(កំពង់ធំ)៖ លោក ឆាំ ថន អភិបាលរងស្រុកប្រាសាទសំបូរ បានសំណូមពរដល់អាជ្ញាធរភូមិឃុំ និងសហគមន៍ ឲ្យបន្តសហការជាមួយគ្នាបន្ថែមទៀត ដើម្បីចូលរួមការពារផលប្រយោជន៍របស់សហគមន៍ ដែលមានស្រាប់នៅក្នុងមូលដ្ឋានរបស់ខ្លួន។

ការថ្លែងបែបនេះរបស់លោកអភិបាលរងស្រុក ធ្វើឡើងក្នុងកិច្ចប្រជុំពិភាក្សាពីកង្វល់ និងបញ្ហារបស់សហគមន៍ និងស្វែងរកដំណោះស្រាយនៅក្នុងមូលដ្ឋាន ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២នេះ រៀបចំដោយអង្គការវិទ្យាស្ថានតស៊ូមតិ និងគោលនយោបាយ (API)។

លោក ឈើយ ប៊ុនទ្រីម តំណាងអង្គការវិទ្យាស្ថានតស៊ូមតិ និងគោលនយោបាយ បានលើកឡើងថា API បានកំពុងអនុវត្តគម្រោងសំឡេង និងសកម្មភាពរបស់ប្រជាពលរដ្ឋសម្រាប់ការ អភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពក្នុងប្រទេសកម្ពុជា ក្រោមជំនួយឧបត្ថម្ភគំទ្រថវិកាពីព្រះវិហារជំនួយ ដេណឺម៉ាក (DCA) និងប្រេតដ៏ ហ្វរ ដឹវើលយ៍ (BFDW) បានខិតខំប្រឹងប្រែងប្រកបដោយសម្រេចគោលបំណងរួម ក្នុងការបំពេញសិទ្ធិ និងលើកកម្ពស់សំឡេងរបស់ប្រជាពលរដ្ឋ ដើម្បីធ្វើឲ្យការអភិវឌ្ឍន៍ប្រទេសកាន់តែមាននិរន្តរភាព។

លោកបានបញ្ជាក់ថា កិច្ចប្រជុំពិភាក្សានាថ្ងៃនេះ មានគោលបំណងកំណត់បាននូវបញ្ហាផ្សេងៗ ដែលបានកើតឡើងនៅតាមសហគមន៍មូលដ្ឋាន ព្រមទាំងធ្វើផែនការ ដោះស្រាយ និងឆ្លើយតបជាវិជ្ជមានទៅនឹងបញ្ហារបស់ប្រជាពលរដ្ឋ នៅមូលដ្ឋានដោយផ្ទាល់នៅសហគមន៍។

ក្នុងឱកាសនោះលោក ឆាំ ថន ក៏បានកោតសរសើរ និងវាយតម្លៃ ខ្ពស់ចំពោះអង្គការវិទ្យាស្ថានតស៊ូមតិ និងគោលយោបាយ (API) ដែលបានខិតខំប្រឹងប្រែងផ្តល់យោបល់ បទពិសោធន៍ ដើម្បីដោះស្រាយពីកង្វល់ និងបញ្ហាក្នុងសហគមន៍ និងស្វែងរកដំណោះស្រាយជូនប្រជា ពលរដ្ឋរយៈពេលកន្លងមក។

លោកអភិបាលរងស្រុក ក៏បានសំណូមពរដល់អាជ្ញាធរភូមិឃុំ និងសហគមន៍ ឲ្យបន្តសហការជាមួយគ្នាបន្ថែមទៀត ដើម្បីចូលរួមការពារផលប្រយោជគរបស់សហគមន៍ ដែលមានស្រាប់នៅក្នុងមូលដ្ឋានរបស់ខ្លួន ព្រមទាំងបានធ្វើការគាំទ្រ និងចូលរួមសហការជាមួយសហគមន៍ទាំងអស់នៅក្នុងមូលដ្ឋានរបស់ខ្លួន ក្នុងការអនុវត្តរាល់ការលំបាក និងបញ្ហាប្រឈមនានាដែលកើតមានឡើងក្នុងការរួមគ្នាដោះស្រាយ។ ជាពិសេសសូមឲ្យសហគមន៍ទំនាក់ទំនងជាមួយការិយាល័យពាក់ព័ន្ធ និងអង្គការដៃគូអភិវឌ្ឍន៍ដើម្បីជួយពង្រឹងបន្ថែមដល់សហគមន៍៕