(បន្ទាយមានជ័យ)៖ នារសៀលថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ នៅសាកលវិទ្យាល័យជាតិមានជ័យ មានប្រារព្ធពិធីចុះអនុស្សរណៈនៃការយោគយល់ រវាងសាកលវិទ្យាល័យជាតិមានជ័យ និងសាកលវិទ្យាល័យរ៉ាចាផាត់ពេជចាប៊ុន ប្រទេសថៃស្តីពីកិច្ចសហប្រតិបត្តិការវិស័យសិក្សាធិការ។

ពិធីចុះហត្ថលេខាអនុស្សរណៈនៃការយោគយល់គ្នានេះ ប្រព្រឹត្តទៅក្រោមវត្តមានលោក ជីវ សារិទ្ធ សាកលវិទ្យាល័យរង នៃសាកលវិទ្យាល័យជាតិមានជ័យកម្ពុជា និងលោក​ នីកន យ៉ូកាន់យ៉ា Nikorn Yokanya​ តំណាងឱ្យសាកលវិទ្យាធិការនៃសាកលវិទ្យាល័យរ៉ាចាផាត់ពេជចាប៊ុន ថៃ។

ក្នុងឱកាសនោះ លោកជីវ សារិទ្ធ បានឲ្យដឹងថា ការចុះហត្ថលេខានេះ គឺធ្វើក្នុងក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការរវាងសាកលវិទ្យាល័យទាំងពីរ ចូលរួមចំណែកក្នុងការអភិវឌ្ឍធនធានមនុស្ស ការផ្លាស់ប្តូរការសិក្សា ការផ្លាស់ប្តូរគ្រូបង្រៀន ការផ្លាស់ប្តូរវប្បធម៌ ហាត់ការ ការចែករំលែកវិធីសាស្រ្តនិងសម្ភារៈបង្រៀន ការស្រាវជ្រាវ ការរៀបចំកម្មវិធីសិក្ខាសាលា និងសន្និសីទនានា។

លោកជីវ សារិទ្ធ បានឲ្យដឹងបន្ថែមថា សាកលវិទ្យាល័យជាតិទាំងពីរ និងសិក្សាបន្ថែមថា នឹងជំរុញឲ្យមានការពិភាក្សាគ្នា លើការបង្កើតកម្មវិធីសិក្សាទ្វេភាគី (Dual Program)ផងដែរ។

ជាមួយគ្នានេះដែរ លោក ជីវ សារិទ្ធ បានថ្លែងថាការចុះហត្ថលេខានេះជាលើកទី២បន្ទាប់ពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ កន្លងមកសាកលវិទ្យាល័យជាតិ មានជ័យកម្ពុជា និងក្រុមប្រឹក្សាព្រឹទ្ធបុរសមហាវិទ្យាល័យ មនុស្សសាស្រ្ត និងវិទ្យាសាស្រ្តសង្គមនៃសាកលវិទ្យាល័យរ៉ាចាផាត់ថៃទាំង៣៨ បានចុះអនុស្សរណៈយោគយល់ម្ដងរួចទៅហើយ ហើយភាគីថៃបានរៀបចំកម្មវិធីបណ្ដុះបណ្ដាលភាសាថៃតាមអនឡាញ ដែលមានគ្រូនិងនិស្សិតនឹងទទួលបានវិញ្ញាបនបត្រនាថ្ងៃនេះចំនួន៨៦នាក់។ ឈរលើស្មារតីពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការសាកលវិទ្យាល័យជាតិប្រទេសយើងទាំងពីរ បានបន្តព្រមព្រៀងគ្នាចុះអនុស្សរណៈយោគយល់លើកិច្ចសហប្រតិបត្តិការវិស័យសិក្សាធិការនេះ បន្ថែមទៀតនាឱកាសនេះ៕