពមនុស្សធម៌នានា ដែលលោកឧកញ៉ា សំ សុខនឿន និងសប្បុរសជន ដែលជាវិនិយោគិនកម្ពុជា និងជប៉ុននានាពេលកន្លងមក ហើយបានលើកទឹកចិត្តដល់សប្បុរសជនទាំងអស់ ឲ្យបន្ដនូវកាយវិការដ៏ប្រពៃនេះ ក៏ដូចជាការជូនពរក្នុងការពង្រឹង និងពង្រីកអាជីវកម្មរបស់ខ្លួនឲ្យកាន់តែរីកចម្រើនលូតលាស់ជានិរន្ដរ៍ទៀតផង ៕