(ភ្នំពេញ)៖ កម្ពុជា និងបង់ក្លាដេស បានពិភាគ្សាគ្នាពីលទ្ធភាពនៃការចាប់ផ្តើមការងារនាំចេញជំហានដំបូង លើបរិមាណចំនួន ២៥០០០តោន ដែលនឹងត្រូវអនុវត្តន៍នៅពេលខាងមុខដ៏ខ្លី។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរួម របស់សហព័ន្ធស្រូវអង្ករកម្ពុជា និង ក្រុមហ៊ុនហ្គ្រីនត្រេដ របស់ក្រសួងពាណិជ្ជកម្ម។

សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំពិភាក្សាលើការងារនាំចេញអង្ករទៅប្រទេសបង់ក្លាដេស ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២២ ខែវិច្ឆិកានេះបញ្ជាក់ថា «កិច្ចប្រជុំបានបញ្ចប់ប្រកបដោយលទ្ធភាពផ្លែផ្កា និងសុទិដ្ឋិនិយមខ្ពស់ ក្នុងការចាប់ផ្តើមនាំអង្ករចេញ ទៅកាន់ប្រទេសបង់ក្លាដេស លើបរិមាណជំហានដំបូងចំនួន ២៥០០០តោន នូវរយៈពេលដ៏ខ្លីខាងមុខ ដែលស្របតាមគោលនយោបាយ និងកិច្ចខិតខំប្រឹងប្រែងរបស់ប្រមុខរាជរដ្ឋាភិបាល ដែលមាន សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការពង្រីកទីផ្សារស្រូវ អង្ករសម្រាប់ប្រជាជន និងប្រជាកសិករកម្ពុជា»

កិច្ចប្រជុំពិភាក្សាលើការងារនាំចេញអង្ករ ទៅប្រទេសបង់ក្លាដេស ត្រូវបានរៀបចំឡើងនៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ នៅទីស្នាក់ការកណ្តាល ក្រុមហ៊ុនហ្គ្រីនត្រេដ ដែលដឹកនាំដោយ ឯកឧត្តម ចាន់ សុខទី ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាប្រធានអគ្គនាយក ក្រុមហ៊ុនហ្គ្រីនត្រេដ ដោយមានការចូលរួមពីឧកញ៉ា សុង សារ៉ន ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា ឧកញ៉ា ចាន់ សុឃាំង អនុប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា និងជាប្រធានគណៈកម្មាធិការប្រតិបត្តិទទួលបន្ទុក ផ្នែកវិនិយោគ និងហិរញ្ញវត្ថុ និងលោកស្រី គឹម ស្រីរ័ត្ន អនុប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា និងជាប្រធានគណៈកម្មាធិការប្រតិបត្តិ ទទួលបន្ទុកផ្នែកទីផ្សារ និងជំរុញការនាំចេញ និង លោក លន់ យ៉េង អគ្គលេខាធិការសហព័ន្ធស្រូវអង្ករកម្ពុជា។

ដោយឡែកភាគីប្រទេសបង់ក្លាដេស ដឹកនាំដោយលោក Md. Shakhawat Hossain អគ្គនាយកផ្នែកចំណីអាហារ នៃក្រសួងចំណីអាហារ (Ministry of Food) នៃប្រទេសបង់ក្លាដេស និងសហការីចំនួន៤រូបទៀត ។

ក្នុងកិច្ចប្រជុំនោះ លោកស្រី គឹម ស្រីរ័ត្ន បានធ្វើបទបង្ហាញអំពីសក្តានុពលនៃវិស័យស្រូវអង្ករកម្ពុជា ជូនដល់គណៈប្រតិភូប្រទេសបង់ក្លាដេសរួមទាំងការរីកចំរើនលើ ហេដ្ឋារចនាសម្ព័ន្ធថ្មីៗ ដែលផ្តល់លទ្ធភាព អោយកម្ពុជាអាចនាំចេញ ក្នុងបរិមាណចាក់ធា (Breakbulk) បាន។

ភាគីទាំងពីរបានពិភាគ្សាលើការ អនុវត្តអនុស្សារណៈយោគយល់រវាងប្រទេសទាំងពីរ ដែលបានចុះហត្ថលេខារួចហើយ និងបានពិភាគ្សាលើ ប្រភេទអង្ករដែលប្រទេសបង់ក្លាដេសត្រូវការ ដែលក្នុងនោះមានអង្ករចំហុយ និងអង្ករស និងប្រភេទកិច្ចសន្យា ដែលត្រូវធ្វើការរវាងប្រទេសទាំងពីរ គឺជាទំរង់រវាងក្រុមហ៊ុនរដ្ឋ និងក្រុមហ៊ុនរដ្ឋ (Government to Government) និងពិនិត្យលទ្ធភាពអនុវត្តតាមទំរង់នៃកិច្ចសន្យារវាងក្រុមហ៊ុនរដ្ឋ និងផ្នែកឯកជន (Business to Government) ឬ កិច្ចសន្យារវាងក្រុមហ៊ុនឯកជន និងក្រុមហ៊ុនឯកជន (Business to Business) ។

ដោយឃើញសក្តានុពលសម្បូរនូវត្ថុធាតុដើមស្រូវ ភាគីប្រទេសបង់ក្លាដេស មានចំណាប់អារម្មណ៍ចង់វិនិយោគ លើរោងចក្រនៃការផលិតកែច្នៃអង្ករចំហុយនៅកម្ពជា ហើយរួចនាំចេញទៅប្រទេសបង់ក្លាដេសតែម្តង។

ពិភាក្សាអំពីលទ្ធភាព និងយន្តការលើការការដឹកជញ្ជូនភ័ស្តុភារកម្ម និងស្តង់ដារអង្ករ ដែលភាគីប្រទេសបង់ក្លាដេស មានតម្រូវការ។ ជារួមសម្រាប់កម្ពុជា គឺត្រៀមខ្លួនរួចជាស្រេចក្នុងដំណើរការ ពាណិជ្ជកម្មជាមួយប្រទេសបង់ក្លាដេស៕