(ភ្នំពេញ)៖ អគ្គលេខាធិការឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន បញ្ជាក់ឲ្យដឹងថា នៅព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២ស្អេកនេះ ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម នឹងបើកសម័យប្រជុំលើកទី៣៦ នៅព្រះបរមរាជវាំង ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ព្រះករុណា ជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រនៃកម្ពុជា ព្រះប្រធានឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ដើម្បីដើម្បីពិនិត្យ សម្រេច និងពិគ្រោះយោបល់ លើរបៀបវារៈចំនួន១០។

របៀបវារៈចំនួន១០ ដែលត្រូវពិនិត្យ សម្រេច និងពិគ្រោះយោបល់រួមមាន ដូចខាងក្រោម៖

របៀបវារៈទី១៖ ពិនិត្យ និងសម្រេចលើសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាវិន័យ នៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម។
របៀបវារៈទី២៖ពិនិត្យ និងសម្រេច អំពីការផ្ទេរ និងតែងតាំង ចៅក្រម មួយចំនួន។
របៀបវារៈទី៣៖ពិគ្រោះយោបល់លើសំណើផ្ទេរ និងតែងតាំងព្រះរាជអាជ្ញា ព្រះរាជអាជ្ញារងមួយចំនួន តាមសំណើរបស់រដ្ឋមន្ត្រីក្រសួងយុត្តិធម៌។
របៀបវារៈទី៤៖ ពិនិត្យ និងផ្តល់យោបល់ អំពីការស្នើដំឡើងថ្នាក់ ឋានន្តរស័ក្តិ តាមវេនអតីតភាពតាមកម្រិតសញ្ញាបត្រ ចំពោះចៅក្រម និងព្រះរាជអាជ្ញា។
របៀបវារៈទី៥៖ ពិនិត្យ និងសម្រេច អំពីការបន្តការងាររបស់អនុប្រធាន០១រូប នៃតុលាការកំពូល ដែលមានអាយុចាប់ពី ៦៥ឆ្នាំ។
របៀបវារៈទី៦៖ ពិនិត្យ និងសម្រេច អំពីសំណើសុំលាឈប់ពីមុខតំណែង និងក្របខណ្ឌចៅក្រមរបស់ចៅក្រម០២រូប តាមសំណើរបស់សាមីខ្លួន។
របៀបវារៈទី៧៖ ពិគ្រោះយោបល់លើសំណើសុំលាឈប់ពីមុខតំណែង និងក្របខណ្ឌព្រះរាជអាជ្ញរបស់ព្រះរាជអាជ្ញារង ០១រូប តាមសំណើរបស់សាមីខ្លួន។
របៀបវារៈទី៨៖ ពិនិត្យ និងសម្រេច លើសំណើសុំដាក់ឲ្យនៅទំនេរគ្មានបៀវត្សរយៈពេល០២ឆ្នាំ របស់អនុប្រធាន ០១រូប នៃសាលាដំបូងខេត្តឧត្តរមានជ័យ។
របៀបវារៈទី៩៖ ពិនិត្យ និងសម្រេច លើសំណើសុំអនុញ្ញាតច្បាប់ទៅបន្តការសិក្សា របស់ចៅក្រម០១រូបនៃសាលាដំបូងខេត្តកណ្តាល។
របៀបវារៈទី១០៖ បញ្ហាផ្សេងៗ៕