(កែប)៖ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានពន្យល់ពីដំណើរការនៃចង្វាក់ផលិតកម្មកសិកម្ម ដើម្បីឱ្យមានការទីផ្សារ គឺតម្រូវឲ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ នៅក្នុងវិស័យកសិកម្ម។

ការពន្យល់បែបនេះ ធ្វើឡើងក្នុងឱកាសដែល លោក ឌិត ទីណា ជួបសំណេះសំណាល និងផ្តល់យោបល់ដល់បណ្តុំអាជីវកម្ម ផលិតកម្មផ្លែឈើចម្រុះ នៅភូមិចំការ៣ ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២។

លោក ឌិត ទីណា បានលើកឡើងថា ពាក់ព័ន្ធនឹងការងារគម្រោងដែលជាទូទៅយើងត្រូវធ្វើយ៉ាងណា ដើម្បីជួយឲ្យប្រជាកសិករ បង្កើតទៅជារចនាសម្ព័ន្ធមួយ [ក្រុម] ដែលមានអ្នកផលិត អ្នកត្រួតពិនិត្យ អ្នកប្រមូលទិញ និងអ្នកយកទៅបញ្ចេញរហូតដល់ទីផ្សារ។

លោក ឌិត ទីណា បានគូសបញ្ជាក់ថា ការងារនេះត្រូវធ្វើដោយមានការគិតគូរច្បាស់លាស់ តើមួយដំណាក់ៗ ត្រូវមានប្រាក់ចំណេញប៉ុន្មាន សម្រាប់តួអង្គទាំងអស់។ ការបែងចែកផលចំណេញ ដោយយុត្ដិធម៌ទៅតាមកម្លាំងពលកម្ម ទៅតាមការចំណាយ ទៅតាមការទទួលខុសត្រូវ ដែលចេញជាលទ្ធផលពិតនៃញើសឈាមម្នាក់ៗ។ ការធ្វើបែបនេះហើយ ដើម្បីឲ្យការធ្វើនៅថ្ងៃខាងមុខមាននិរន្ដភាព៕

ដើម្បីឲ្យកាន់តែជ្រាបច្បាស់ សូមទស្សនាវីដេអូនៃការពន្យល់របស់លោក ឌិត ទីណា ខាងក្រោមនេះ៖