(កំពង់ចាម)៖ លោក អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តកំពង់ចាម បានសម្តែងការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះថ្នាក់ដឹកនាំ រួមទាំងមន្ត្រីក្រុមប្រតិបត្តិ ដែលបានខិតខំបំពេញភារកិច្ចយ៉ាងសកម្ម រយៈពេល១១ខែ ឆ្នាំ២០២២ ។

លោក អ៊ុន ចាន់ដា បានលើកឡើងដូច្នេះ នៅរសៀលថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ ២០២២ ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលសកម្មភាពការងារ ១ឆ្នាំ ២០២២ និងទិសដៅសម្រាប់អនុវត្តបន្ត ឆ្នាំ ២០២៣ នៅសាលាខេត្តកំពង់ចាម ។

លោកប្រធានសាខា បានលើកឡើងទៀតថា ក្នុងបរិការណ៍ ដែលការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ មានសភាពធូរស្រាល បង្កភាពអនុគ្រោះច្រើនដល់សាខា ក្នុងការផ្តល់សេវាកម្មមនុស្សធម៌ រហូតសម្រេចបានលទ្ធផល គួរជាទីមោទនភាព ពិសេសការលើកកំពស់សកម្មភាពការងារឥស្សរជនឆ្នើមថ្នាក់ជាតិនៅថ្នាក់សាខា៖
* ការអប់រំផ្សព្វផ្សាយ ស្តីពី ការចូលរួមលើកកំពស់សុវត្ថិភាពចរាចរណ៍ផ្លូវគោក និងបរិយាប័ន
* ការបណ្តុះបណ្តាលជាមូលដ្ឋានដល់យុវជន អ្នកស្ម័គ្រចិត្ត កក្រក
* ការអភិវឌ្ឍន៍ស្ថាប័ន
* ការផ្តល់ជំនួយសង្រ្គោះ ផ្តល់អំណោយមនុស្សធម៌ ជូនជនរងគ្រោះ និងជនងាយរងគ្រោះ បានទាន់ពេលវេលា ស្របតាមទិសស្លោក «ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពជា»។

លោក អ៊ុន ចាន់ដា បានក្រើនរំលឹក និងជំរុញ អំពីការងារមួយចំនួន សម្រាប់អនុវត្តបន្ត ពិសេស ត្រូវយកចិត្តទុកដាក់ ធ្វើឲ្យការផ្តល់សេវាកម្មមនុស្សធម៌កាន់តែប្រសើរជាងមុន ជួយអ្នកងាយរងគ្រោះបានច្រើនជាមុន និងប្រសិទ្ធភាពខ្ពស់ រួមជាមួយការកសាងកម្លាំងនៅមូលដ្ឋាន ឲ្យកាន់តែរឹងមាំដើម្បីចូលរួមកសាងភាពធន់ នឹងភាពរីកចម្រើននៅសហគមន៍ តាមវិធាន រស់នៅជាមួយ កូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី។

លោកក៏បានប្រាប់ឲ្យបន្តសហការចុះអប់រំផ្សព្វផ្សាយអំពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ក្នុងឱកាសពិធីបុណ្យជាតិសំខាន់ៗ រួមជាមួយ ជំរុញការបណ្ដុះបណ្ដាលជាមូលដ្ឋាន ជូនយុវជន អ្នកស្ម័គ្រចិត្តកាកបាទក្រហម ដែលជាប្រតិបត្តិករ និងជាកម្លាំងចលករ មិនអាចខ្វះបាន ក្នុងការអនុវត្តវិស័យអាទិភាពទាំង ៤ របស់កាកបាទក្រហមកម្ពុជា។ ទន្ទឹមនោះ ត្រូវពង្រឹងការគ្រប់គ្រងមូលនិធិ គ្រប់គ្រង ចំណូល ចំណាយ ការទូទាត់ អោយមាន តម្លាភាព និងគណនេយ្យភាពផងដែរ៕