(រតនគិរី)៖ រដ្ឋបាលខេត្តរតនគិរី នៅព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានបើកកិច្ចប្រជុំគណៈបញ្ជាការឯកភាពខេត្តដើម្បីពិនិត្យ ពង្រឹងការងារសន្តិសុខ សណ្តាប់ធ្នាប់ ការអនុវត្តច្បាប់និងលិខិតបទដ្ឋាននានាក្រោមអធិបតីភាពលោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត។ កិច្ចប្រជុំនេះធ្វើឡើងនៅសាល ប្រជុំសាលាខេត្តអាគារA និងមានការអញ្ជើញចូលរួមពីអភិបាលរងខេត្ត មេបញ្ជាការកងកម្លាំងទាំង៣ អភិបាលក្រុង ស្រុកទាំង៩ លោកនាយក នាយករងរដ្ឋបាលសាលាខេត្ត លោក លោកស្រីប្រធានមន្ទីរអង្គភាពជុំវិញខេត្ត និងមន្រ្ដីពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ។

លោក ញ៉ែម សំអឿន បានលើកឡើងថា កិច្ចប្រជុំគណៈបញ្ជាការឯកភាពខេត្ត ដើម្បីពង្រឹងការងារ សន្ដិសុខសណ្ដាប់ធ្នាប់ ការអនុវត្តបទបញ្ជា និងវិធានការនានារបស់រាជរដ្ឋាភិបាល ដើម្បីទប់ស្កាត់ និងបង្រ្កាបបទល្មើសនានាក្នុងភូមិសាស្រ្ដខេត្តរតនគិរី និងកិច្ចការសំខាន់ផ្សេងៗមួយចំនួនទៀត ជាពិសេសលើការងារពង្រឹងគោលនយោបាយភូមិ ឃុំមានសុវត្ថិភាពដោយផ្តោតសំខាន់លើការទប់ស្កាត់ក្មេងទំនើង។

លោកអភិបាលខេត្ត បានកោតសរសើរដល់គណៈបញ្ជាការឯកភាពខេត្ត ក្រុង ស្រុក ដែលបានខិតខំបំពេញការងារនាពេលកន្លងមកសម្រេចបានលទ្ធផលល្អប្រសើរ ដោយបានទប់ស្កាត់បានយ៉ាងល្អប្រសើរនូវអំពើឆក់ប្លន់ ការជួញដូរគ្រឿងញៀន និងបទល្មើសនានា ពេលកន្លងមក និងត្រូវបន្ដខិតខំប្រឹងប្រែងបំពេញការងារទាំងអស់នេះ ឲ្យបានកាន់តែល្អថែម ទៀត។

លោកក៏បានណែនាំដល់គណៈបញ្ជាការក្រុង ស្រុក បន្ដណែនាំដល់ប្រជាពលរដ្ឋត្រូវគោរពច្បាប់ចរាចរណ៍ឲ្យបានខ្ជាប់ខ្ជួន កុំលេងល្បែងស៊ីសង និងកុំប្រើប្រាស់គ្រឿងញៀនជាដើម ជាពិសេសគណៈបញ្ជាការក្រុង ស្រុក ត្រូវបន្ដការថែរក្សា បរិស្ថាន និងសម្បត្តិធម្មជាតិឲ្យបានល្អដែលជាសក្ដានុពលទេសចរណ៍ នៅក្នុងខេត្តរបស់យើង ត្រូវថែរក្សា និងរៀបចំរមណីយដ្ឋានធម្មជាតិ មានបរិស្ថានស្អាតជានិច្ច និងសូមកុំឲ្យមានការកាប់បំផ្លាញព្រៃឈើ សម្បត្តិធម្មជាតិ ការឆក់ត្រី នេសាទខុសច្បាប់ បរបាញ់សត្វព្រៃខុសច្បាប់ជាដើម៕