(ភ្នំពេញ)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានផ្ទេរតំណែងរដ្ឋមន្ត្រីការពារជាតិអាស៊ានប្តូរវេន ជូនរដ្ឋមន្ត្រីការពារជាតិឥណ្ឌូនេស៉ី ដែលប្រទេសនេះត្រូវធ្វើជាប្រធានអាស៊ាន នៅឆ្នាំ២០២៤។

តាមទំព័រ Facebook, សម្តេចពិជ័យសេនា ទៀ បាញ់ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «បន្ទាប់ពីការថ្លែងសុន្ទរកថាគន្លឹះបើកកិច្ចប្រជុំក្រោមអធិបតីភាពសម្តេចតេជោនាយករដ្ឋមន្រ្តី កិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិអាស៊ាន-បូក លើកទី៩ បានដំណើរការតាមកម្មវិធីគ្រោងទុក ដោយបានឯកភាពគ្នាលើគំនិតផ្តួចផ្តើមមួយចំនួន សំដៅពង្រឹងកិច្ចខិតខំប្រឹងប្រែងក្នុងការសម្រេចបាននូវគោលដៅរួម ដើម្បីលើកកម្ពស់សន្តិភាព ស្ថិរភាព សន្តិសុខ និងវិបុលភាពក្នុងតំបន់ និងពិភពលោក។ នៅក្នុងពិធីបិទកិច្ចប្រជុំ ខ្ញុំក៏បានផ្ទេរតំណែងជាប្រធានរដ្ឋមន្រ្តីការពារជាតិអាស៊ាន ឆ្នាំ២០២៣ ពីព្រះរាជាណាចក្រកម្ពុជា ជូនឯកឧត្តម Prabowo Subianto រដ្ឋមន្រ្តីការពារជាតិ នៃសាធារណរដ្ឋឥណ្ឌូនេស៉ី»

សូមបញ្ជាក់ថា នៅថ្ងៃទី២២ ដល់ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ ក្រសួងការពារជាតិកម្ពុជា ទទួលធ្វើជាម្ចាស់ផ្ទះរៀបចំនូវកិច្ចប្រជុំសំខាន់ៗមួយចំនួនរួមមាន៖ កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានចង្អៀត (ADMM Retreat), កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូកលើកទី៩ (9th ADMM Plus) កិច្ចប្រជុំក្រៅផ្លូវការរដ្ឋមន្ត្រីការពារជាតិ អាស៊ាន-ឥណ្ឌា, កិច្ចប្រជុំក្រៅផ្លូវការរដ្ឋមន្ត្រីការពារជាតិអាស៊ាន-សហរដ្ឋអាមេរិក៕