(ខេត្តឧត្តរមានជ័យ)៖ លោក ស ថាវី អភិបាលខេត្តឧត្តរមានជ័យ បានប្រកាសបើកសម្ពោធបើកការដ្ឋានសាងសង់ ស្ពានថ្មបេតុង ជូនប្រជាពលរដ្ឋរស់នៅ ក្បែរជួរភ្នំដងរ៉ែក​ ប្រើប្រាស់។ ការប្រកាស បើសម្ពោធការដ្ឋានសាងសង់ ស្ពានថ្មបេតុង ធ្វើឡើង  ក្នុងពិធីបញ្ចុះបឋមសិលាសាងសង់ស្ពានថ្មបេតុង មួយកន្លែង ប្រវែង១៥ម៉ែត្រ និង ទទឹង៧ម៉ែត្រ ជូនប្រជាពលរដ្ឋភូមិដងទង់ សង្កាត់កូនគ្រៀល ក្រុងសំរោងប្រើប្រាស់ នៅព្រឹក ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៦នេះ។

លោក ស ថាវី បានឲ្យដឹងថា « ក្រោមការដឹកនាំ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានធ្វើឲ្យប្រទេសជាតិ មានការអភិវឌ្ឍន៍ រីកចំរើនលើគ្រប់វិស័យ ពីមួយថ្ងៃ ទៅមួយថ្ងៃ ជាក់ស្តែងដូចជាភូមិដងទង់នេះជាដើម កាលពីមុនយើងគ្មានទាំងផ្លូវធ្វើដំណើរ គ្មានស្ពាន គ្មានសាលារៀន គ្មានវត្តអារ៉ាម គ្មានមណ្ឌលសុខភាពជាដើម។ បច្ចុប្បន្ននេះ   យើងមានសព្វបែបយ៉ាង ហើយ ក្នុងនាមអជ្ញាធរខេត្ត នឹងរួមគ្នាខិតខំបន្តទៀតចូលរួមចំណែក ជាមួយប្រមុខរាជរដ្ឋាភិបាលអភិវឌ្ឍន៍ប្រទេសយើងអោយមានការរីកចំរើនថែមទៀត»

លោក សាំង ប៊ុនថេន ប្រធានមន្ទីសាធារណការខេត្ត បានបញ្ជាក់ថា ស្ពាននេះ​ជាជំនួយឥតសំណង របស់ប្រជាជនជប៉ុន តាមរយៈស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា មានបណ្តោយ ១៥ម៉ែត្រ និង ទទឹង៧ម៉ែត្រ ចំណាយថវិការអស់ ៩០,៣៥០ដុល្លារអាមេរិក។

លោក អភិបាលខេត្ត ក៍បានសំណូមពរថា ពេលដែលសាងសង់ស្ពានរួច សូមនាំគ្នាចូលរួមថែរក្សាប្រយោជន៍ ដើម្បីឲ្យបានប្រើប្រាស់យូរអង្វែង និង សូមចូលរួមគោរពច្បាប់ចរាចរណ៍ ឲ្យបានគ្រប់ៗគ្នា។

 បន្ថែមពីលើនេះ លោកស ថាវី ក៍បានចែកអំណោយ ជាសារុងដល់ប្រជាពលរដ្ឋដែលចូលរួម២៥០នាក់ ក្នុងម្នាក់ទទួលបាន សារ៉ុង១ ក្រុមជាងសាងសង់ ទទួលបាន អង្ករ២ ការ៉ុង មី១០កេស ត្រីខ១០យួរ ទឹកត្រី ទឹកស៊ីអ៊ីវ និង បានចាត់បេតុង ជានិមិត្តរូបសាងសង់ស្ពាននេះចាប់ពីថ្ងៃនេះតទៅ៕