(សៀមរាប)៖ អគ្គនាយកដ្ឋានយុវជន នៃក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានរៀបចំកម្មវិធីពិព័រណ៍ប្រកួតប្រជែងស្នាដៃយុវជនសតវត្សរ៍ទី២១ ក្រោមប្រធានបទ “STEM និងការប្រើប្រាស់ក្នុងវិស័យបរិស្ថាន” ដោយមានយុវជនជាច្រើននាក់មកពីបណ្តា ២៥រាជធានី-ខេត្តចូលរួម នឹងនាំយកនូវស្នាដៃច្នៃប្រឌិតរបស់ពួកគេមកធ្វើការតាំងបង្ហាញ និងប្រកួតប្រជែង។

ពិធីនេះដែរ រៀបចំឡើងនៅក្នុងបរិវេនអគារមជ្ឈមណ្ឌលជាតិយុវជនកម្ពុជា ខេត្តសៀមរាប។

លោក ម៉ិល ផនសីហា ប្រធាននាយកដ្ឋានយុវជន បានលើកឡើងថា ការរៀបចំកម្មវិធីប្រកួតប្រជែងស្នាដៃយុវជននេះ ក្នុងគោលបំណងធ្វើយ៉ាងណាដើម្បីឲ្យយុវជនមានការច្នៃប្រឌិត និងចូលរួមចំណែកអភិវឌ្ឍន៍វិស័យបរិស្ថានតាមបែបទំនើប ដើម្បីធ្វើយ៉ាងឲ្យវិស័យបរិស្ថាននៅកម្ពុជា មានភាពរីកចម្រើនជឿនលឿនដូចបណ្ដាប្រទេសមួយចំនួនទៀត។

កម្មវិធីនេះដែរ ក៏ជាការជំរុញយុវសិស្ស រួមទាំងលោកគ្រូអ្នកគ្រូឲ្យផ្តោតការយកចិត្តទុកដាក់កាន់តែខ្លាំងក្នុងការសិក្សាស្រាវជ្រាវលើមុខវិជ្ជាដែលទាក់ទងនឹងវិទ្យាសាស្រ្ត បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា ដែលជាមុខជំនាញមានសក្តានុពលសម្រាប់ចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងផ្តល់ឱកាសឱ្យយុវជនបានបង្ហាញនូវសមត្ថភាព និងស្នាដៃដែលបង្កើតថ្មីៗផងដែរ។

លោកបណ្ឌិត ស៊ាន បូរ៉ាត រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ក៏បានលើកដែរថា បច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជាបានចាត់ទុកយុវជន គឺជាធនធានដ៏មានតម្លៃបំផុតសម្រាប់ចូលរួមអភិវឌ្ឍសេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌ បរិស្ថាន និងជាកម្លាំងចលករដ៏សំខាន់ ដើម្បីរក្សាបាននូវកំណើនសេដ្ឋកិច្ចជាតិទាំងពេលបច្ចុប្បន្ន និងអនាគត។

ម្យ៉ាងវិញទៀត រាជរដ្ឋាភិបាលកម្ពុជាកាលពីពេលថ្មីៗនេះ ក៏បានអនុម័តលើ «ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥» សម្រាប់ដាក់ចេញនូវចក្ខុវិស័យវែងឆ្ងាយ ក្នុងការកសាងសេដ្ឋកិច្ច និងសង្គមឌីជីថលរស់រវើក តាមរយៈការរៀបចំមូលដ្ឋានគ្រឹះជំរុញការទទួលយក និងការធើ្វបរិវត្តកម្មឌីជីថលនៅក្នុងគ្រប់តួអង្គសង្គម ទាំងរដ្ឋ ពលរដ្ឋ និងធុរជន ដើម្បីជំរុញសន្ទុះកំណើនសេដ្ឋកិច្ចថ្មី និងលើកកម្ពស់សុខុមាលភាពសង្គម ដោយផ្អែកលើគន្លង «ប្រក្រតីភាពថ្មី»។

លោកបណ្ឌិត ស៊ាន បូរ៉ាត បានបន្តថា ដើម្បីចូលរួមគាំទ្រក្របខណ្ឌគោលនយោបាយ យុវជនកម្ពុជា គប្បីត្រូវមានបំណិនសតវត្សទី២១ គឺ «បំណិនឌីជីថល បំណិននិវានុវត្តន៍ និងគំនិតផ្តួចផ្តើមថ្មីៗ» និងរួមផ្សំជាមួយ «បំណិន ប្រពៃណី» មួយចំនួនដែលរក្សាបាននូវអត្តសញ្ញាណជាតិ និងការរីកចម្រើនសង្គមប្រកបដោយបរិយាបន្ន។

លើសពីនេះទៀត កម្ពុជា និងសាកលក៏កំពុងយកចិត្តទុកដាក់យ៉ាងខ្លាំង ទៅលើការធ្វើបរិវត្តកម្មការអប់រំ (Transforming Education) ដើម្បីធ្វើយ៉ាងឱ្យសេវាអប់រំឆ្លើយតបយ៉ាងវិជ្ជមាន ស្របតាមបរិបទប្រក្រតីភាពថ្មី និងប្រកបដោយសមធម៌ និងបរិយាប័ន្ន។

ជាមួយនេះដែរ កម្មវិធីពិព័រណ៍ប្រកួតប្រជែងស្នាដៃយុវជនសតវត្សរ៍ទី២១នេះដែរ ក៏ជាការអប់រំដល់យុវជនទាំងអស់ ឲ្យបានយល់ច្បាស់ពីអ្វីដែលជាបដិវត្តឧស្សាហកម្មទី៤.០ និងយុគសម័យព័ត៌មាន ដែលពេញនិយមលើផ្នែកសេដ្ឋកិច្ច និងហិរញ្ញវត្ថុឌីជីថល ដែលកម្ពុជាកំពុងតែត្រូវការយុវជន មានបំណិនសិក្សា ជំនាញត្រិះរិះពិចារណា ច្នៃប្រឌិត សហប្រតិបត្តិការ ក្នុងការប្រើប្រាស់បច្ចេកវិទ្យា ដើម្បីឆ្លើយតបនឹងបរិបទយុគសម័យទំនើបឌីជីថលផងដែរ៕