(កំពង់ធំ)៖ នៅព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២នេះ លោក សាយ គឹមឡម អភិបាលស្រុកស្ទោង និងសហការី ព្រមទាំងរដ្ឋបាលឃុំកំពង់ចិនត្បូង បានចុះពិនិត្យមើលស្ថានភាពសាងសង់ផ្លូវលេខ២៥៦D និងការរុះរើសំណង់ផ្សេងៗ ដែលប៉ះពាល់ចំណីផ្លូវដែលប្រជាពលរដ្ឋសាងសង់សំណង់កន្លងមក ស្ថិតនៅក្នុងភូមិឈើទាល ភូមិកំពង់ចិន និងភូមជីយោគ ឃុំកំពង់ចិនត្បូង ស្រុកស្ទោង ខេត្តកំពង់ធំ។

ក្នុងឱកាសនោះ លោក សាយ គឹមឡម បានអំពាវនាវដល់ប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋាន ដែលបានអាស្រ័យផល និងសាងសង់សំណង់ផ្សេងៗ នៅអមសង្ខាងដីចំណីផ្លូវនៅទីនេះ ត្រូវជួយសហការជាមួយរដ្ឋបាលស្រុកស្ទោង ក្នុងការរុះរើសំណង់ទាំងនោះ ដើម្បីឲ្យរដ្ឋបាលស្រុកមានលទ្ធភាពគ្រប់គ្រាន់ក្នុងការ រៀបចំសណ្តាប់ធ្នាប់ របៀបរៀបរយសង្គម បរិស្ថាន និងសាងសង់ផ្លូវនានា ជាពិសេសផ្លូវគ្រប់ប្រភេទដើម្បីអភិវឌ្ឍន៍ទីរួមស្រុកស្ទោងទាំងមូល។

លោកបានបញ្ជាក់ថា កិច្ចការនេះមិនមែនសម្រាប់តែឃុំកំពង់ចិនត្បូងមួយទេ គឺគ្រប់រដ្ឋបាលឃុំក្នុងស្រុកស្ទោង ត្រូវណែនាំដល់ប្រជាពលរដ្ឋរបស់ខ្លួន សហការជាមួយអាជ្ញាធរពាក់ព័ន្ធដើម្បីអភិវឌ្ឍមូលដ្ឋានទាំងអស់គ្នា។ លោកក៏បានជំរុញដល់រដ្ឋបាលឃុំកំពង់ចិនត្បូង ត្រូវបង្កើនការយកចិត្តទុកដាក់ក្នុងការបើកផ្លូវនេះឡើងវិញ ជាពិសេសត្រូវធ្វើសេចក្តីជូនដំណឹង និងកិច្ចសន្យាដល់គ្រប់ម្ចាស់ផ្ទះដែលត្រូវធ្វើការរុះរើ និងសហការឲ្យបានឆាប់រហ័ស និងគ្រប់ៗគ្នា តាមបទដ្ឋានបច្ចេកទេស។

គួរបញ្ជាក់ថា ផ្លូវ២៦៥D ក្រាលកៅស៊ូ DBST ប្រវែង១,៧០០ម៉ែត្រ ទទឹង៧ម៉ែត្រ ចិញ្ចើមទទឹង១ម៉ែត្រ សងខាង ចន្លោះគឺឡូម៉ែត្រ០០+០០០ ដល់គឺឡូម៉ែត្រ០១+៧០០ ស្ថាបនាលូទោលមុខកាត់១ម៉ែត្រ ប្រវែង១០ម៉ែត្រ ចំនួន៣កន្លែង និងលូប្រអប់មុខពីរ ប្រវែង១០ម៉ែត្រ ទទឹង៦ម៉ែត្រ កម្ពស់៣ម៉ែត្រ ចំនួន១កន្លែង ស្ថិតក្នុងឃុំកំពង់ចិនត្បូង ស្រុកស្ទោង ខេត្តកំពង់ធំ៕