(ភ្នំពេញ)៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានលើកទឹកចិត្ត និងគាំទ្ររាជរដ្ឋាភិបាលប្រទេសទាំងពីរ កម្ពុជា-ម៉ារ៉ុក ឱ្យបន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការឱ្យកាន់តែល្អប្រសើរ និងស៊ីជម្រៅ ជាពិសេសលើវិស័យ សេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ និងអប់រំជាដើម ដើម្បីនាំមកនូវឧត្តមប្រយោជន៍សម្រាប់ប្រជាជាតិទាំងសងខាង។

ការលើកទឹកចិត្តបែបនេះ របស់សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានធ្វើឡើងក្នុងឱកាសដែលសម្តេចបានជួបពិភាក្សាការងារទ្វេភាគី ជាមួយលោក រ៉ាឈីត តាលប៊ី អាឡាមី ប្រធានរដ្ឋសភា ប្រទេសម៉ារ៉ុក នាល្ងាចថ្ងៃទី២២ ខែ វិច្ឆិកា ឆ្នាំ ២០២២ នៅវិមានរដ្ឋសភា នៅក្នុងពេលដែលលោកបានដឹកនាំគណៈប្រតិភូមកចូលរួមមហាសន្និបាតអន្តរសភាអាស៊ាន លើកទី៤៣ ដែលសភាកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

លោក រ៉ាឈីត តាលប៊ី អាឡាមី បានអបអរសាទរចំពោះ សម្តេចប្រធានរដ្ឋសភា ដែលបានដឹកនាំមហាសន្និបាតអាយប៉ាទទទួលបានជោគជ័យ។

ប្រធានរដ្ឋសភាម៉ារ៉ុក បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចប្រធានរដ្ឋសភា ក៏ដូចជារដ្ឋសភាកម្ពុជា ដែលបានគាំទ្រដល់សភាម៉ារ៉ុក បានធ្វើជាសភាប្រទេសសង្កេតការណ៍ AIPA និងបានទទួលបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅដល់គណៈប្រតិភូសភាម៉ារ៉ុក។

លោក រ៉ាឈីត តាលប៊ី អាឡាមី បានលើកឡើងពីទំនាក់ទំនងដ៏ល្អរវាងប្រទេសទាំងពីរដែលមានតាំងពីយូរលុងណាស់មកហើយ។ កម្ពុជា និងម៉ារ៉ុក ជាប្រទេសរាជានិយមដូចគ្នា និងបានស្គាល់សុខទុក្ខគ្នាទៅវិញទៅមក។

ដើម្បីពង្រឹងពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការសភាប្រទេសទាំងពីរឱ្យកាន់តែរឹងមាំបន្ថែមទៀត ប្រធានរដ្ឋសភា បានគោរពអញ្ជើញ សម្តេចប្រធានរដ្ឋសភា ទៅបំពេញទស្សនកិច្ចនៅប្រទេសម៉ារ៉ុក នៅពេលវេលាសមស្របណាមួយ។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានទទួលយកការគោរពអញ្ជើញរបស់លោកប្រធានរដ្ឋសភា និងបានមានប្រសាសន៍លើកឡើងថា ដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋសភា និងគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាម៉ារ៉ុក នាពេលនេះ ពិតជាបានផ្តល់នូវកិត្តិយស សម្រាប់ប្រទេសកម្ពុជា និងឆ្លុះបញ្ចាំងឱ្យឃើញពីការបន្តពង្រឹង និងពង្រីកទំនាក់ទំនង ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសយើងទាំងពីរ កម្ពុជា-ម៉ារ៉ុក ឱ្យកាន់តែប្រសើរថែមមួយកម្រិតទៀត។

វត្តមានរបស់គណៈប្រតិភូសភាម៉ារ៉ុកនៅ ក្នុងមហាសន្និបាតអាយប៉ា លើកទី៤៣ ក្នុងនាមជាសភាសង្កេតការណ៍ បានលើកទឹកចិត្ត និងរួមចំណែកគាំទ្រដល់សភាកម្ពុជា ក្នុងអាណត្តិជាប្រធាននៃមហាសន្និបាតឱ្យបំពេញកាតព្វកិច្ចប្រកបដោយជោគជ័យ៕