(កែប)៖ ថ្លែងចេញពីខេត្តកែប ក្នុងឱកាសចុះជួបសំណេះសំណាល និងពិនិត្យវឌ្ឍនភាពការងារវិស័យកសិកម្ម និងកម្មវិធីអាស្ពាយ (ASPIRE) នៅភូមិចំការបី ឃុំពង់ទឹក ស្រុកដំណាក់ចង្អើរ នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ លោក ឌិត ទីណា រដ្ឋមន្ត្រីថ្មីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលទើបចូលកាន់តំណែងជាង១ខែមកនេះ បានអះអាងថា លោកមិនបារម្ភពីការរិះគន់មួយចំនួនពីបងប្អូនប្រជាពលរដ្ឋនោះទេ ហើយថាការរិះគន់នេះ មិនអាចបង្អាក់ការងាររបស់លោក ក្នុងការធ្វើកំណែទម្រង់វិស័យកសិកម្ម ដើម្បីផលប្រយោជន៍ប្រជាជនឡើយ។

ការលើកឡើងរបស់រដ្ឋមន្ត្រី បានធ្វើឡើងបន្ទាប់ពីរយៈពេលចុងក្រោយនេះ វិស័យកសិកម្មបានជួបប្រទះ នូវបញ្ហាប្រឈមមួយចំនួន ពិសេសប៉ុន្មានថ្ងៃចុងក្រោយនេះ គឺការធ្លាក់ចុះនៃតម្លៃស្រូវ ដែលធ្វើឲ្យមានការរិះគន់មកលើរូបលោក។

លោក ឌិត ទីណា បានបញ្ជាក់យ៉ាងច្បាស់ៗថា ទោះបីជាមានអ្នកជេរ និងមានអ្នករិះគន់ យ៉ាងណាក៏ដោយក្ដី ក៏លោកនៅតែបន្ដធ្វើការងារ និងបន្ដនិយាយ ដើម្បីកំណែទម្រង់ក្នុងវិស័យទាំងមូល នៃវិស័យកសិកម្មកម្ពុជា។

លោក ឌិត ទីណា បានបញ្ជាក់ច្បាស់ៗយ៉ាងដូច្នេះថា «ការធ្វើកំណែទម្រង់ទៅមុខ ខ្ញុំនឹងបន្ដនិយាយបន្ដិចម្ដងៗ ដើម្បីឲ្យមានការជ្រោមជ្រែង ហើយខ្ញុំនៅតែបន្ដធ្វើតាមដំណើរតទៅមុខដដែល ទោះបីជាមានអ្នកជេរ និងមានអ្នករិះគន់ [...] អត់មានថ្ងៃដែលខ្ញុំមិនអាចធ្វើអីបានទេ ព្រោះអីខ្ញុំជាមនុស្សចូលចិត្ដធ្វើការ ហើយបើសិនជាខ្ញុំមិនធ្វើការងារហ្នឹង ក៏ខ្ញុំធ្វើការងារអ្វីផ្សេងដដែល»

បន្ថែមពីនោះទៀត លោក ឌិត ទីណា បានគូសបញ្ជាក់ថា កំណែទម្រង់ក្នុងវិស័យទាំងមូលនៃវិស័យកសិកម្ម ត្រូវធ្វើរួមគ្នា ដោយមានយុទ្ធសាស្ដ្ររួម ហើយបំបែកទៅជាការទទួលខុសត្រូវផ្សេងៗ។ ចំពោះប្រជាកសិករ នឹងមានផែនការមួយចំនួន សម្រាប់ធ្វើ ហើយនឹងមិនមែនការបង្ខិតបង្ខំអ្វីនោះទេ។ កសិករណាអាចធ្វើតាមផែនការ នឹងមានការធានាមួយចំនួន ហើយប្រជាពលរដ្ឋណា ចង់នៅក្នុងទម្លាប់ចាស់ អាចនៅរក្សាទម្លាប់ដដែលបាន ប៉ុន្ដែអាចនឹងប្រឈមទៅនឹងបញ្ហាទីផ្សារ និងបញ្ហាផ្សេងៗ ដែលធ្លាប់កើតមាន។

រដ្ឋមន្ត្រីក្រសួងកសិកម្ម បានពន្យល់ថា «ពេលណាយើងធ្វើរួមគ្នា យើងអាចមានការចំណាយតិចជាងមុន ក៏ប៉ុន្ដែយើងក៏មានហានិភ័យទាបជាងផងដែរ»

លោក ឌិត ទីណា បានលើកឡើងថា «ចង់ដើរលឿន ដើរម្នាក់ឯង ប៉ុន្ដែដួលម្នាក់ឯងដែរ ប៉ុន្ដែបើសិនជាចង់ដើរបានឆ្ងាយ គឺយើងដើររួមគ្នា ដែលត្រូវរួមគ្នាទាំងអស់ ទាំងមន្ដ្រី ទាំងកសិករ ទាំងអ្នកទិញ ទាំងអ្នកយកទៅលក់បន្ដ ទាំងអ្នកផ្គត់ផ្គង់ផ្សេងៗ ទាំងដៃគូអភិវឌ្ឍន៍»

លើសពីនោះទៀត លោក ឌិត ទីណា បានសង្កត់ធ្ងន់ថា លោកមិនអាចមិននិយាយបានទេ ពីព្រោះថាការងារដែលធ្វើ គឺជាការងារដែលប្រមូលកម្លាំងសរុប បើសិនជាលោកមិនពន្យល់ទៅគ្រប់ទីកន្លែង គ្រប់ចង្វាក់ផលិតកម្មនៃកសិកម្មទាំងមូល តើមានថ្ងៃណា ដែលបងប្អូនបានយល់ហើយចូលរួម ធ្វើការកែទម្រង់ និងកែទម្លាប់ចាស់នោះ?

លោក ឌិត ទីណា ក៏បានលើកឡើងផងដែរថា អ្នករិះគន់គាត់រិះគន់ទៅ លោកមិនបារម្ភទេ ហើយក៏មិនធ្វើឲ្យប៉ះពាល់ទៅដល់ ដំណើរការនៃការព្យាយាមជួយប្រជាពលរដ្ឋនោះដែរ។ លោកនឹងបន្ដធ្វើបន្ដទៅទៀត តាមសមត្ថភាពដែលអាចធ្វើទៅបាន៕