(ភ្នំពេញ)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា បានជួបពិភាក្សាទ្វេភាគីជាមួយ លោក Richard Marles MP ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិអូស្រ្តាលី នៅក្នុងឱកាសនៃកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន-បូក លើកទី៩ (9th ADMM-Plus) និងកិច្ចប្រជុំពាក់ព័ន្ធ នៅខេត្តសៀមរាប នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២។

សម្តេចពិជ័យសេនា ទៀ​ បាញ់ បានបញ្ជាក់តាមបណ្តាញសង្គមថា នៅក្នុងជំនួបទ្វេភាគីនេះ ភាគីទាំងពីរកម្ពុជា-អូស្រ្តាលី បានធ្វើការវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការដែលបានអនុវត្តកន្លងមក និងប្តេជ្ញាបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍន៍ធនធានមនុស្ស និងការកសាងសមត្ថភាពយោធិនកងយោធពលខេមរភូមិន្ទឱ្យកាន់តែប្រសើរឡើងថែមមួយកម្រិតទៀត៕