(ពោធិ៍សាត់)៖ រដ្ឋបាលខេត្ត និងលេខាធិការដ្ឋានគណៈកម្មការរៀបចំការបោះឆ្នោតខេត្តពោធិ៍សាត់ បានរៀបចំកិច្ចប្រជុំស្តីពីរៀបចំផែនការសកម្មភាព ឆ្ពោះទៅរកការបោះឆ្នោត ជ្រើសរើសក្រុម​ប្រឹក្សាឃុំ-សង្កាត់ ឆ្នាំ២០១៧ខាងមុខ ដែលបានប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៦នេះ ក្នុងសណ្ឋាគារខេអឹម ស្ថិតក្នុងខេត្តពោធិ៍សាត់។

កិច្ចប្រជុំនេះបានធ្វើឡើង ក្រោមវត្តមាន លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ លោក ខូយ សុខា ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ផាន់ វណ្ណសិទ្ធ ប្រធានលេខាធិការដ្ឋាន គ.ជ.ប ខេត្ត ព្រមទាំងមន្ដ្រីក្នុងខេត្តជាច្រើនរូបផងដែរ។

ក្នុងឱកាសនោះដែរ លោក ខូយ សុខា ប្រធានក្រុមប្រឹក្សាខេត្ត បានលើកឡើងនៅក្នុងកិច្ចប្រជុំនេះថា ការរៀបចំឲ្យមានកិច្ចប្រជុំនេះ ក្នុងគោលបំណងឲ្យរដ្ឋបាលខេត្ត ស្រុក ក្រុង ឃុំ សង្កាត់ ទទួល​បានផែន​ការសម្រាប់​យកទៅអនុវត្តនៅតាមមូលដ្ឋានរបស់ខ្លួន។ បន្ថែមពីនេះ លោកក៏បានសំណូមពរដល់អាជ្ញាធរមូលដ្ឋាន ផ្តោតការយកចិត្តទុកដាក់អនុវត្តការងារ ជាពិសេស​ខិតខំជួយជម្រុញ​ប្រជាពលរដ្ឋដែលគ្រប់អាយុបោះឆ្នោត ឲ្យទៅចុះឈ្មោះ និងធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគម្រូថ្មី ដែលនៅសេសសល់ឲ្យបានគ្រប់ៗគ្នា។

លោក ផាន់ វណ្ណសិទ្ធ ប្រធានលេខាធិការដ្ឋាន គ.ជ.បខេត្ត បានឲ្យដឹងថា សម្រាប់ខេត្តពោធិ៍សាត់មាន៥ស្រុក ក្រុង១ ឃុំ-សង្កាត់៤៩ ការិយាល័យបោះឆ្នោត៦៧៧កន្លែង និងប្រជាពលរដ្ឋ​គ្រប់អាយុ​បោះឆ្នោតទូទាំងខេត្តមាន២៨៥៣០១នាក់។ លោកបានលើកឡើងបន្ថែមថា ការបោះឆ្នោនៅឆ្នាំ២០១៧នេះ ត្រូវចុះឈ្មោះអ្នកដែលគ្រប់អាយុបោះឆ្នោត ជាថ្មីឡើងវិញទាំងអស់ គឺចាប់ផ្តើមអនុវត្ត​នៅថ្ងៃទី១ ខែកញ្ញា ដល់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦ ដើម្បីឲ្យកិច្ចការចុះឈ្មោះអ្នកបោះឆ្នោតនេះ បានដំណើរការទៅមានភាពរលូន គឺទាមទារឲ្យឃុំ-សង្កាត់ ជ្រើសរើសក្រុមការងារដែលមានសមាជិក ចាប់ពី៣នាក់ ទៅ៥នាក់ ក្នុងនោះត្រូវមានស្មៀន និងការី មានជំនាញខាងកំព្យូទ័រម្នាក់ផងដែរ ទៅតាមឃុំ-សង្កាត់ ដែលមានប្រជាពលរដ្ឋតិច ឬច្រើន។

 ជាងនេះទៅតៀត ក្នុងនាមប្រធានលេខាធិការដ្ឋាន លោកបានសំណូមពរដល់លោកមេឃុំ ចៅសង្កាត់ និងភូមិ ត្រូវមានការចូលរួមសហការ ក្នុងការប្រមូល គៀងគរប្រជាពលរដ្ឋ មកចុះឈ្មោះបោះឆ្នោត និងធ្វើអត្តសញ្ញាណបណ្ណ័សញ្ជាតិខ្មែរគម្រូថ្មី ឲ្យបានគ្រប់ៗគ្នា បើមិនដូច្នោះទេ ពុំមានសិទ្ធិក្នុងការបោះឆ្នោតនោះឡើយ។

ជាងនេះទៅទៀត លោក ម៉ៅ ធនិន អភិបាលខេត្ត បានស្នើទៅដល់មន្ទីរ អង្គភាព ពិសេសស្នងការដ្ឋាន នគរបាលខេត្ត គប្បីបង្កលក្ខណៈ និងចូលរួមដោះស្រាយជាថវិកា សម្ភារដើម្បីជួយជម្រុញ ទៅដល់កិច្ចដំណើរការធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគម្រូថ្មី ដែលនៅសេសសល់ឲ្យបានគ្រប់គ្នា ជួយសម្រួលដល់ក្រុមការងារចុះឈ្មោះអ្នកបោះឆ្នោត នៅតាមភូមិ ឃុំ-សង្កាត់ និងផ្សព្វផ្សាយ​តាមរយៈបដា តាមដងផ្លូវសាធារណៈទីប្រជុំជន ភូមិ ឃុំ ដើម្បីឲ្យប្រជាពលរដ្ឋទទួលបានព័ត៌មាន ពាក់ព័ន្ធទៅនឹងពេលវេលាកំណត់នៃការចុះឈ្មោះ និងបានទៅចុះឈ្មោះតាម ភូមិ ឃុំ-សង្កាត់ ដែលពួកគាត់រស់នៅបានឆាប់រហ័ស ស្របទៅតាមពេលវេលាប្រតិទិន របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានកំណត់៕