(ភ្នំពេញ)៖ លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល នារសៀលថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានទទួលជួបពិភាក្សាការងារ និងទទួលអំណោយជាវែនតាម៉្ញូប ចំនួន​​ ៥,០០០ និងរថយន្ដសង្គ្រោះបន្ទាន់ ចំនួន ១គ្រឿង ពីលោក Tai Susumu កុងស៊ុលកិតិ្តយសនៃកម្ពុជាប្រចាំទីក្រុង Sendai ប្រទេសជប៉ុន និងនាយកមន្ទីរពេទ្យ Shonan Kamakura General Hospital Medical Corporation Tokushukai។

ពិធីប្រគល់ និងទទួលនេះ បានធ្វើឡើងនៅទីស្តីការក្រសួងសុខាភិបាល ដោយមានការចូលរួមពី លោក លឹម ជាវុត្ថា អគ្គនាយកបណ្ដាញព័ត៌មាន Fresh News រួមទាំងនាយកមន្ទីរពេទ្យជប៉ុនមួយចំនួនទៀត ដូចជា Siemens Healthcare K.K, Sun International Clinic, Sunrise Healthcare Service Co,Ltd និងមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនរូបទៀត។

ជាកិច្ចចាប់ផ្ដើម​ លោករដ្ឋមន្ត្រី ម៉ម ប៊ុនហេង បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់លោកកុងស៊ុលកិតិ្តយសនៃកម្ពុជា ប្រចាំទីក្រុង Sendai ប្រទេសជប៉ុន និងគណៈប្រតិភូ ដែលបានអញ្ជើញមកសម្ដែងការគួរសម និងនាំយកនូវអំណោយជាវែនតាម៉្ញូប ចំនួន៣៥០ជាដំណាក់កាលដំបូង និងផ្ដល់ជូនជាបន្ដបន្ទាប់ទៀត ដល់ក្រសួងសុខាភិបាល ដើម្បីទុកជូនប្រជាពលរដ្ឋ ដែលត្រូវការជាចាំបាច់។

ក្នុងឱកាសនោះ លោក Tai Susumu ក៏បានជម្រាបជូនដល់រដ្ឋមន្ដ្រីក្រសួងសុខាភិបាលថា «វែនតាម៉្ញូបចំនួន៣៥០ ដែលបានប្រគល់ជូនក្រសួងនៅពេលនេះ គឺជាចំនួនក្នុងគម្រោងដែលយើងនឹងផ្ដល់ជូន ចំនួន ៥,០០០វែនតា ដែលនឹងប្រគល់ជូននៅដើមឆ្នាំក្រោយនេះ ។លើសពីនេះដើម្បីជួយលើកកម្ពស់សុខុមាលភាពប្រជាជនកម្ពុជា លោកនឹងផ្ដល់រថយន្ដសង្គ្រាន់បន្ទាន់ចំនួន១គ្រឿងទៀត ដែលនឹងដឹកជញ្ជូនមកកម្ពុជានៅខែមេសា ឆ្នាំ២០២៣ខាងមុខនេះ»

ជាការឆ្លើយតបលោករដ្ឋមន្ត្រី ម៉ម ប៊ុនហេង បានថ្លែងអំណរគុណដល់លោក Tai Susumu កុងស៊ុលកិតិ្តយសនៃកម្ពុជាប្រចាំទីក្រុង Sendai ប្រទេសជប៉ុន ដែលបានបន្ដជួយដល់កម្ពុជា ជាពិសេសក្នុងវិស័យសុខាភិបាល តាមរយៈផ្ដល់ជារថយន្ដសង្គ្រោះបន្ទាន់ និងវែនតា ក៏ដូចជាសម្ភារៈវេជ្ជសាស្ត្រកន្លងមក ដើម្បីជួយដល់ប្រជាជនកម្ពុជា។

លោករដ្ឋមន្ត្រី​បានគូសបញ្ជាក់ថា សម្រាប់រថយន្ដសង្គ្រោះបន្ទាន់ និងវែនតា ដែលមកពីប្រទេសជប៉ុន គឺសុទ្ធតែរបស់ដែលមានគុណភាពខ្ពស់ មានស្តង់ដារអន្តរជាតិ និងមានការទទួល​ស្គាល់ខ្ពស់ ដែលអាចជឿទុកចិត្តបានផងដែរ៕