(ភ្នំពេញ)៖ នៅព្រឹកថ្ងៃពុធ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានអាស៊ាន អញ្ជើញជាអធិបតីបើកកិច្ចប្រជុំ រដ្ឋមន្ត្រីការពារជាតិអាស៊ាន-បូកលើកទី៩ និងកិច្ចប្រជុំពាក់ព័ន្ធមួយចំនួនទៀត។ កិច្ចប្រជុំនេះរៀបចំឡើងនៅសណ្ឋាគារសុខាខេត្តសៀមរាប។

ក្នុងអញ្ជើញជាអធិបតីបើកិច្ចប្រជុំនេះ សម្តេចតេជោ ហ៊ុន សែន នឹងថ្លែងសុន្ទរកថាគន្លឹះ ដែលគូសរំលេចពីបញ្ហាសន្តិសុខនៅក្នុងតំបន់ និងពិភពលោក ក៏ដូចជាបញ្ហាប្រឈមមួយចំនួនទៀត។

សូមបញ្ជាក់ថា នៅថ្ងៃទី២២ ដល់ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ ក្រសួងការពារជាតិកម្ពុជា ទទួលធ្វើជាម្ចាស់ផ្ទះរៀបចំនូវកិច្ចប្រជុំសំខាន់ៗមួយចំនួន រួមមាន៖ កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានចង្អៀត (ADMM Retreat), កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូកលើកទី៩ (9th ADMM Plus) កិច្ចប្រជុំក្រៅផ្លូវការរដ្ឋមន្ត្រីការពារជាតិ អាស៊ាន-ឥណ្ឌា, កិច្ចប្រជុំក្រៅផ្លូវការរដ្ឋមន្ត្រីការពារជាតិអាស៊ាន-សហរដ្ឋអាមេរិក។

សម្រាប់កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូក មានការអញ្ជើញចូលរួមពីសំណាក់រដ្ឋមន្ត្រីការពារជាតិមកពីប្រទេសមិនមែន សមាជិកអាស៊ានចំនួន៨ផ្សេងទៀត រួមមាន៖ សហរដ្ឋអាមេរិក, ចិន, រុស្សី, ជប៉ុន, ឥណ្ឌា, កូរ៉េខាងត្បូង, នូវែលស៉ីឡង់ និងអូស្ត្រាលី។

នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ ទីប្រឹក្សាពិសេស សម្តេចពិជ័យសេនា និងអគ្គនាយក នៃអគ្គនាយកដ្ឋានទំនាក់ទំនងអន្តរជាតិ នៃក្រសួងការពារជាតិ បានឱ្យដឹងថា ងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូក នឹងស្តាប់របាយការណ៍ នៃការអភិវឌ្ឍន៍ថ្មីៗនៅក្នុងអាស៊ាន ការផ្លាស់ប្តូរទស្សនៈស្តីពី «បរិយាកាសសន្តិសុខតំបន់ និងអន្តរជាតិ និងកិច្ចសន្ទនាជាយុទ្ធសាស្ត្រ ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការការពារជាតិក្នុងតំបន់»។

នៅក្នុងពិធីបិទបញ្ចប់ នៃកិច្ចប្រជុំខាងលើ សម្ដេចពិជ័យសេនា ទៀ បាញ់ ក៏នឹងធ្វើពិធីផ្ទេរតំណែងជាប្រធានកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ជូនលោក ប្រាបូវ ស៊ូប៊ីយ៉ានតូ រដ្ឋមន្ត្រីការពារជាតិ នៃសាធារណរដ្ឋឥណ្ឌូណេស៊ី ដែលជាប្រធានប្តូរវេនសម្រាប់ឆ្នាំ២០២៣ ផងដែរ៕