(ភ្នំពេញ)៖ ក្នុងជំនួបសន្ទនាគ្នារវាងសមាជិកអន្តរសភាអាយប៉ា (AIPA) លើកទី៤៣ ជាមួយសមាជិកសភាប៊ែលឡារុស នឹងក្លាយជាវេទិកាដ៏សំខាន់មួយទៀតដែលនឹងធ្វើឱ្យកិច្ចសហប្រតិបត្តិការអាស៊ាន-ប៊ែលឡារុស កាន់តែស៊ីជម្រៅជាពិសេសក្នុងការរក្សា និងលើកកម្ពស់សន្តិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់ ក៏ដូចជាបន្តស្វែងរកផ្នែកនៃសហប្រតិបត្តិការថ្មីៗ ដើម្បីពន្លឿនការស្តារសេដ្ឋកិច្ចសង្គមក្រោយវិបត្តិកូវីដ១៩ និងការអភិវឌ្ឍប្រកបដោយចីរភាព។

កិច្ចសន្ទនានេះបានធ្វើឡើងនាព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ ដឹកនាំដោយលោក ឈិត គឹមយាត តំណាងសភាកម្ពុជា លើប្រធានបទ៖ «ការវិនិយោគ ក្នុងសន្តិភាព ការអភិវឌ្ឍន៍ប្រកបដោយចីរភាព និងការស្តារឡើងវិញក្រោយវិបត្តិកូវីដ១៩»

សមាសភាពដែលចូលរួមក្នុងកិច្ចពិភាក្សានេះ រួមមានលោក Maleri Mitskevich អនុប្រធានសភាតំណាងរាស្រ្ដនៃសាធារណរដ្ឋ ប៊ែឡារុស ព្រមទាំង លោកស្រី Anna Lepeshko រួមទាំងគណៈប្រតិភូសភាសមាជិកអាយប៉ា។

លោក ឈិត គឹមយាត បានឱ្យដឹងថា៖ «ភាពសំខាន់នៃប្រធានបទ និងកិច្ចពិភាក្សាថ្ងៃនេះ ដែលអនុញ្ញាតឱ្យសមាជិកសភាមកពីប្រទេសសមាជិកអាយប៉ា និងសភាប៊ែលឡារុស បានបញ្ជាក់សារថ្មីអំពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការរវាងគ្នា តាមរយៈការថ្លែងសាររបស់ប្រទេសនីមួយៗទាក់ទងនឹងចំណងមិត្តភាពជាមួយប្រទេសប៊ែលឡារុស»

នាឱកាសនេះដែរ លោកក៏បានរំលឹកពីភាពជាដៃគូយ៉ាងជិតស្និតប្រកបដោយការគោរពគ្នា ការយោគយល់គ្នា និងផ្តល់ផលប្រយោជន៍ទៅវិញទៅមក រវាងអាស៊ាន និងប៊ែលឡារុស តាំងពីឆ្នាំ១៩៩៥។

ជាមួយគ្នានេះ លោក ឈិត គឹមយាត បានគូសបញ្ជាក់ថា៖ «ប្រទេសរបស់យើងបានផ្លាស់ប្តូរទស្សនកិច្ចនៅកម្រិតផ្សេងៗគ្នា ហើយទំនាក់ទំនងរបស់យើងគ្របដណ្តប់លើវិស័យជាច្រើនរួមទាំងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវប្បធម៌។ ខណៈពេលដែលការផ្លាស់ប្តូរពាណិជ្ជកម្មទ្វេភាគីរបស់យើងនៅមានកម្រិតទាបនៅឡើយ ទំនាក់ទំនងរបស់យើងបានបន្តសន្យាលើផ្នែកសេដ្ឋកិច្ច ដែលកិច្ចប្រជុំពិគ្រោះយោបល់ទ្វេភាគីត្រូវបានធ្វើឡើងជាទៀងទាត់ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មលើវិស័យដូចជា៖ កសិកម្ម ការកែច្នៃម្ហូបអាហារ និងផលិតកម្មស្បៀងអាហារ»