(ភ្នំពេញ)៖ រដ្ឋសភា នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន បង្ហាញអំពីលទ្ធផល នៃកិច្ចសន្ទនារវាងអាយប៉ា និងសហភាពអឺរ៉ុប នៃមហាសន្និបាតអន្ដរសភាអាស៊ាន (AIPA) លើកទី៤៣។

ស្ថិតក្នុងកិច្ចប្រជុំ នៃមហាសន្និបាតអាយប៉ាលើកទី៤៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ក៏មានកិច្ចសន្ទនារវាងសមាជិកអន្តរសភាអាយប៉ា និងប្រទេសសង្កេតការណ៍ចំនួន៧ប្រទេសទៀត ជាមួយនឹងសហភាពអឺរ៉ុប។

កិច្ចសន្ទនានេះ ដឹកនាំដោយលោក សួស យ៉ារ៉ា ប្រធានគណៈកម្មការទី៥ នៃរដ្ឋសភា និងជាប្រធានដឹកនាំកិច្ចសន្ទនារវាងអាយប៉ា និងសហភាពអឺរ៉ុប ដោយបានពិភាក្សាជាមួយគណៈប្រតិភូសហភាពអឺរ៉ុប ដែលជាដៃគូសង្កេតការណ៍ ក្នុងមហាសន្និបាតអន្តរសភាអាស៊ាន ដឹកនាំដោយ លោក Daniel Caspary សមាជិកសភាសហភាពអឺរ៉ុប។

ភាគីទាំងពីរ បានលើកឡើង ពីភាពជាដៃគូដ៏រឹងមាំ និងសកម្ម ហើយមានទំនាក់ទំនងមិត្តភាពយ៉ាងជិតស្និទ្ធ និងធ្វើការងារជាមួយគ្នាលើវិស័យជាច្រើន ជាពិសេសតាមរយៈកិច្ចខិតខំប្រឹងប្រែងស្តារសេដ្ឋកិច្ចឡើងវិញ ដែលត្រូវបានទទួលរងនូវការគំរាមកំហែង និងបញ្ហាប្រឈមជាច្រើន ដែលរួមមានគ្រោះមហន្តរាយផ្នែកអាកាសធាតុ ជម្លោះប្រដាប់អាវុធ ការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ និងការកើនឡើងនៃតម្លៃស្បៀងអាហារ និងថាមពល។

បាតុភូតទាំងនេះពិតជារំខានដល់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍក្នុងតំបន់ និងជាសកល។ បន្ថែមពីលើនេះ សហភាពអឺរ៉ុបបានផ្ដល់ ជំនួយផ្នែកថែទាំសុខភាពប្រឆាំងនឹងជំងឺរាតត្បាតកូវីដ-១៩ ដល់បណ្តាប្រទេសអាស៊ាន។ កិច្ចសន្ទនាក៏បានពិភាក្សាអំពីសេចក្តីថ្លែងការណ៍រួម ស្តីពីកិច្ចសន្ទនាអន្តរសភាលើកទី២ រវាងសភាអឺរ៉ុប និងមហាសន្និបាតអន្តរសភាអាស៊ាន ដែលស្នើឡើងដោយសភាអឺរ៉ុប។

កិច្ចប្រជុំក៏បានអនុម័តដើម្បីជំនួសពាក្យ «សេចក្តីថ្លែងការណ៍រួម» ទៅជា «សេចក្ដីថ្លែងការរបស់ប្រធានអង្គប្រជុំ»។ កិច្ចប្រជុំបានផ្តោតសំខាន់លើប្រធានបទ វិនិយោគលើសន្តិភាព និរន្តរភាព និងការស្ដារសេដ្ឋកិច្ចឡើងវិញក្រោយជំងឺកូវីដ-១៩ ហើយបញ្ហាចំនួនបីទៀត ដូចជា៖

* សង្គ្រាម និងសន្តិភាព
* ការអភិវឌ្ឍបៃតងប្រកបដោយចីរភាព
* ការងើបឡើងវិញនៃ សេដ្ឋកិច្ចក្រោយវិបត្តិជំងឺកូវីដ-១៩។

ភាគីទាំងពីរបានបញ្ជាក់អំពីការប្តេជ្ញាចិត្ត អនុវត្តសេចក្តីថ្លែងការណ៍របស់ប្រធានអង្គប្រជុំ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី មហាសន្និបាតអន្តរសភាអាស៊ាន និង កិច្ចព្រមព្រៀងសហភាពអឺរ៉ុបបៃតង ធ្វើការងារលើថវិកាជាតិ និងស្វាគមន៍ការវិនិយោគ៕