(ភ្នំពេញ)៖ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានបញ្ជាក់ថា សត្វកែះញីមួយក្បាល ដែលត្រូវបានជួយសង្គ្រោះក្រោយរងរបួស និងរលូតកូនមានសុខភាពល្អប្រសើរបន្តិចហើយ។

លោកបានឱ្យដឹងថា នៅព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ក្រុមមន្ត្រីអភិរក្ស និងអ្នកជំនាញពេទ្យសត្វបាននាំមកកាន់មជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃនៅឧទ្យានជាតិភ្នំតាម៉ៅ ដើម្បីបន្តថែទាំ និងព្យបាលឱ្យវាមានសុខភាពលល្អប្រសើរឡើងវិញ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ មន្ត្រីឧទ្យានុរក្សនិងប្រជាពលរដ្ឋនៅស្រុកសំឡូត ខេត្តបាត់ដំបង បានជួយសង្គ្រោះសត្វកែះញីមួយក្បាល ក្រោយពីជាប់អន្ទាក់ និងដេញប្រផាប់ចាប់ប្រភីងពីក្រុមព្រានព្រៃ ហើយបានធ្លាក់ពីជ្រលងភ្នំ ធ្វើឱ្យធ្លោះចង្កេះ សន្លប់និងបាក់ជើង។ សត្វកែះញីនេះ បានរួចរស់ជីវិត និងស្ថិតក្រោមការតាមដានរបស់ ក្រុមជំនាញពេទ្យសត្វរបស់អង្គការសម្ព័ន្ធមិត្តសត្វព្រៃ ក្រោយពីការជួយសង្គ្រោះ។ ប៉ុន្តែជាអុកសល កូនក្នុងផ្ទៃរបស់សត្វកែះញីនេះបានរលូតស្លាប់បាត់បង់ជីវិត គួរឱ្យសោកស្តាយ។

ក្រសួងបរិស្ថានសូមថ្លែងអំណរគុណចំពោះមន្ត្រីឧទ្យានុរក្សនៃមន្ទីរបរិស្ថានខេត្តបាត់ដំបង និងប្រជាពលរដ្ឋដែលបានសហការគ្នាជួយសង្គ្រោះសត្វកែះដ៏កម្រនេះ និងសូមថ្លែងអំណរគុណចំពោះក្រុមការងារសង្គ្រោះសត្វព្រៃចម្រុះ និងអ្នកជំនាញពេទ្យសត្វរបស់អង្គការ WA ដែលបានជួយសង្គ្រោះសត្វកែះញី មិនឱ្យស្លាប់បាត់បង់ជីវិតដោយសារតែរងរបួស និងរលូតកូន៕