(ភ្នំពេញ)៖ លោក ពេជ សោភ័ន រដ្ឋលេខាធិការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានក្រើនរំលឹកដល់និស្សិតថា «គ្រឹះស្ថានឯកជន ជាអតិថិជនទិញទំនិញការងារពីយើងទាំងអស់គ្នា ដូច្នេះហើយចាំបាច់ ត្រូវខិតខំពង្រឹងសមត្ថភាពការងារ ដែលបានឆ្លងកាត់ការរៀនសូត្រជាច្រើនឆ្នាំនេះ ឱ្យមានភាពខ្លាំងក្លា ប្រកបដោយគុណភាពខ្ពស់»

ការថ្លែងជាសារអប់រំដ៏ម៉ឹងម៉ាត់បែបនេះ ត្រូវបានធ្វើឡើងក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតដែលបញ្ចប់ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ចំនួន១,៧៩៥នាក់ ស្រី៦៧៨នាក់ នៃវិទ្យាស្ថានជាតិ​ពាណិជ្ជសាស្រ្ត នៅថ្ងៃទី១៦ ខែមិថុនាឆ្នាំ២០១៦នេះ ក្នងវិទ្យាស្ថានជាតិពាណិជ្ជសាស្រ្តផ្ទាល់។

លោក ពេជ សោភ័ន បានឱ្យដឹងថា កន្លងមករាល់និស្សិតដែលចេញពីវិទ្យានេះ ឃើញថាទទួលបានការកោតសរសើ ពីទីផ្សារការងារជាច្រើន ដូច្នេះសបញ្ជាក់ថា ការអប់រំនៅទីនេះ មានគុណភាពល្អ​ពិតប្រកដមែន តែសូមកុំភ្លេចថា ជោគជ័យនៅថ្ងៃនេះ វាមិនប្រាកដថានាំយើង ទៅដល់ភាពជោគជ័យនៅថ្ងៃអនាគត បាននោះទេ យើងត្រូវហ្វឹកហាត់ អភិវឌ្ឍសមត្ថភាពការងាររបស់ខ្លួន តាមការវិវត្តនៃសង្គម។

ទន្ទឹមនេះ លោក តឹប អឿន  នាយកវិទ្យាស្ថានជាតិ ពាណិជ្ជសាស្រ្តបានឱ្យដឹងថា ចាប់ពីឆ្នាំ១៩៨៤ រហូតដល់បច្ចុប្បន្ន វិទ្យាស្ថានជាតិពាណិជ្ជសាស្រ្តបាន បំពេញតួនាទី និងភារកិច្ចរបស់ខ្លួន​យ៉ាងសកម្ម ក្នុងការងារអប់រំ បណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ ដោយបានផលិតធនធានមនុស្ស បានចំនួន១១,៣៣២នាក់ ក្នុងនោះមានថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ មានចំនួន៦១៩នាក់ ថ្នាក់បរិញ្ញាបត្រ មានចំនួន៥,៧៦០នាក់ និងថ្នាក់សញ្ញាបត្រជាន់ខ្ពស់ មានចំនួន៤,៩៥៣នាក់។  

ជាមួយគ្នានេះ លោក ពេជ សោភ័ន បានបន្ថែមថា ក្រសួងការងារបានពង្រឹងការគ្រប់គ្រង ប្រព័ន្ធព័ត៌មានទីផ្សារការងារ ការពង្រឹងការអប់រំ បណ្ដុះបណ្ដាលបច្ចេទេស និងវិជ្ជាជីវៈ, ការពង្រឹងភាពជាដៃ​គូរវាងគ្រឹះស្ថានអប់រំ បណ្ដុះបណ្ដាលវិជ្ជាជីវៈ និងវិស័យឯកជន ក្នុងការសម្រួលដល់តម្រូវការ ការងារជូននិស្សិតទាំងអស់ ដែលបានបញ្ចប់ការសិក្សា។

ក្រៅពីនេះ ក្រសួងបានរៀបចំសកម្មភាព ការងារមួយចំនួនទៀត ដូចជា ពង្រឹងក្របខ័ណ្ឌគុណវឌ្ឍជាតិ ដើម្បីអភិវឌ្ឍគុណភាពវិស័យអប់រំ បណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈឱ្យស្របតាមក្រប​ខ័ណ្ឌគុណវឌ្ឍអាស៊ាន ដើម្បីប្រកួតប្រជែងការងារ ជាមួយប្រទេសដទៃ ក្នុងតំបន់ និងក្នុងសកលលោក៕