(ព្រះវិហារ)៖ លោក វ៉ាត ប៉ារ៉ានីន អភិបាលរងខេត្តព្រះវិហារ បានលើកឡើងថា បញ្ហាបរិស្ថានជាបញ្ហារួមរបស់យើងទាំងអស់គ្នា មិនមែនជាការងារផ្តាច់មុខរបស់មន្ទីរបរិស្ថាន របស់បុគ្គល អង្គភាព ណាមួយនោះទេ ទាមទារឲ្យមានការចូលរួមទាំងអស់គ្នា។

ការលើកឡើងបែបនេះ របស់លោក វ៉ាត ប៉ារ៉ានីន ក្នុងឱកាសដែលលោក តំណាងលោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ ចូលរួមក្នុងទិវាអនាម័យ បរិស្ថានជាតិ ២៣ វិច្ឆិកា ឆ្នាំ២០២២ ក្រោមប្រធានបទ «មាតុភូមិយើង កាតព្វកិច្ចយើង ស្អាត និងបៃតង» នៅបរិវេណសាលាវិទ្យាល័យ ហ៊ុន សែន ដូនតន់ ស្ថិតក្នុងស្រុកឆែប ដោយមានការចូលរួមពីថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការ អាជ្ញាធរស្រុកឆែប លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សជាច្រើនរូបទៀត។

លោក វ៉ាត ប៉ារ៉ានីន បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែង របស់មន្ទីរបរិស្ថានខេត្ត និងរដ្ឋបាលស្រុកឆែប ដែលបានសហការគ្នា រៀបចំទិវាបរិស្ថានជាតិ២៣ វិច្ឆិកា ឆ្នាំ២០២២ ដ៏មានសារៈសំខាន់នេះ និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់ស្ថាប័នពាក់ព័ន្ធទាំងអស់ អង្គការដៃគូ វិស័យឯកជន ក្រុមហ៊ុន សហគ្រាស សិប្បករ អាជីវករ ធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងសប្បុរសជននានា ដែលបានចូលរួមសហការឧបត្ថម្ភគាំទ្រ សម្ភារៈ ថវិកា និងស្មារតី ដើម្បីឲ្យកម្មវិធីនេះដំណើរការបាន។

អភិបាលរងខេត្តព្រះវិហារ បានលើកឡើងថា មន្ទីរបរិស្ថានខេត្ត បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការពង្រឹងកិច្ចគាំពាបរិស្ថាន ការគ្រប់គ្រងនិងអភិរក្សធនធានធម្មជាតិ និងការអភិវឌ្ឍន៍សហគមន៍មូលដ្ឋាន ការគ្រប់គ្រង ការអភិវឌ្ឍន៍ដោយចីរភាព ការផ្សព្វផ្សាយចំណេះដឹង និងព័ត៌មានបរិស្ថាន។ លោកបញ្ជាក់ថា បរិស្ថានជាបញ្ហារួមរបស់យើងទាំងអស់គ្នា មិនមែនជាការងារផ្តាច់មុខ របស់មន្ទីរបរិស្ថាន របស់បុគ្គល អង្គភាព ណាមួយនោះទេ ទាមទារឲ្យមានការចូលរួមទាំងអស់គ្នា។

លោក វ៉ាត ប៉ារ៉នីន បានថ្លែងថា ទិវាអនាម័យ បរិស្ថានជាតិ២៣វិច្ឆិកាឆ្នាំ២០២២នេះ ប្រារព្វឡើងក្រោមប្រធានបទ «មាតុភូមិយើង កាតព្វកិច្ចយើង ស្អាត និងបៃតង»គឺចង់បង្ហាញនូវសារៈសំខាន់ នៃការចូលរួមពីយើងទាំងអស់គ្នា ដែលជាប្រជាជនកម្ពុជា ក្នុងការស្រឡាញ់ទឹកដី ស្រឡាញ់ធម្មជាតិ ក្នុងប្រទេសយើង និងចូលរួមថែរក្សាការពារទាំងអស់គ្នា ដើម្បីមាតុភូមិយើងស្អាត និងបៃតង។

លោកបន្ដថា យើងអាចចូលរួមបានជាមួយសកម្មភាពងាយៗ រួមការប្រតិបត្តិមេត្រីភាពបរិស្ថាន ធ្វើការសម្អាត អនាម័យ បរិស្ថាន តាមលំនៅដ្ឋាន ទីសាធារណៈ ដោយទុកដាក់សម្រាម សំណល់ផ្សេងៗក្នុងធុងសម្រាមឲ្យបានត្រឹមត្រូវ និងដាំដើមឈើ ឲ្យមានភាពបៃតងស្រស់ប្រកបដោយផាសុកភាព៕